តម្លៃប្រេងឆៅបានឡើងដល់កម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ ២០១៤មក ហើយបើគិតត្រឹមថ្ងៃពុធសប្ដាហ៍នេះ តម្លៃប្រេងឆៅនៅទីផ្សារអង់គ្លេសបានកើនដល់ ៩៩ ដុល្លារ ៨៤ សេនហើយ ក្នុងមួយធុងបារ៉ែល កើនឡើងប្រហែល ១,៥% នៅបន្ទាប់ពីទីក្រុងម៉ូស្គូបានបញ្ជាឱ្យកងទ័ពចូលទៅក្នុងតំបន់ផ្ដាច់ខ្លួនចំនួនពីរនៅភាគខាងកើតក្នុងប្រទេសអ៊ុយក្រែន។ ជាមួយគ្នានេះដែរ តម្លៃប្រេងឆៅនៅអាមេរិកវិញក៏បានកើនឡើង ១,៤%បន្ថែមទៀតដែរ នាំឲ្យតម្លៃប្រេង ១ធុងបារ៉ែលកើនដល់៩២ដុល្លារ៣៥សេន។
ធនាគារកណ្តាលអាមេរិកព្យាករថា តម្លៃប្រេងឆៅនឹងឡើងដល់ ១២០ ដុល្លារ ក្នុងមួយបារ៉ែលនៅពាក់កណ្តាលឆ្នាំ ២០២២ ហើយតម្រូវការក្នុងទីផ្សារត្រូវបានព្យាករណ៍ថា នឹងកើនឡើងជិត ៤ លានបារ៉ែលក្នុងមួយថ្ងៃ។
ទោះជាយ៉ាងនេះក្តី អ្នកវិភាគរបស់ធនាគារកណ្តាលអាមេរិកបានកត់សម្គាល់ថា កិច្ចព្រមព្រៀងនុយក្លេអ៊ែរដ៏មានសក្តានុពលជាមួយអ៊ីរ៉ង់ និងការបន្ធូរបន្ថយទណ្ឌកម្ម នឹងជួយឲ្យតម្លៃប្រេងឆៅធ្លាក់ចុះយ៉ាងឆាប់រហ័សត្រឡប់មកវិញ។ ក្នុងនោះ អ្នកវិភាគជឿជាក់ថា តម្លៃប្រេងឆៅមានតម្លៃជាមធ្យមពី ៦០ ទៅ ៨០ ដុល្លារក្នុងមួយបារ៉ែល ដើម្បីរក្សាទីផ្សារប្រេងពិភពលោកឱ្យមានតុល្យភាពរហូតដល់ឆ្នាំ ២០២៧។
សូមបញ្ជាក់ថា បញ្ហាវិបត្តិរុស្ស៊ី និងអ៊ុយក្រែននេះ មិនត្រឹមតែកំពុងធ្វើឲ្យតម្លៃប្រេងឆៅពិភពលោកហក់ឡើងទេ ប៉ុន្ដែ តម្លៃមាសក៏មានការកើនឡើងផងដែរនៅប៉ុន្មានថ្ងៃចុងក្រោយ។ ដោយឡែក ទីផ្សារភាគហ៊ុនពិភពលោកវិញ ក៏មានការរង្គោះរង្គើគួរឲ្យកត់សម្គាល់ផងដែរ៕
អត្ថបទ វ៉ាន់ ស្រីរ័ត្ន