យោងតាមសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាឱកាសពិធីបុណ្យទន្លេលើកទី៧ ដែលធ្វើឡើងនាថ្ងៃទី០៨-១០ ខែមីនា ឆ្នាំ២០២៣ នៅខេត្តកំពង់ធំ ក្រោមប្រធានបទ «ទន្លេរបស់យើង ដើម្បីបច្ចុប្បន្ន និងអនាគត» រាជរដ្ឋាភិបាលកម្ពុជា បានកំណត់ប្រារព្ធពិធីបុណ្យទន្លេ ដែលបានក្លាយជាព្រឹត្តិការណ៍ទេសចរណ៍ដ៏សំខាន់មួយសម្រាប់កម្ពុជា ដែលមិនត្រឹមតែចូលរួមចំណែកក្នុងការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍នៃខេត្តជាប់ដងទន្លេរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមគាំទ្រនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការយកចិត្តទុកដាក់អភិវឌ្ឍតំបន់តាមដងទន្លេប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ។ ទន្ទឹមនឹងនេះ ព្រឹត្តិការណ៍នេះក៏ជាឱកាសមួយដើម្បីពង្រឹងគុណភាពសេវាកម្ម និងការបង្កើត និងអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗប្រកបដោយការច្នៃប្រឌិតខ្ពស់ ជាពិសេសទេសចរណ៍តាមនាវា (River-Cruise) និងសហគមន៍ទេសចរណ៍តាមដងទន្លេជាដើម។
រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ប្រធានបទបុណ្យទន្លេលើកទី៧ ឆ្នាំ២០២៣នេះ «ទន្លេរបស់យើង ដើម្បីបច្ចុប្បន្ន និងអនាគត» ពិតជាសមស្របសម្រាប់បរិបទបច្ចុប្បន្ន ដែលរាជរដ្ឋាភិបាលកម្ពុជាបន្តផ្តល់អាទិភាពដល់ការអភិវឌ្ឍតំបន់តាមដងទន្លេ ជាពិសេសការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ការការពារ និងអភិរក្សធនធានធម្មជាតិ ដោយឈរលើការប្តេជ្ញាចិត្តរួមមួយច្បាស់លាស់ក្នុងការរក្សាតុល្យភាព រវាងផលប្រយោជន៍សេដ្ឋកិច្ច សង្គម បរិស្ថាន និងវប្បធម៌ ប្រជាពលរដ្ឋមូលដ្ឋាន ធានាបាននូវការអភិវឌ្ឍទាំងសម្រាប់បច្ចុប្បន្ន និងទៅអនាគត។
សូមជម្រាបថា រាជរដ្ឋាភិបាល នឹងបន្តប្រារព្ធពិធីបុណ្យទន្លេនេះជារៀងរាល់ឆ្នាំ នៅតាមបណ្តាខេត្តជាប់ដងទន្លេនៃព្រះរាជាណាចក្រកម្ពុជា ដែលទាំងអស់នេះសបញ្ជាក់ឱ្យឃើញថា រាជរដ្ឋាភិបាលបាននិងកំពុងជំរុញការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ពិសេសការអភិវឌ្ឍផលិតផលទេសចរណ៍តាមដងទន្លេ រួមចំណែកធ្វើឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ប្រកបដោយគុណភាពទាំងក្នុងតំបន់ និងឆាកអន្តរជាតិ៕