
សភាពាណិជ្ជកម្មថៃ ស្នើឱ្យរដ្ឋាភិបាលបង្កើតការិយាល័យគ្រប់គ្រងវិបត្តិ ដើម្បីដោះស្រាយការគំរាមកំហែងផ្នែកពន្ធ ដែលអាចនឹងកើតមានឡើងលើទំនិញរបស់ថៃ ក្រោមរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ។ ការស្នើនេះធ្វើឡើងក្រោយសភាពាណិជ្ជកម្មថៃ មានការព្រួយបារម្ភថា ប្រសិនបើសហរដ្ឋអាម៉េរិក កំណត់ពន្ធលើទំនិញថៃ នោះវាអាចនឹងជះផលប៉ះពាល់ ក៏ដូចជាទាញទម្លាក់កំណើនសេដ្ឋកិច្ចថៃ ដែលកំពុងទាបស្រាប់ហើយនោះឲ្យកាន់តែទាបបន្ថែមទៀត។
លោក សាណាន់ អានងូបូគុល (Sanan Angubolkul) ប្រធានសភា និងក្រុមប្រឹក្សាពាណិជ្ជកម្មថៃ បាននិយាយថា វិស័យឯកជនបានស្នើឱ្យរដ្ឋាភិបាលបង្កើតក្រុមការងារពិសេសមួយ ដែលដឹកនាំដោយនាយករដ្ឋមន្ត្រី ជាមួយនឹងតំណាងទាំងសាធារណៈ និងឯកជន ដើម្បីបង្កើតយុទ្ធសាស្រ្តត្រៀមឆ្លើយតបនឹងការផ្លាស់ប្តូរគោលនយោបាយពាណិជ្ជកម្មរបស់សហរដ្ឋអាម៉េរិក។ លោកជឿជាក់ថា ពន្ធនាំចូលរបស់សហរដ្ឋអាម៉េរិក ត្រូវបានគេរំពឹងថា នឹងបង្ខំឱ្យប្រទេសជាច្រើនផ្លាស់ប្តូរទៅកាន់ទីផ្សារថ្មី ជាពិសេសអាស៊ីអាគ្នេយ៍សម្រាប់ផលិតផលអេឡិចត្រូនិក គ្រឿងអគ្គិសនី យានយន្ត ទំនិញឧស្សាហកម្ម ផលិតផលប្រើប្រាស់ និងផលិតផលកសិកម្ម និងម្ហូបអាហារ។
ជាមួយគ្នានេះលោក សាណាន់ យល់ឃើញថា វាជារឿងចាំបាច់ណាស់ ដែលរដ្ឋាភិបាលគួរអនុវត្តវិធានការតឹងរ៉ឹងទាក់ទងនឹងការនាំចូលទំនិញមានគុណភាពទាប និងមានតម្លៃថោក ព្រោះវាអាចគំរាមកំហែងដល់ការប្រកួតប្រជែងដោយយុត្តិធម៌នៅក្នុងស្រុក។ លោកបានបន្តថា បញ្ហាវាកំពុងលេចចេញនៅតាមទីផ្សារក្នុងស្រុករួចហើយ ដូច្នេះការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹង គួរតែត្រូវបានអនុវត្តដោយផ្តោតលើទំនិញរត់ពន្ធ ក៏ដូចជាការស៊ើបអង្កេតលើទំនិញដែលមានតម្លៃទាបខុសពីធម្មតា ដើម្បីទប់ស្កាត់កុំឱ្យផលិតផលទាំងនោះក្លាយជាសំរាមសម្រាប់ប្រទេសថៃ។
ដោយឡែក លោក ប៉ុល អារ៉ាមវ៉ាតាណានុន (Poj Aramwattananont) ពាណិជ្ជករថៃមួយរូបបានអះអាងថា ថៃគួរតែស្វែងរកការបង្កើនការនាំចូលទំនិញពីសហរដ្ឋអាម៉េរិក ជាពិសេសផលិតផលកសិកម្ម អាហារ និងថាមពល ដើម្បីកាត់បន្ថយសម្ពាធសមតុល្យពាណិជ្ជកម្ម។ បន្ថែមលើនេះ លោកស្នើឱ្យរដ្ឋាភិបាលថៃ ផ្តោតលើការប្រមូល និងវិភាគទិន្នន័យ ស្តីពីឱនភាពពាណិជ្ជកម្មសេវាកម្ម ដូចជាសេវាឌីជីថល ថ្លៃគ្រប់គ្រង ថ្លៃសួយសារ ធនាគារ ធានារ៉ាប់រង ការអប់រំ និងសិទ្ធិផ្តាច់មុខ។
គិតត្រឹមឆ្នាំ២០២៤ ថៃ ជាប្រទេសមានអតិរេកពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិក លំដាប់ទី១១ ដែលមានតម្លៃប្រមាណ៤៥,៦ពាន់លានដុល្លារ។ ហើយប្រសិនបើអាម៉េរិក ពិតជាដំឡើងពន្ធលើទំនិញរបស់ថៃ មែននោះ អាចធ្វើឲ្យថៃ ខាតបង់សេដ្ឋកិច្ចប្រមាណជា៤,៥ពាន់លានដុល្លារ រីឯអត្រា GDP អាចធ្លាក់ចុះ០,៧% ដែលនាំឱ្យកំណើនសេដ្ឋកិច្ចថៃ អាចសម្រេចបានពី២,៣% ទៅ២,៥% ប៉ុណ្ណោះ នៅឆ្នាំនេះ៕
ដោយៈ សរ សុជាតិ