ទោះជាយ៉ាងណា សច្ចធម៌ និងភាពស្អាតស្អំរបស់កម្ពុជា ត្រូវបានលាតត្រដាង បន្ទាប់ពីយុវតីសិង្ហបុរីម្នាក់ ដែលត្រូវបានប្រព័ន្ធផ្សព្វផ្សាយ និងគ្រួសារបានចោទប្រកាន់ថា បានបាត់ដំណឹងពេលមកដល់កម្ពុជា ដោយសង្ស័យមានការពាក់ព័ន្ធនឹងស្កេមអនឡាញ បានចេញមុខបកស្រាយតាមរយៈវីដេអូ ដោយបញ្ជាក់ថា នាងមកកម្ពុជា ដោយស្ម័គ្រចិត្ត ដើម្បីកសាងជីវិតថ្មីធ្វើជាគ្រូបង្រៀនភាសាអង់គ្លេសប៉ុណ្ណោះ មិនមានពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មណាឡើយ។
យុវតីសិង្ហបុរី វ័យ២០ឆ្នាំ អៃសា ស៊ីរីហ្គា (Aishah Siregar) ដែលត្រូវបានប្រពន្ធ័ផ្សព្វផ្សាយសិង្ហបុរី CNA និងបរទេសមួយចំនួនទៀតចុះផ្សាយលាបពណ៌ថា បានធ្លាក់ជាជនរងគ្រោះ នៃបណ្តាញឆបោកអនឡាញនៅកម្ពុជានោះ កាលពីថ្ងៃទី១ ខែសីហា បានចេញមុខទម្លាយការពិតទាំងស្រុង។ នៅក្នុងវីដេអូបំភ្លឺមួយ ដែលត្រូវបានបញ្ចេញបន្ទាប់ពីអាជ្ញាធរកម្ពុជា បានស្រាវជ្រាវរកឃើញរូបនាងដោយសុវត្ថិភាព យុវតីរូបនេះបានបញ្ជាក់ច្បាស់ៗថា នាងបានធ្វើដំណើរមកកាន់កម្ពុជាដោយឆន្ទៈ និងការស្ម័គ្រចិត្តផ្ទាល់ខ្លួនមិនមែនដោយសារការបង្ខិតបង្ខំ ឬចាញ់បោកឧក្រិដ្ឋជនដូចការចុះផ្សាយនោះឡើយ។
យុវតីរូបនេះបានរៀបរាប់ពីមូលហេតុពិតប្រាកដថា ការចាកចេញពីស្រុកកំណើត គឺដោយសារនាងជួបប្រទះសម្ពាធផ្លូវចិត្ត និងមានបញ្ហាសម្ពន្ធភាពក្នុងគ្រួសារ ហើយចង់ស្វែងរកផ្លូវឯករាជ្យដើរដោយខ្លួនឯង។ នាងបានសង្កត់ធ្ងន់ និងបញ្ជាក់ដដែលៗថា វាជាជម្រើសរបស់នាងទាំងស្រុង មិនត្រូវបានគេបង្ខំ ឬបោកប្រាស់ឱ្យមកកម្ពុជាឡើយ ហើយនាងក៏មិនដែលបានពាក់ព័ន្ធ ឬត្រូវបានគេបង្ខំឱ្យចូលរួមក្នុងសកម្មភាពបទល្មើស ឬការឆបោកណាមួយនោះដែរ។
ពាក់ព័ន្ធនឹងករណីនេះ ក្រសួងមហាផ្ទៃកម្ពុជា បានបំភ្លឺបន្ថែមថា យុវតីរូបនេះបានចាកចេញពីសិង្ហបុរី កាលពីថ្ងៃទី២៨ ខែកក្ដកា តាមជើងហោះហើរ Emirates មកចុះចតនៅអាកាសយានដ្ឋានអន្តរជាតិតេជោ។ ក្រោយមក នាងបានដាច់ទំនាក់ទំនងជាមួយគ្រួសារដោយចេតនា និងបានបិទគណនីបណ្តាញសង្គម Telegram និង WhatsApp របស់ខ្លួន ដើម្បីកុំឱ្យគ្រួសាររំខាន។
ចំណុចនេះបានបង្ហាញយ៉ាងច្បាស់ថា ការដែលគ្រួសាររបស់នាងមានការភ្ញាក់ផ្អើល និងប្រញាប់ប្រញាល់វាយតម្លៃទម្លាក់កំហុសមកលើកម្ពុជា គឺកើតចេញពីការសន្និដ្ឋានខុស ដោយសារតែរូបភាពអវិជ្ជមាន ដែលព័ត៌មានបរទេសមួយចំនួនតែងតែលាបពណ៌មកលើកម្ពុជា។ ករណីនេះបានស្តែងឱ្យឃើញថា កម្ពុជា បានក្លាយជារងគ្រោះពីការចោទប្រកាន់គ្មានមូលដ្ឋានពីសំណាក់មជ្ឈដ្ឋានខាងក្រៅ ខណៈដែលអាជ្ញាធរកម្ពុជា បានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងការស្រាវជ្រាវ ការពារ និងរក្សាសន្តិសុខជូនជនបរទេសគ្រប់រូបដោយស្មោះត្រង់ និងគ្មានការរើសអើង៕
ដោយៈ សរ សុជាតិ