សិក្ខាសាលានេះបានរៀបចំឡើង ក្រោមអធិបតីភាពរបស់ឯកឧត្ដមបណ្ឌិត យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គ-លេខាធិការរង នៃ អ.គ.ហ. តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយក- រដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ អម ដោយ ឯកឧត្តម អ៊ុំ យុទ្ធី នាយករដ្ឋបាល ហិរញ្ញវត្ថុ និង ត្រួតពិនិត្យនិងវាយតម្លៃ នៃ អ.គ.ហ.។
សិក្ខាសាលានេះ មានការចូលរួមពីតំណាងក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួង ស្ថាប័ន សរុបប្រមាណ១២០ រូប។ ការវាយតម្លៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួង ស្ថាប័នត្រូវបានរៀបចំឡើង ស្របតាមការចង្អុលបង្ហាញរបស់គណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (គ.ហ.ស.) ក្នុងនោះមានគោល-បំណងគន្លឹះៗ ដូចតទៅ៖
ទី១-ដើម្បីកំណត់បាននូវភាពខ្លាំង និងភាពខ្សោយជារួមនៃប្រព័ន្ធហិរញ្ញវត្ថុសាធារណៈកម្ពុជាធៀបនឹងក្របខ័ណ្ឌដែលជាឧត្តមានុវត្តន៍អន្តរជាតិ។
ទី២-ដើម្បីពង្រឹងភាពជាម្ចាស់ និងសមត្ថភាពរបស់ក្រសួង ស្ថាប័ន ដែលជាស្ថាប័នអនុវត្តថវិកាអាចពង្រឹងសមត្ថភាពជាបណ្តើរៗលើយន្តការវាយតម្លៃ និងអាចកំណត់បាននូវ៖ (១). ស្ថានភាពនៃប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួង ស្ថាប័នសាមី; និង (២). លំដាប់អាទិភាព និង ភាពប្រទាក់ក្រឡាគ្នា នៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
ពិតណាស់, ក្របខ័ណ្ឌវាយតម្លៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់ក្រសួង ស្ថាប័ននេះ គឺរួមបញ្ចូលនូវរបាយការណ៍សមិទ្ធកម្ម ឬលទ្ធផល ដែលផ្តល់នូវទិដ្ឋភាពទូទៅ នៃប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និងការវាស់វែងផ្អែកលើ ភស្តុតាងដោយប្រៀបធៀបនឹងលក្ខខណ្ឌវិនិច្ឆ័យ នៃសូចនាករសមិទ្ធកម្មចំនួន ២៤ និងសមាសធាតុចំនួន ៥៥ ក្នុងសសរស្តម្ភទាំង៧។ លទ្ធផល នៃការវាយតម្លៃតាមរយៈការប្រើប្រាស់ក្របខ័ណ្ឌវាយតម្លៃនេះ នឹងឆ្លុះបញ្ចាំងនូវកម្មវិបាកសម្រាប់ រួមចំណែកដល់ការអនុវត្តប្រព័ន្ធទាំងមូល និងសម្រេចបានលទ្ធផលចុងក្រោយ នៃថវិកា ទាំង៣ ជាអាទិ៍ រួមមាន៖ ទី១- បូរណភាព នៃការគោរពវិន័យហិរញ្ញវត្ថុសាធារណៈ, ទី២- ប្រសិទ្ធភាព នៃថវិកា ទាំងក្នុងផ្នែកវិភាជន៍ និង, ទាំងក្នុងផ្នែកប្រតិបត្តិការ និង ទី៣- ស័ក្តិសិទ្ធិភាព នៃការផ្តល់សេវាសាធារណៈ។
ជាក់ស្តែង, កាលពីអំឡុងឆ្នាំ២០២៤ - ឆ្នាំ២០២៥ កន្លងទៅនេះ គ.ហ.ស. បានជ្រើរើសក្រសួងចំនួន ៦ ដើម្បីធ្វើការវាយតម្លៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងនោះរួមមាន៖ (១) ក្រសួងអប់រំ យុវជន និងកីឡា និង(២) ក្រសួងសុខាភិបាល, (៣) ក្រសួងសាធារណការនិងដឹកជញ្ជូន, (៤) ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, (៥) ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, និង (៦) ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ សម្រាប់ឆ្នាំ២០២៦នេះ, គ.ហ.ស. សម្រេចបន្ថែមក្រសួងចំនួន៦ ដើម្បីចូលរួមការវាយតម្លៃនេះ រួមមាន៖ (១) ក្រសួងឧស្សាហកម្ម វិទ្យសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, (២) ក្រសួងពាណិជ្ជកម្ម, (៣) ក្រសួងទេសចរណ៍, (៤) ក្រសួងបរិស្ថាន, (៥) ក្រសួងអភិវឌ្ឍន៍ជនបទ, និង (៦)ក្រសួងរ៉ែ និងថាមពល។
ឯកឧត្ដមបណ្ឌិត យ៉េត វីណែល បានគូសបញ្ជាក់ និងសង្កត់ធ្ងន់ថា សមិទ្ធផលនៃការកែទម្រង់ហិរញ្ញវត្ថុ សាធារណៈ រយៈពេល ២ ទស្សវត្សកន្លងមកនេះ គឺបានផ្តល់នូវភាពប្រសើរឡើងយ៉ាងច្រើននៅក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងបានរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ គ.ហ.ស. បានអនុវត្តតាមអភិក្រម “ខឿន” ដោយ បែងចែកជាខឿនចំនួន៤ ក្នុងនោះរួមមាន ខឿនទី១ “ភាពជឿទុកចិត្តនៃថវិកា” ខឿនទី២ “គណនេយ្យភាពហិរញ្ញវត្ថុ” ខឿនទី៣ “ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ” និងខឿនទី៤ “គណនេយ្យភាពសមិទ្ធកម្ម”។ ជារួម, គ.ហ.ស. គឺនៅតែប្តេជ្ញាយ៉ាងមុតមាំដើម្បីជំរុញការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឱ្យសម្រេចជោគជ័យ ក្នុងការ កសាងនូវភាពជឿទុកចិត្តនៃថវិកា, គណនេយ្យភាពហិរញ្ញវត្ថុ, ការភ្ជាប់ថវិកាទៅនឹងគោលនយោបាយ និងគណនេយ្យភាពសមិទ្ធកម្ម ក្នុងគោលបំណងដើម្បីធានាប្រសិទ្ធភាព, តម្លាភាព, គណនេយ្យភាព, និងចីរភាពនៃការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ ក្នុងការទ្រទ្រង់ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច, កំណើនសេដ្ឋកិច្ច, និង សមធម៌សង្គម។