តម្លៃពិតជាមិនធម្មតានេះ វាស័ក្តិសមទៅនឹងលំនៅដ្ឋានបែប resort ប្រណីត មិនធ្លាប់មាននោះទេ នៅក្នុងប្រទេសកម្ពុជា ដោយសារតែគម្រោងនេះមានលក្ខណៈពិសេសដូចគ្នាទៅនឹងគម្រោង ឌឹ ផាម (The Palms) នៅប្រទេសកាតា និងសិង្ហបុរី អ៊ីចឹងដែរ ដែលសាងសង់មានសណ្ឋានរូបរាងដូចជាដើមត្នោត។
គម្រោងបុរីលំនៅដ្ឋាន The Palms ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ចម្ងាយប្រមាណ ៤គីឡូម៉ែត្រ ពីគល់ស្ពានព្រះមុនីវង្ស ដែលតភ្ជាប់រហូតដល់មាត់ទន្លេ ក្នុងភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងជាគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានដ៏ប្រណីតប្លែកពីគេ មិនធ្លាប់មាននៅកម្ពុជា ដោយមានការសហការជាមួយដៃគូវិនិយោគមកពីប្រទេសសិង្ហបុរី។
គម្រោងនេះនឹងចាប់ផ្តើមដំណើរការសាងសង់ជាផ្លូវការនៅចុងឆ្នាំនេះហើយ ដែលនឹងចំណាយទុនវិនិយោគសាងសង់ប្រមាណ ១១០លានដុល្លារអាមេរិក។ គម្រោងអភិវឌ្ឍន៍ បុរី ឌឹ ផាម នឹងមានការសាងសង់វីឡាកូនកាត់ចំនួន ២០៤វីឡា ជាលក្ខណៈបឹងកាឡូ ១៦វីឡា និងមានកន្លែងចតអូប័រ ជាពិសេស សម្រាប់អ្នកដែលទិញវីឡាបឹងកាឡូ។ ហើយវីឡាទាំងអស់សុទ្ធតែអាចមើលឃើញផ្ទៃទន្លេ ហើយផ្ទះមានជណ្តើរយន្តសម្រាប់មនុស្សចាស់ផងដែរ។
តម្លៃលំនៅដ្ឋានប្រណីត ចែកទៅតាមលំដាប់ថ្នាក់ ទំហំ និងប្រភេទ ដូចខាងក្រោមនេះ៖
- ប្រភេទ Cluster House (C1& C1A) មានទំហំ ៣១៥ម៉ែត្រការ៉េ តម្លៃចំនួន ៣៩៩,៩៩៩ ដុល្លារអាមេរិក
- ប្រភេទេ Cluster House (C2 & C2A) មានទំហំ ៣៧៧ ម៉ែត្រការ៉េ តម្លៃចំនួន ៤៤៥,៩៩៩ ដុល្លារអាមេរិក
- ប្រភេទ វីឡា (V1) មានទំហំ ៦៧៧ ម៉ែត្រការ៉េ តម្លៃចំនួន ១,១២០,០០០ ដុល្លារអាមេរិក
- ប្រភេទវីឡា (V2) មានទំហំ ៩៦៥ ម៉ែត្រការ៉េ តម្លៃចំនួន ១,២៥០,៩៩៩ ដុល្លារអាមេរិក
- ប្រភេទវីឡា (V3) មានទំហំ ១០៤៣ ម៉ែត្រការ៉េ តម្លៃចំនួន ១,២៨៧,០៦២ ដុល្លារអាមេរិក
- ប្រភេទវីឡា (V4) មានទំហំ ១០៨៦ ម៉ែត្រការ៉េ តម្លៃចំនួន ១,៣៣៩,៩៩៩ ដុល្លារអាមេរិក។
បន្ទាប់ពីទទួលបានភាពជោគជ័យនិងមានការគាំទ្រយ៉ាងខ្លាំងពីសាធារណជនដែលជាអថិតិជននៅក្នុងគម្រោងអគារលំនៅដ្ឋាន ខុនដូរខ្ពស់ៗទំនើបៗនៅក្នុងទីក្រុងភ្នំពេញកន្លងមក នៅពេលនេះដែរ លោកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន វើលប្រ៊ីដ គ្រុប កំពុងចាប់ផ្តើមគម្រោងអភិវឌ្ឍន៍បុរីលំនៅដ្ឋានដ៏ប្រណីតមួយទៀតនៅតាមមាត់ទន្លេ។
លោកឧកញ៉ាបន្តថា គម្រោង The Palms នេះ សាងសង់នៅលើផ្ទៃដីចំនួន ៣,៧ហិកតា។ គម្រោងនេះខុសប្លែកពីគម្រោងទី១ និងគម្រោងទី២ ដែលក្រុមហ៊ុន វើល ប្រ៊ីដ បានអភិវឌ្ឍសាងសង់រួចមកហើយ ដូចជា គម្រោងអគារពាណិជ្ជកម្ម និងលំនៅដ្ឋានកម្ពស់ ៤៥ជាន់ The Bridge និងអគារពាណិជ្ជកម្មលំនៅដ្ឋាន សណ្ឋាគារ ដែលមានឈ្មោះថា The Peak។ ហើយគម្រោងទាំងពីរនេះ ទទួលបានការគាំទ្រនិងមានភាពជោគជ័យយ៉ាងខ្លាំង។
មូលហេតុដែលឧកញ៉ា សៀ ឫទ្ធី សម្រេចចិត្តអភិវឌ្ឍបុរីលំនៅដ្ឋាន The Palms នៅតំបន់នោះ ដោយសារតែមើលឃើញថា តំបន់នោះមានប្រព័ន្ធហេដ្ឋារចនាសម័្ពន្ធល្អ ផ្លូវជាតិធំទូលាយ មានស្ពានពីរតភា្ជប់ និងទីតាំងអភិវឌ្ឍន៍នៅជិតមាត់ទន្លេ ដែលបង្កលក្ខណៈពិសេសសម្រាប់ការអភិវឌ្ឍគម្រោងលំនៅដ្ឋាន ឌឹ ផាម នេះ ឲ្យក្លាយជា រីស៊ត ដ៏ប្រណីត៕