វិស័យបរធនបាល

បរធនបាលកិច្ចរំពឹងទទួលបានក្រុមហ៊ុនចុះបញ្ជីថ្មីចំនួន៦ និងរំពឹងទំហំប្រតិបត្តិការកើនឡើងបន្ថែមទៀតនៅឆ្នាំនេះ


ថ្នាក់ដឹកនាំនិយ័តករបរធនបាលកិច្ចអះអាងថា ទោះបីបរធនបាលកិច្ចជាវិស័យថ្មីមួយសម្រាប់កម្ពុជា តែ វិស័យនេះបានរីកចម្រើនយ៉ាងឆាប់រហ័ស និងបានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចជាតិ។ តួយ៉ាងទាំងការចុះបញ្ជី និងទំហំប្រតិបត្តិការនៅក្នុងវិស័យនេះ សុទ្ធតែមានកំណើនកើនឡើងគួរឱ្យកត់សម្គាល់ ជាពិសេសក្រុមវិនិយោគិនបរទេសកាន់តែសម្លឹងឃើញពីសក្ដានុពលវិនិយោគនៅកម្ពុជា តាមរយៈយន្តការរបស់បរធនបាលកិច្ចនេះ។
វិស័យបរធនបាល
ដោយ

យ៉ាងណាមិញ ថ្នាក់ដឹកនាំបរធនបាលកិច្ចជឿជាក់ថា ទំហំប្រតិបត្តិការក្នុងវិស័យនេះនឹងមានកំណើនបន្ថែមទៀតនៅឆ្នាំនេះ និងឆ្នាំបន្តបន្ទាប់។ តើមានកត្តា និងឱកាសអ្វីខ្លះអាចជំរុញឱ្យវិស័យនេះកាន់តែមានភាពល្អប្រសើរនៅឆ្នាំនេះ?

ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច បានគូសបញ្ជាក់ថា វិស័យបរធនបាលកិច្ចមានការរីកចម្រើនគួរឱ្យកតសម្គាល់នាពេលបច្ចុប្បន្ននេះ តួយ៉ាងគិតត្រឹមដំណាច់ឆ្នាំ២០២៣ ករណីចុះបញ្ជីក្នុងបរធនបាលកិច្ចមានការកើនឡើងរហូតដល់ចំនួន៧៨៨ករណី ជាមួយនឹងទំហំប្រតិបត្តិការជាង១ពាន់២រយលានដុល្លារ ឬស្មើនឹង៥% នៃផលិតផលក្នុងសរុបរបស់កម្ពុជា(GDP)។

តាមរយៈលទ្ធផលនេះ បានជំរុញឱ្យថ្នាក់ដឹកនាំរូបនេះរំពឹងថា វិស័យបរធនបាលកិច្ចកម្ពុជានឹងកាន់តែមានការរីកចម្រើនជាវិជ្ជមានបន្ថែមទៀត ពោលគឺទំហំមូលធននឹងកើនឡើងជាលំដាប់នៅឆ្នាំ២០២៤នេះ។ ការរំពឹងបែបនេះ គឺផ្អែកលើកំណើននៃការចុះបញ្ជីនៅបរធនបាលកិច្ចបានកើនលើសពីការរំពឹងទុកកាលពីឆ្នាំ២០២៣ កន្លងទៅ ហើយកំណើននេះនឹងបន្តកើនបន្ថែមទៀតនៅក្នុងឆ្នាំ២០២៤ នេះ ដ្បិតថា បច្ចុប្បន្នការយល់ដឹងពីភាគីពាក់ព័ន្ធរបស់វិស័យបរធនបាលកិច្ចកាន់តែមានភាពទូលំទូលាយជាងមុន ខណៈដែលនិយ័តករបធនបាលកិច្ច ក៏នឹងបង្កើនសក្កានុពលរបស់ខ្លួនឱ្យកាន់តែខ្លាំងជាងមុនផងដែរ។

លើសពីនេះឯកឧត្តមមានសុទិដ្ឋិនិយមថា នៅក្នុងរយៈពេលពី១០ទៅ២០ឆ្នាំខាងមុខ វិស័យបរធនបាលកិច្ចនៅកម្ពុជានឹងមានការរីកចម្រើនកាន់តែខ្លាំង ដោយសារអនុវិស័យពាក់ព័ន្ធនានាដូចជាវិស័យអចលនទ្រព្យជាដើម នៅតែមានសក្កានុពល និងមានភាពទាក់ទាញទៅដល់វិនិយោគិនបរទេស។

បើតាមឯកឧត្តម សុខ ដារ៉ា ទីផ្សារ និងទំហំប្រតិបត្តិការរបស់បរធនបាលកិច្ចកម្ពុជាបច្ចុប្បន្ន ហាក់នៅមានកម្រិតនៅឡើយ បើធៀបនឹងបណ្តាប្រទេសក្នុងតំបន់អាស៊ានមួយចំនួនដូចជា សិង្ហបុរី ម៉ាឡេស៊ី ថៃ និងវៀតណាមជាដើម។ ប៉ុន្តែបើធៀបនៅក្នុងក្របខណ្ឌគ្រប់គ្រងត្រួតពិនិត្យ និងដាក់ឱ្យដំណើរការរបស់យន្តការបរធនបាលកិច្ចវិញ គឺប្រទេសកម្ពុជាបានឈានមុខគេនៅក្នុងតំបន់ ដ្បិតថា កម្ពុជាមានទាំងច្បាប់ស្តីពីបរធនបាលកិច្ច និងនិយ័តករបរធនបាលកិច្ចជាក់លាក់ ខណៈប្រទេសក្នុងតំបន់អាស៊ានមួយចំនួននៅតែមិនទាន់មានសូម្បីតែច្បាប់ស្តីពីបរធនបាលកិច្ច។

សូមបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២៣ និយ័តករបរធនបាលកិច្ចបានផ្តល់អាជ្ញាបណ្ណដល់ក្រុមហ៊ុនបរធនបាលចំនួន១០ និងផ្តល់អាជ្ញាបណ្ណផ្តល់សេវារក្សាទុក និងសេវារក្សាសុវត្ថិភាពដល់ធនាគារពាណិជ្ជចំនួន១៣។ បន្ថែមលើនេះ និយ័តករបរធនបាលកិច្ចបានផ្តល់អាជ្ញាបណ្ណបរធនបាលរូបវ័ន្តបុគ្គលបានចំនួន៥២រូប ក្នុងនោះ២៧រូបជាបរធនបាលរូបវ័ន្តបុគ្គលឯករាជ្យ និង២៥រូបផ្សេងទៀតជាបរធនបាលរូបវ័ន្តបុគ្គលក្រោមឆ័ត្ររបស់ក្រុមហ៊ុនបរធនបាល។ ហើយស្ថាប័ននេះ ក៏បានផ្តល់ការទទួលស្គាល់ក្រុមហ៊ុនផ្តល់សេវាវាយតម្លៃបរធនបាលកិច្ចចំនួន១៣ផងដែរ។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម សុខ ដារ៉ា ដោយបានបន្ថែមថា នៅឆ្នាំ២០២៤នេះ និយ័តករបរធនបាលកិច្ចរំពឹង នឹងទទួលបានក្រុមហ៊ុនមកចុះបញ្ជីប្រមាណ៦ក្រុមហ៊ុនបន្ថែមទៀតផងដែរ៕

None



អត្ថបទបន្ទាប់


តើវិស័យធនាគារមានសារសំខាន់យ៉ាងណាចំពោះសេដ្ឋកិច្ច ហើយបើវិស័យនេះជួបបញ្ហាវានឹងមានអ្វីកើតឡើងមកលើសេដ្ឋកិច្ច?

វិស័យធនាគារ និងហិរញ្ញវត្ថុ ត្រូវបានចាត់ទុកជាវិស័យមួយ ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយស្តារ និងជំរុញកំណើនពាណិជ្ជកម្ម ការវិនិយោគ …

រតនាគារជាតិវៀតណាម ប្រកាសបោះផ្សាយមូលបត្របំណុលរដ្ឋជាង ៥ពាន់លានដុល្លារ ក្នុងត្រីមាសទី១ ឆ្នាំនេះ

ដើម្បីជំរុញយន្តការសេដ្ឋកិច្ចក្នុងប្រទេសឱ្យកាន់តែសកម្ម និងផុលផុសបន្ថែមទៀត ក្រសួងហិរញ្ញវត្ថុវៀតណាម នៅត្រីមាសទី១ ដើមឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ