កន្លងមក សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ ក៏ដូចជា រដ្ឋសមាជិកអាស៊ានដទៃទៀត បានស្នើសុំដោយផ្ទាល់ទៅរបបយោធាមីយ៉ាន់ម៉ា ឱ្យពិចារណាឡើងវិញ លើសេចក្តីសម្រេចផ្តន្ទាទោសលើជនទាំងនោះ។ ក្នុងនាមជាប្រធានអាស៊ាន កម្ពុជា បានចាត់ទុកការអនុវត្តទោសប្រហារជីវិត គឺជាទ្វើមិនអាចអត់ឱនឲ្យបានទេ។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍របស់ប្រធានអាស៊ាន នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២។
យោងតាមចុះផ្សាយរបស់កាសែត Global New Light of Myanmar នៅថ្ងៃទី២៥ កក្កដា អ្នកទាំង ៤នាក់ខាងលើ ត្រូវបានកាត់ទោសប្រហារជីវិត កាលពីខែមករា កន្លងទៅ នៅក្នុងការកាត់ក្តីបិទទ្វារមួយ ដោយចោទពួកគេថា បានជួយកងជីវពលក្នុងការប្រយុទ្ធប្រឆាំងនឹងកងទ័ពដែលបានដណ្តើមអំណាចក្នុងរដ្ឋប្រហារកាលពីឆ្នាំមុន និងបានបើកការបង្ក្រាបយ៉ាងបង្ហូរឈាមទៅលើគូប្រជែងរបស់ខ្លួន។ ការប្រហារជីវិតតាមការគ្រោងទុកនេះ បានរងការថ្កោលទោសជាអន្តរជាតិដោយអ្នកជំនាញរបស់អង្គការសហប្រជាជាតិចំនួន ២នាក់ បានហៅការកាត់ទោសនេះថាជា «ការប៉ុនប៉ងដ៏អាក្រក់ក្នុងការបង្កការភ័យខ្លាច»ដល់ប្រជាពលរដ្ឋមីយ៉ាន់ម៉ា។
ជុំវិញបញ្ហានេះដែរ ត្រូវបានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំនេះ បានបង្ហាញនូវការខកចិត្តយ៉ាងខ្លាំង ចំពោះទង្វើរបស់របបយោធាមីយ៉ាន់ម៉ា ខណៈកាលពីកន្លងទៅ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ ក៏ធ្លាប់បានសរសេរលិខិតផ្ញើជូនលោកឧត្តមសនីយជាន់ខ្ពស់ មីន អោងឡាំង ពីផលមិនល្អចំពោះការអនុវត្តទោសប្រហារជីវិតនៅមីយ៉ាន់ម៉ា ផងដែរ។
សេចក្ដីថ្លែងការណ៍របស់ប្រធានអាស៊ាន នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ បានគូសបញ្ជាក់យ៉ាងដូច្នេះ «អាស៊ាន សូមបរិហារ និងមានការខកចិត្តយ៉ាងក្រៃលែង ចំពោះការប្រហារជីវិតសកម្មជន បក្សប្រឆាំងចំនួន ៤រូប រួមមាន លោក ភ្យូ ហ្សេយ៉ា ថរ, លោក ក្សរមីនយូ, លោក ឡា មីយូ អោង និងលោក អោង ធូរ៉ា ហ្ស បើទោះបីជា មានការស្នើសុំឲ្យពិចារណាឡើងវិញ សេចក្ដីសម្រេចផ្តន្ទាទោសលើជនទាំងនោះ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ក៏ដូចជារដ្ឋជាសមាជិកអាស៊ានដទៃទៀតយ៉ាងណាក្ដី»។
ប្រធានអាស៊ាន បានចាត់ទុកការអនុវត្តទោសប្រហារជីវិត តែមួយសប្ដាហ៍មុនកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ គឺជាទង្វើរមិនអាចអត់ឱនបាន ដែលសបញ្ជាក់ច្បាស់ពីកង្វះឆន្ទៈគាំទ្រកិច្ចខិតខំប្រឹងប្រែង ជាពិសេសរបស់ប្រធានអាស៊ាន ក្នុងការជួយពន្លឿនវឌ្ឍនភាពនៃការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុច ពោលគឺការកសាងភាពជឿជាក់ និងទំនុកចិត្ត ដើម្បីឲ្យធ្វើមានកិច្ចសន្ទនា ក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ សំដៅបញ្ចប់អំពើហិង្សា និងសម្រាលទុក្ខវេទនារបស់ប្រជាជនស្លូតត្រង់។
យោងតាមការចុះផ្សាយរបស់កាសែត Global New Light of Myanmar បាននិយាយថា សកម្មជនបក្សប្រឆាំងទាំង ៤នាក់នោះ ត្រូវបានចោទប្រកាន់ក្រោមច្បាប់ប្រឆាំងភេរវកម្ម និងក្រមព្រហ្មទណ្ឌ ហើយការកាត់ទោសនេះ ត្រូវបានអនុវត្តតាមនីតិវិធីពន្ធនាគារដោយមិនបានបញ្ជាក់លម្អិតនោះទេ។ ដោយឡែក បើតាមការបញ្ជាក់របស់ក្រុមសិទ្ធិមនុស្ស AAPP ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានអនុវត្តទោសប្រហារជីវិតចុងក្រោយ នៅអំឡុងទស្សវត្សរ៍ឆ្នាំ១៩៨០។ ខណៈទោសប្រហារជីវិតនៅមីយ៉ាន់ម៉ា ត្រូវបានធ្វើឡើងតាមរយៈការព្យួរក។ យ៉ាងមិញ មកទល់ពេលនេះ មនុស្សច្រើនជាង ២១០០នាក់ ត្រូវបានសម្លាប់ ចាប់តាំងពីមានរដ្ឋប្រហារយោធា នៅក្នុងខែកុម្ភៈ ឆ្នាំ២០២១ ខណៈអ្នកជាប់ឃុំមានជាច្រើនពាន់នាក់។
យ៉ាងណាក៏ដោយ អាស៊ាននៅតែប្រកាន់ខ្ជាប់គោលការណ៍ ដែលមានចែងក្នុងធម្មនុញ្ញអាស៊ាន និងកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុច។ ក្នុងនាមប្រធានអាស៊ាន កម្ពុជាក៏បានលើកបន្ទរនូវសម្លេងដ៏លើសលុបក្នុងមជ្ឈដ្ឋានអាស៊ាន និងសហគមន៍អន្តរជាតិ ដែលជំរុញឲ្យអាជ្ញាធរទីក្រុងណៃពិដោ ចាត់វិធានការជាក់ស្ដែង ដើម្បី អនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទទាំង៥ចំណុច ឲ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព។ ក្នុងនាមជាប្រធានអាស៊ាន កម្ពុជា នៅតែអំពាវនាវដល់ភាគីទាំងអស់ឲ្យចៀសវាងនូវសកម្មភាពទាំងឡាយណា ដែលធ្វើឲ្យវិបត្តិនៅមីយ៉ាន់ម៉ា កាន់តែធ្លាក់ដុនដាប រារាំងដល់ការសន្ទនា ដោយសន្តិវិធី ក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ និងបង្កគ្រោះថ្នាក់ដល់សន្តិភាព សន្តិសុខ និងស្ថិរភាព ទាំងនៅមីយ៉ាន់ម៉ា និងក្នុងតំបន់ទាំងមូល។ ជាមួយគ្នានេះ អាស៊ាននៅតែតាំងចិត្តបន្តរិះរកវិធីសាស្ត្រជួយមីយ៉ាន់ម៉ា ឲ្យត្រឡប់ទៅរកប្រក្រតីភាព និងដំណើរការកែប្រែទៅរកលទ្ធិប្រជាធិបតេយ្យ ហើយស្វែងរកដំណោះស្រាយនយោបាយដោយសន្តិវិធីចំពោះ វិបត្តិបច្ចុប្បន្ន តាមរយៈកិច្ចសន្ទនាប្រកបដោយបរិយាប័ន្ន៕