វិស័យឯកជនបានរួមចំណែកស្ទើតែ១០០% នៃ GDP សរុប

ឯកឧត្តម វង្សី វិស្សុត អះអាងថា វិស័យឯកជនបានរួមចំណែកស្ទើរទាំងស្រុងក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ


ថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានអះអាងថា វិស័យឯកជនបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការជំរុញកំណើនសេដ្ឋកិច្ច ពោលគឺក្នុងមួយឆ្នាំៗ វិស័យឯកជន បានបង្កើតឱកាសការងារយ៉ាងច្រើនកន្លែងសម្រាប់ប្រជាពលរដ្ឋកម្ពុជា ជាមួយការរួមចំណែកស្ទើតែទាំងស្រុងនៃ GDP សរុប។ កត្តានេះហើយ ទើបធ្វើឲ្យរាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជំរុញការលើកទឹកចិត្តដល់សហគ្រិនខ្មែរជាបន្តបន្ទាប់ ក្នុងគោលបំណងពង្រឹងសមត្ថភាព និងពង្រីកអាជីវកម្មរបស់ពួកគេឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។
ឯកឧត្តម វង្សី វិស្សុតអះអាងថា វិស័យឯកជនបានរួមចំណែកស្ទើរទាំងស្រុងក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ

ថ្លែងក្នុងពិធីប្រគល់កញ្ចប់ជំនួយសហគ្រិនខ្មែរ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបង្ហាញនូវសក្ដានុពល និងការរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់វិស័យឯកជន។ ជាក់ស្តែងនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសស្ថិតក្នុងស្ថានភាពដែលសេដ្ឋកិច្ចពិភពលោកបាននិងកំពុងរងឥទ្ធិពលនៃវិបត្តិសកលនានា សេដ្ឋកិច្ចកម្ពុជា នៅតែរក្សាបាននូវកំណើនយ៉ាងរឹងមាំ ព្រោះមានការរួមចំណែកជួយពីវិស័យឯកជន។ កត្តានេះហើយទើបធ្វើឲ្យប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុក និងយកចិត្តទុកដាក់ខ្ពស់លើវិស័យឯកជន ជាពិសេសវិស័យសហគ្រាសខ្នាតតូច និងមធ្យម ខណៈវិស័យទាំងពីរនេះ សុទ្ធតែបានរួមចំណែកយ៉ាងសំខាន់ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ។ បើតាមឯកឧត្តម វង្សី វិស្សុត វិស័យឯកជនបានបង្កើតការងារយ៉ាងច្រើនជូនប្រជាពលរដ្ឋ បង្កើនប្រសិទ្ធិភាព និងតម្លៃបន្ថែម ក៏ដូចជារួមចំណែកស្ទើតែ១០០% នៃផលិតផលក្នុងស្រុកសរុប។ ដោយឡែក វិស័យ SME វិញបានចំណែកប្រមាណជាង៦០% នៃផលិតផលក្នុងស្រុកសរុប ថែមទាំងបានបង្កើតការងារប្រមាណ៧០% ឯណោះនៅក្នុងសេដ្ឋកិច្ចជាតិ។ លើសពីនេះវិស័យ SME ក៏បានចូលរួមបង់ពន្ធ ដែលជាប្រភពថវិការដ្ឋប្រមាណ១៥% នៃចំណូលពន្ធដារក្នុងមួយឆ្នាំៗ និងមានចំណែកប្រមាណ១០% ក្នុងការនាំចេញទំនិញកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិផងដែរ។

ទន្ទឹមនឹងវិស័យឯកជនត្រូវបានយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច ឯកឧត្តម វង្សី វិស្សុត ក៏បានលើកទឹកចិត្តដល់សហគ្រិនខ្មែរទាំងអស់ បន្តពង្រឹងសមត្ថភាពជាប្រចាំ ពង្រីកសក្ដានុពលបន្ថែម និងជំរុញការប្រកួតប្រជែង។ ឯកឧត្តមបន្តថា រាជរដ្ឋាភិបាល ក៏ចង់ឃើញសហគ្រាសធុនមធ្យមរីកចម្រើនលូតលាស់អភិវឌ្ឍន៍ខ្លួនទៅជាសហគ្រាសធុនធំ ព្រមទាំងចង់ឃើញសហគ្រាសទាំងនោះ ជួយបង្កើនតម្លៃបន្ថែមឱ្យបានកាន់តែច្រើន ក្នុងសេដ្ឋកិច្ចជាតិ និងបង្កើនសមត្ថភាពប្រកួតប្រជែងឱ្យកាន់តែខ្លាំងក្លាថែមទៀត។

សូមបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីនរថភ្លើងនៃកំណើនសេដ្ឋកិច្ចជាតិ ខណៈវិស័យនេះ បានរួមចំណែកជិត៧៩ភាគរយ តាមរយៈការផ្ដល់ការងារជូនប្រជាជន និងចំណូលពន្ធជូនរដ្ឋ។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ធ្លាប់បានអះអាងថា កាលណាវិស័យឯកជនមានការរីកចម្រើន សេដ្ឋកិច្ចជាតិ ក៏មានការរីកចម្រើនដូចគ្នា តាមរយៈការបង្កើនឱកាសការងារជូនប្រជាជនកាន់តែច្រើន ខណៈការបង់ពន្ធនឹងកាន់តែកើនខ្ពស់។ មិនតែប៉ុណ្ណោះ វាក៏ជាការជួយទ្រទ្រង់ដល់ការចំណាយរបស់រាជរដ្ឋាភិបាលថែមទៀតផង។ យ៉ាងណាមិញ ដើម្បីជំរុញវិស័យឯកជន និងពង្រឹងការប្រមូលចំណូលពន្ធឲ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ថា បច្ចុប្បន្ន រាជរដ្ឋាភិបាលកំពុងបន្តធ្វើការកែទម្រង់ក្នុងវិស័យសេដ្ឋកិច្ចឲ្យមានភាពពេញលេញ ខណៈកន្លងមកនៅខ្វះលិខិតបទដ្ឋានគតិយុត្តមួយចំនួនសម្រាប់អង្គការពាណិជ្ជកម្មពិភពលោក៕




អត្ថបទបន្ទាប់


ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីអាមេរិក Tesla នឹងបោះទុនវិនិយោគនៅឥណ្ឌានាពេលឆាប់ៗនេះ

ព័ត៌មាន
នាយកប្រតិបត្តិក្រុមហ៊ុន ថេស្លា (Tesla) លោក អេឡុន ម៉ាស (Elon Musk) បាននិយាយកាលពីថ្ងៃអង្គារ ទី២០ ខែមិថុនាថា លោករំពឹងថា ក្រុមហ៊ុនផលិតរ…

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ មេហ្គាវើល បោះទុនជាង ៦ពាន់លានដុល្លារលើគម្រោងអចលនទ្រព្យនៅហ្វីលីពិន

ព័ត៌មាន
ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំនៅហ្វីលីពីន គឺក្រុមហ៊ុនមេហ្គាវើល ( Megaworld ) បានប្រកាសថា ខ្លួននឹងវិនិយោគតម្លៃជិត ៦ ៣០០ លានដុល្លារដើម្ប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ