ចំណូល​ក្រុមហ៊ុន SCG

ក្រុមហ៊ុនថៃ SCG ប្រមូលចំណូលពីកម្ពុជាបាន ៤០០លាន ដុល្លារអាមេរិក នៅឆ្នាំ២០១៨


ក្រុមហ៊ុន SCG (Siam Cement Group) ដែលមានមូលដ្ឋាននៅប្រទេសថៃ បានបង្ហាញពីរបាយការណ៍ប្រាក់ចំណូលពីការលក់របស់ខ្លួន នៅក្នុងទីផ្សារប្រទេសកម្ពុជា សម្រាប់​ឆ្នាំ​ ២០១៨ កន្លង​ទៅនេះ មានប្រមាណ ៤០០ លានដុល្លារអាមេរិក ដែលបានកើនឡើង១៥% ធៀបនឹងឆ្នាំ២០១៧កន្លងទៅនេះ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន SCG នាពេលថ្មីៗនេះ។
អគារ​ការិយាល័យ​ក្រុមហ៊ុន SCG នៅប្រទេសថៃ (https://www.d103group.com)
ដោយ

បើតាម​​របាយការណ៍ ប្រាក់​ចំណូល​​ដែល​ក្រុមហ៊ុន​ SCG រកបាន​​ចំនួន ៣៩៦ លាន​ដុល្លារ​អាមេរិក នៅក្នុងទីផ្សារ​កម្ពុជានេះ គឺភាគ​ច្រើន​​បានមក​ពី​ការ​លក់​ស៊ីម៉ង់ត៌ ដែលជា​ផលិត​ផល​​ស្នូល​​របស់​ក្រុមហ៊ុន​នេះ។

លោក Roongrote Rangsiyopash ជាប្រធាន និងនាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន SCG បាន​ថ្លែង​នៅ​ក្នុង​​សេចក្ដី​ប្រកាស​ព័ត៌មាន​ថា ក្នុងឆ្នាំ ២០១៩ នេះ ក្រុមហ៊ុននេះ នឹង​បន្តផ្ដោត​លើយុទ្ធសាស្ត្រ​ចំនួនពីរ​ជា​សំខាន់។ ទីមួយគឺ ស្ថិរភាព ដែល​ក្រុមហ៊ុន​អាចរក្សា​បាន​ជាបន្ត​បន្ទាប់ ហើយចាត់​វិធានការ​បាន​ភ្លាមៗ ​ដើម្បី​ទប់ទល់​នឹងការ​ប្រែប្រួល​ផ្នែក​សេដ្ឋកិច្ច របស់​សកលលោក​កាលពី​ពេល​ថ្មីៗនេះ។ និងទី ២​ គឺការ​គ្រប់គ្រង​​កំណើន​នៅក្នុង​រយៈពេល​វែង ដោយផ្តោត​លើការ​ដាក់ចេញ​នូវដំណោះ​ស្រាយ​នានា ដើម្បី​បំពេញ​​តម្រូវការ​​របស់​អតិថិជន​​ឲ្យបាន​គ្រប់គ្រាន់។ 

ដោយឡែក បើពិនិត្យ​ទៅមើល​​ប្រាក់​ចំណេញ ដែល​ក្រុមហ៊ុន SCG រកបាន​​នៅ​ប្រទេស​ថៃ​វិញ សម្រាប់ឆ្នាំ២០១៨ ​កន្លងទៅ គឺមាន​រហូតដល់ ជាង ​៣.៦០០​​លាន​ដុល្លារ​អាមេរិក កើនឡើង ​១១% ធៀបនឹង​ឆ្នាំ ២០១៧។ ក្នុងនោះ​ រាប់បញ្ចូល​ទាំងការ​លក់​តាមរយៈ​ប្រតិបត្តិការ នៅក្នុង​ស្រុក​នៃទីផ្សារ​ប្រទេស​អាស៊ាន​នីមួយៗ និង​ការនាំ​ចូល​ពីប្រទេស​ថៃផង។

តាមរបាយការណ៍ ចំណូល​ពីការលក់​សរុប​​​របស់​ក្រុមហ៊ុន SCG មុន​សវនកម្ម សម្រាប់ឆ្នាំ​ ២០១៨ ដែលបាន​ចុះបញ្ជី​រួចមាន​ទំហំជិត​ ១៥ពាន់​លាន​ដុល្លារ​អាមេរិក បានកើន​ឡើង ៦% បើធៀប​នឹងឆ្នាំ​មុន។

ប៉ុន្ដែ​​ប្រាក់​ចំណេញ​នៅឆ្នាំ​២០១៨វិញ បាន​ធ្លាក់​ចុះ​​រហូត​ដល់​១៩% ធៀបនឹង​ឆ្នាំ ២០១៧ ពោលគឺ​​មានតែ​​ជាង ១.៣០០ លាន​ដុល្លារ​អាមេរិក ប៉ុណ្ណោះ ដោយសារតែ​ភាព​មិនប្រាកដ​ប្រជា នៃសេដ្ឋកិច្ច​សកល​លោក ពោលគឺ​សង្គ្រាម​ពាណិជ្ជកម្ម ទីផ្សារ​ប្រេង​ឡើងចុះ និងការកើន​ឡើង​នូវតម្លៃ​ប្រាក់​បាត​របស់​ថៃ ​ដែល​ធ្វើឲ្យ​ប៉ះពាល់​ដល់​អាជីវកម្ម​ជារួម​របស់​ក្រុមហ៊ុន SCG ។

គួរបញ្ជាក់ថា គិត​ត្រឹម​​ថ្ងៃទី ៣១ ធ្នូ ២០១៨ ទ្រព្យ​​សកម្ម​សរុប​​របស់​ក្រុមហ៊ុន​ SCG  គឺមា​ន​ទំហំទឹក​ប្រាក់ ​ជាង ​១៨ពាន់​​លាន​ដុល្លារ​អាមេរិក ។ ចំណែក​ឯ​ ទ្រព្យ​​សកម្ម​សរុប​​របស់​​ SCG ​ក្នុង​តំបន់​​អាស៊ាន លើកលែង​​ប្រទេស​​ថៃចេញ គឺមាន​ទំហំទឹក​ប្រាក់ ៥​ពាន់​លាន​​ដុល្លារ​អាមេរិក ដែល​​ស្មើនឹង​ ២៦% នៃទ្រព្យ​សកម្ម​​សរុប​​របស់​ក្រុមហ៊ុននេះ ៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិន ៧លាននាក់ ចេញដើរលេងក្រៅប្រទេស ក្នុងឱកាសបុណ្យចូលឆ្នាំចិន ឆ្នាំនេះ

ព័ត៌មាន
ប្រជាជនចិនប្រមាណ ៧លាននាក់ ត្រូវបានប៉ាន់ប្រមាណថា ចេញធ្វើដំណើរកម្សាន្ដនៅក្រៅប្រទេស ទៅកាន់ប្រទេស និងតំបន់ចំនួន ៩០ នៅក្នុងអំឡុងថ្ងៃឈប់សម្រាក់…

វៀតណាម មានមហិច្ឆតា សង់ផ្លូវរថភ្លើងល្បឿនលឿន តម្លៃជិត ៦០ ពាន់លានដុល្លារ ឆ្លងកាត់ ២០ខេត្តក្រុង

ព័ត៌មាន
រដ្ឋាភិបាលវៀតណាម បានបង្ហាញពីមហិច្ឆតាដ៏សម្បើមរបស់ខ្លួន លើគម្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿន ដែលមានតម្លៃវិនិយោគសរុបជិត ៦០ពាន់លានដុល្លារអាមេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ