
ការិយាល័យនយោបាយរបស់បក្សកុម្មុយនីស្តចិន បាននិយាយកាលពីខែមេសា ថា រដ្ឋាភិបាល ចិននឹងខិតខំប្រឹងប្រែងធ្វើឱ្យទីផ្សារអចលនទ្រព្យមានស្ថិរភោព និងបង្កើនតម្រូវការលំនៅឋានឡើងវិញ ក៏ដូចជាលើកកម្ពស់ការបង្កើតគំរូថ្មីសម្រាប់ការអភិវឌ្ឍអចលនទ្រព្យ ហើយការផ្ដោតលើការលក់ផ្ទះសាងសង់រួច ក៏ជាវិធីមួយដើម្បីលើកកម្ពស់ការលក់លំនៅឋានផងដែរ។
យ៉ាងណាមិញ ទីក្រុងស៊ីនយ៉ាង នៅខេត្តហេណាន ភាគកណ្តាលប្រទេសចិន ជំរុញឱ្យក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានទាំងអស់ព្យាយាមលក់លំនៅឋានដែលសាងសង់រួចជាជាងផ្ដោតលើការលក់ផ្ទះមុនគម្រោង ឬមិនទាន់សាងសង់រួច ដែលជាការរឹតបន្តឹងលើកដំបូងរបស់ប្រទេសចិន។ ការជំរុញនេះធ្វើឡើងក្នុងគោលបំណងបង្កើនចំនួនផ្ទះល្វែងដែលសង់រួចនៅលើទីផ្សារ និងដើម្បីកាត់បន្ថយហានិភ័យនៃគម្រោងសាងសង់ដែលជាប់គាំង ក៏ដូចជាធ្វើឱ្យទីផ្សារអចលនទ្រព្យ ដែលកំពុងធ្លាក់ចុះមានសន្ទុះងើបឡើងវិញ។
វិធានការថ្មីរបស់រដ្ឋាភិបាលចិននេះ ធ្វើឡើងចំពេលអតិថិជននៅប្រទេសចិន បាននាំគ្នាចុះកិច្ចសន្យាទិញផ្ទះល្វែង និងបានចាប់ផ្តើមបង់ប្រាក់កម្ចីទិញផ្ទះមិនទាន់សាងសង់រួចរាល់ ព្រោះការធ្វើបែបនេះអាចជួយឱ្យអ្នកទិញចំណាយប្រាក់តិចជាងការទិញផ្ទះ ដែលសាងសង់រួច។
កាលពីខែឧសភា តម្លៃផ្ទះថ្មីមានការធ្លាក់ចុះបើធៀបនឹងខែមេសា នៅតាមទីក្រុងធំៗចំនួន៥៣ក្នុងចំណោមទីក្រុងចំនួន៧០របស់ប្រទេសចិន។ តម្លៃផ្ទះបានធ្លាក់ចុះជាមធ្យម០,២% នៅទូទាំងទីក្រុងធំៗទាំង៧០ ដោយនិន្នាការធ្លាក់ចុះនេះបានកើតឡើងតាំងពីខែមិថុនា ឆ្នាំ២០២៣ មកម្ល៉េះ៕
ដោយ៖ សុខ មង្គល