បញ្ហាអគារជាប់គាំងនៅព្រះសីហនុមិនទាន់អាចរកច្រកចេញបាននៅឡើយទេ!

បញ្ហាអគារជាប់គាំងនៅព្រះសីហនុមិនទាន់អាចរកច្រកចេញបាននៅឡើយទេ ទោះបានឆ្លងកាត់កិច្ចប្រជុំអន្តរក្រសួង២លើករួចហើយក្ដី


បញ្ហាអគារជាប់គាំងនៅខេត្តព្រះសីហនុមិនទាន់អាចកំណត់យន្តការជាក់លាក់ក្នុងការដោះស្រាយបាននៅឡើយទេ បើទោះបីគណៈកម្មការអន្តរក្រសួងបានជួបប្រជុំគ្នាពីរលើកកន្លងមកក្តី។ បើតាមការគូសបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់របស់រដ្ឋបាលខេត្តព្រះសីហនុ កិច្ចប្រជុំពីរលើកកន្លងមកនេះ គណៈកម្មការអន្តរក្រសួងទទួលបានធាតុចូលសំខាន់ៗជាច្រើន ហើយគណៈកម្មការនេះនឹងវេចខ្ចប់ធាតុចូលទាំងនោះធ្វើជាសេចក្តីព្រាងយន្តការ ដើម្បីដាក់ជូនគណៈកម្មការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងពេលឆាប់ៗខាងមុខនេះ។
បញ្ហាអគារជាប់គាំងនៅព្រះសីហនុមិនទាន់អាចរកច្រកចេញបាននៅឡើយទេ ទោះបានឆ្លងកាត់កិច្ចប្រជុំអន្តរក្រសួង២លើករួចហើយក្ដី

គណៈកម្មការអន្តរក្រសួងទទួលបន្ទុកដោះស្រាយបញ្ហាអគារជាប់គាំងនៅខេត្តព្រះសីហនុអាចនឹងជួបពិភាក្សាគ្នាជាបន្តទៀត ប្រសិនធាតុចូលទាំងនោះមិនទាន់គ្រប់គ្រាន់។ បញ្ហាអគារជាប់គាំងក្នុងរង្វង់ប៉ាន់ស្មានប្រមាណ១ពាន់អគារនៅខេត្តព្រះសីហនុ កំពុងក្លាយជារូបភាពអវិជ្ជមានក្នុងការទាក់ទាញវិនិយោគិនជាតិ និងអន្តរជាតិឲ្យមកបោះទុនវិនិយោគក្នុងវិស័យអចលនទ្រព្យនៅខេត្តជាប់មាត់សមុទ្រមួយនេះ។

បើតាមការគូសបញ្ជាក់របស់ឯកឧត្តម ឡុង ឌីម៉ង់ អភិបាលរង និងជាអ្នកនាំពាក្យខេត្តព្រះសីហនុ បញ្ហាអគារជាប់គាំងនៅខេត្តព្រះសីហនុមិនទាន់អាចកំណត់យន្តការ ឬគោលនយោបាយក្នុងការដោះស្រាយបបាននៅឡើយទេ បើទោះបីគណៈកម្មការអន្តរក្រសួងទទួលបន្ទុកដោះស្រាយបញ្ហានេះ បានជួបពិភាក្សាគ្នាពីរលើករួចមកហើយក្តី។ មន្ត្រីជាន់ខ្ពស់រូបនេះអះអាងថា ការជួបពិភាក្សាគ្នាពីរលើកកន្លងមកនេះ គឺគ្រាន់តែដើម្បីសិក្សាមូលហេតុ និងស្តាប់មតិលើកឡើងរបស់ភាគីពាក់ព័ន្ធ ដើម្បីធ្វើជាធាតុចូលសម្រាប់រៀបចំយន្តការ ឬគោលនយោបាយក្នុងការដោះស្រាយបញ្ហាតែប៉ុណ្ណោះ។ បើតាមអ្នកនាំពាក្យរូបនេះ គណៈកម្មការអន្តរក្រសួងនឹងប្រមូលធាតុចូលទាំងនោះមកវេចខ្ចប់ធ្វើជាយន្តការ ឬគោលនយោបាយព្រាង ហើយបន្ទាប់មកដាក់ជូនគណៈកម្មការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីត្រួតពិនិត្យ និងកែតម្រូវ មុនដាក់ជូនប្រមុខរាជរដ្ឋាភិបាលត្រួតពនិត្យសម្រេចចុងក្រោយ។

បើទោះបីមកទល់ពេលនេះ គណៈកម្មការអន្តរក្រសួងមិនទាន់អាចបញ្ជាក់ពីយន្តការ ឬគោលនយោបាយដែលត្រូវប្រើក្នុងការដោះស្រាយបញ្ហានេះក៏ដោយ តែបើការបញ្ជាក់របស់ឯកឧត្តម ឡុង ឌីម៉ង់ ការដោះស្រាយបញ្ហាអគារជាប់គាំងនៅខេត្តព្រះសីហនុ រាជរដ្ឋាភិបាលនឹងប្រើយន្តការ និងគោលនយោបាយលើកទឹកចិត្តផ្នែកពន្ធដារ និងមិនមែនពន្ធ ដើម្បីដោះស្រាយបញ្ហាចាក់ស្រេះមួយនេះ។ ពាក់ព័ន្ធមូលហេតុដែលធ្វើឲ្យការដោះស្រាយមិនទាន់អាចរកច្រកចេញបាន គឺដោយសារភាគីម្ចាស់ទីតាំង និងក្រុមហ៊ុនមកអភិវឌ្ឍន៍ខ្វះការសម្បទានឲ្យគ្នាទៅវិញទៅមក ដែលអាចមកពីការមិនយល់ច្បាស់ពីស្ថានភាពសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន។

បើតាមការគូសបញ្ជាក់របស់ឯកឧត្តម ឡុង ឌីម៉ង់ មកទល់ពេលនេះគណៈកម្មការអន្តរក្រសួងដោះស្រាយបញ្ហាអគារជាប់គាំងនៅខេត្តព្រះសីហនុមិនទាន់បានកំណត់ជាក់លាក់ពីចំនួនអគារ ដែលបានជាប់គាំងការអភិវឌ្ឍនៅខេត្តជាប់មាត់សមុទ្រមួយនេះនោះទេ។ ប៉ុន្តែបើតាមការវាយតម្លៃក្រៅផ្លូវការ អគារជាប់គាំងនៅខេត្តព្រះសីហនុអាចមានក្នុងរង្វង់ប្រមាណ១ពាន់អគារ ដែលការជាប់គាំងភាគច្រើនដោយសារអ្នកអភិវឌ្ឍន៍ ដែលភាគច្រើនជាជនជាតិចិនបានបោះបង់ការសាងសង់ ក្រោយរាជរដ្ឋាភិបាលបិទហ្គេមអនឡាញ គួបផ្សំវិបត្តិកូវីដ-១៩ និងបញ្ហាជម្លោះពាណិជ្ជកម្មរវាងអាមេរិក និងចិន និងវិបត្តិសង្គ្រាមនៅអ៊ុយក្រែនជាដើម។ អគារជាប់គាំងទាំងនេះបាននិងកំពុងក្លាយជារូបភាពអវិជ្ជមានមួយសម្រាប់ខេត្តជាប់មាត់សមុទ្រមួយនេះក្នុងការទាក់ទាញការវិនិយោគក្នុងស្រុក និងក្រៅស្រុក ក៏ដូចជាអាចធ្វើឲ្យប៉ះពាល់ដល់ផែនការក្នុងការប្រែក្លាយខេត្តនេះឲ្យក្លាយជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងនាអនាគតដ៏ខ្លីខាងមុខ៕




អត្ថបទបន្ទាប់


ក្រសួងការបរទេស៖ កម្ពុជានឹងបន្តអនុវត្តនយោបាយការបរទេសឯករាជ្យ និងផ្អែកលើច្បាប់ ដើម្បីជំរុញទំនាក់ទំនងសេដ្ឋកិច្ច

ព័ត៌មាន
ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានគូបញ្ជាក់ថា ក្នុងរយៈពេល ៥ឆ្នាំ ចុងក្រោយនេះ ព…

កម្ពុជាសម្រេចបានការនាំចេញគ្រឿងបង្គុំ និងសម្ភារៈអគ្គិសនីជិត ២ពាន់លានដុល្លារ នៅឆ្នាំ២០២២

ព័ត៌មាន
ការនាំចេញទំនិញសំខាន់ៗ របស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ នៅតែរក្សាបានកំណើនជាវិជ្ជមាន នៅក្នុងឆ្នាំ២០២២ ជាពិសេសកំណើននៃការនាំចេញគ្រឿងអគ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ