លោក សេង សុភ័ក្រ អនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានគូសបញ្ជាក់ថា តាមរយៈយន្តការលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យប្រភេទលំនៅឋានមានលក្ខណៈជាបុរី ឬខុនដូ ដែលមានតម្លៃក្រោម ឬស្មើ២១ម៉ឺនដុល្លាររហូតដល់ដំណាច់ឆ្នាំ២០២៥នេះ ជាការចូលរួមចំណែកយ៉ាងសំខាន់មួយក្នុងការជួយសម្រាលបន្ទុកមួយកម្រិតដល់អតិថិជន ដែលបានទិញលំនៅឋាន។ ការលើកទឹកចិត្តនេះ គឺជាការបោះជំហានថ្មីមួយទៀតក្នុងការជួយជំរុញការអភិវឌ្ឍវិស័យអចលនទ្រព្យកម្ពុជា ដ្បិតថា កាលពីឆ្នាំមុន រាជរដ្ឋាភិបាលលើកលែងពន្ធលើអចលនទ្រព្យមានតម្លៃស្មើ ឬក្រោម៧ម៉ឺនដុល្លារប៉ុណ្ណោះ។
ស្រដៀងគ្នានេះ ឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុន CPL បានចាត់ទុកការដាក់ចេញយន្តការលើកទឹកចិត្តរបស់រាជរដ្ឋាភិបាល គឺបានបង្ហាញពីការយកចិត្តទុកដាក់ក្នុងការជួយស្តារ និងជំរុញការអភិវឌ្ឍវិស័យអចលនទ្រព្យ ដែលកំពុងជួបបញ្ហាប្រឈមមួយនេះ។ ទន្ទឹមនឹងនេះ ឧកញ៉ា ស្នើឱ្យភាគីពាក់ព័ន្ធខិតខំពង្រឹងសមត្ថភាព និងគោរពច្បាប់ទាំងអស់គ្នា ដើម្បីរួមចំណែកជួយបង្កើនភាពទាក់ទាញ និងអភិវឌ្ឍន៍វិស័យអចលនទ្រព្យឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។
ជាមួយគ្នានេះ លោក ខន គង្គា នាយកប្រតិបត្តិក្រុមហ៊ុន ERA Cambodia និងលោកស្រី អាន សុធីតា នាយិកាគ្រប់គ្រងក្រុមហ៊ុន PropNex Cambodia បានបង្ហាញក្តីរំពឹងខ្ពស់ចំពោះយន្តការលើកទឹកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ខាងលើ ក្នុងការជួយជំរុញចរន្តទិញលក់អចលនទ្រព្យ និងអភិវឌ្ឍន៍វិស័យនេះឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ បន្ថែមលើនេះ តាមរយៈយន្តការនេះ ក៏ផ្នែកមួយជួយលើកកម្ពស់វិជ្ជាជីវៈ និងការគោរពច្បាប់ក្នុងវិស័យនេះផងដែរ។
បើតាមការបញ្ជាក់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថ បុគ្គលទាំងឡាយណាដែលទិញលំនៅឋានមានលក្ខណៈជាបុរី ឬខុនដូ មុនឆ្នាំ២០២៥ និងនៅក្នុងឆ្នាំ២០២៥ ហើយផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅឋានជាលើកដំបូងនៅរដ្ឋបាលសារពើពន្ធក្នុងឆ្នាំ២០២៥ នឹងទទួលបានការលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យសម្រាប់លំនៅឋានដែលមានតម្លៃក្រោម ឬស្មើ២១ ម៉ឺនដុល្លារ, និងអនុគ្រោះចំពោះលំនៅឋានដែលមានតម្លៃលើស២១ម៉ឺនដុល្លារអាម៉េរិក ដោយអនុញ្ញាតឱ្យដកចេញពីមូលដ្ឋានគិតពន្ធប្រថាប់ត្រាចំនួន២១ម៉ឺនដុល្លារអាម៉េរិក។ ដោយឡែក លំនៅឋានទី២ ឬបន្តបន្ទាប់នឹងទទួលបានការអនុញ្ញាតឱ្យដកចេញពីមូលដ្ឋានគិតពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យចំនួន៧ម៉ឺនដុល្លារ។ ការលើកលែងនិងអនុគ្រោះពន្ធនេះ ត្រូវអនុវត្តរហូតដល់ដំណាច់ឆ្នាំ២០២៥៕