ចំពោះថវិកាសប្បុរសធម៌ចំនួន ៣០ លានរៀលនេះ គឺទទួលបានពីការរៀបចំយុទ្ធនាការសង្គមរួមគ្នារយៈពេល ៦ខែកន្លងទៅ ចាប់ពីខែកុម្ភៈ ដល់ខែកក្កដា ឆ្នាំ២០២៦ ដោយរាល់ការជាវបណ្ណសន្យារ៉ាប់រងរបស់ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ នៅតាមបណ្តាសាខាធនាគារ អេ អឹម ខេ ស្ថាប័នទាំងពីរបរិច្ចាគថវិកាចំនួន ៥.០០០ រៀលក្នុងមួយបណ្ណសន្យារ៉ាប់រង ជូនមូលនិធិគន្ធបុប្ផាកម្ពុជា។ តាមរយៈយុទ្ធនាការនេះ មានអតិថិជន ធនាគារ អេ អឹម ខេ និង ដាយ អុិឈិ ឡាយហ្វ៍ ជាង៣.៦០០នាក់ បានរួមចំណែកទ្រទ្រង់ការព្យាបាល និងសង្រ្គោះជីវិតកុមារដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យគន្ធបុប្ផា។ ការចូលរួមរបស់អតិថិជនឆ្លុះបញ្ចាំងពីការដែលគាត់មិនត្រឹមតែជ្រើសរើសការពារអនាគតក្រុមគ្រួសាររបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចរួមចំណែកគាំទ្រដល់សហគមន៍ថែមទៀតផង។
ទន្ទឹមនឹងពិធីប្រគល់ថវិកា ស្ថាប័នទាំងពីរបានរៀបចំសកម្មភាពបរិច្ចាគឈាម ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងបុគ្គលិកស្ម័គ្រចិត្តប្រមាណ ៤០ នាក់ ដើម្បីចូលរួមចំណែកជួយសង្គ្រោះជីវិត និងគាំទ្រដល់តម្រូវការឈាមសម្រាប់អ្នកជំងឺនៅមន្ទីរពេទ្យគន្ធបុប្ផា។ សកម្មភាពនេះបានឆ្លុះបញ្ចាំងពីស្មារតីសាមគ្គី និងការចូលរួមរបស់បុគ្គលិកក្នុងសកម្មភាពសង្គមដែលផ្តល់ផលប្រយោជន៍ជាក់ស្តែងដល់សហគមន៍។
គួរបញ្ជាក់ផងដែរថា នេះជាការចូលរួមចំណែកលើកទី២ ក្នុងឆ្នាំ២០២៦ របស់ ធនាគារ អេ អឹម ខេ ជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា បន្ទាប់ពីការនាំយកថវិកាសប្បុរសធម៌ចំនួន ១៤៣ លានរៀល កាលពីចុងខែឧសភាកន្លងទៅ តាមរយៈកម្មវិធី «ស្កេន AMK ដើម្បីកុមារកម្ពុជា» ក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» របស់មូលនិធិគន្ធបុប្ផា ដែលសបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ធនាគារក្នុងការលើកកម្ពស់សុខុមាលភាពកុមារ និងសង្គមជាតិ។
លោក Mah Kin Yoong អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ បានមានប្រសាសន៍ថា៖ «រយៈពេល៥ឆ្នាំកន្លងមកនេះ យើងបន្តពង្រឹងភាពជាដៃគូជាមួយធនាគារ អេ អឹម ខេ ដោយប្តេជ្ញាចិត្តរួមគ្នាពង្រីកការទទួលបានការការពារហិរញ្ញវត្ថុនៅកម្ពុជា។ អ្វីដែលធ្វើឱ្យកិច្ចសហការមួយនេះកាន់តែពិសេសគឺ ការចាប់ដៃគ្នាលើសពីអាជីវកម្ម។ ពោលគឺយើងតែងសហការលើគំនិតផ្តួចផ្តើមផ្សេងៗដើម្បីគាំទ្រដល់សហគមន៍ ដូចជាការបរិច្ចាគថវិកា និងការបរិច្ចាគឈាមនេះផ្ទាល់។ យើងមានមោទនភាពចំពោះដំណើរមួយនេះ ហើយសង្ឃឹមថានឹងអាចរួមគ្នាបង្កើតការផ្លាស់ប្តូរកាន់តែប្រសើររយៈពេលតទៅមុខទៀត។»
លោក សួន ពិសី អនុប្រធាននាយកប្រតិបត្តិនៃធនាគារ អេ អឹម ខេ បានមានប្រសាសន៍ថា៖ «ការប្រគល់ថវិកា និងការរួមគ្នាបរិច្ចាគឈាមនាពេលនេះ គឺជាសក្ខីភាពបញ្ជាក់ពីទឹកចិត្ត និងការប្តេជ្ញាចិត្តរួមគ្នាក្នុងការការពារអនាគតដ៏ភ្លឺស្វាងរបស់កុមារកម្ពុជា ដែលជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិ។ វត្តមានរបស់អតិថិជន និងទឹកចិត្តរបស់បុគ្គលិកស្ម័គ្រចិត្តទាំងអស់គ្នា បានក្លាយជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការផ្តល់ក្តីសង្ឃឹម និងស្នាមញញឹមដល់កុមារកម្ពុជា»។
ឆ្លងកាត់ដំណើររួមគ្នាអស់រយៈពេល ៥ ឆ្នាំកន្លងមក ភាពជាដៃគូយុទ្ធសាស្ត្ររវាង ធនាគារ អេ អឹម ខេ និង ក្រុមហ៊ុន ដាយអុិឈិ ឡាយហ្វ៍ មិនត្រឹមតែជំរុញបរិយាបន្នហិរញ្ញវត្ថុ និងលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃការធានារ៉ាប់រងអាយុជីវិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបន្តពង្រឹងសកម្មភាពសង្គមប្រកបដោយចីរភាព ដើម្បីរួមចំណែកកសាងសហគមន៍កម្ពុជាមួយប្រកបដោយភាពរឹងមាំ និងសុខុមាលភាពល្អប្រសើរ៕
អំពី ធនាគារ អេ អឹម ខេ
ធនាគារ អេ អឹម ខេ គឺជាធនាគារឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ដែលផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវ និងសម្បូរបែបជូនដល់អតិថិជនគ្រប់រូបនៅទូទាំងប្រទេស ជាពិសេសស្ត្រី និងគ្រួសារដែលមានចំណូលទាប ដើម្បីជួយសម្រេចបំណងប្រាថ្នាផ្នែកហិរញ្ញវត្ថុ និងជីវភាពដែលពួកគាត់ចង់បាន។ ធនាគារមានបណ្តាញប្រតិបត្តិការនៅគ្រប់រាជធានី-ខេត្ត និងស្រុក-ក្រុង-ខណ្ឌទាំងអស់ក្នុងប្រទេសកម្ពុជា ដោយមានសាខាចំនួន ១៤៣ កន្លែង និងភ្នាក់ងារជាង ៥.០០០ ទូទាំងប្រទេស។ ក្រៅពីសេវាកម្ចី និងប្រាក់បញ្ញើ ធនាគារក៏មានផ្តល់ជូននូវសេវាហិរញ្ញវត្ថុយ៉ាងសម្បូរបែប រួមមាន៖ សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស ប៊េងកាសួររេន សេវាទូទាត់វិក្កយបត្រ សេវាបើកប្រាក់បៀវត្ស និងកម្មវិធីធនាគារចល័ត AMK Mobile ដែលអាចស្កេនទូទាត់តាម KHQR រួមជាមួយសេវាហិរញ្ញវត្ថុជាច្រើនទៀត។
អំពីក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍
ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ អុីនសួរ៉ិនស៍ (ខេមបូឌា) ម.ក គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដែលមានការរីកលូតលាស់លឿនមួយនៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេលត្រឹមតែជាង ៥ឆ្នាំប៉ុណ្ណោះ ហើយយើងទទួលបានពានរង្វាន់ «ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតអន្តរជាតិល្អបំផុតប្រចាំឆ្នាំនៅក្នុងប្រទេសកម្ពុជា» រយៈពេល២ឆ្នាំជាប់គ្នាគឺឆ្នាំ២០២៣ និង២០២៤។ ដាយ អុិឈិ ឡាយហ្វ៍ ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Daiichi Life Holdings, Inc. (“DLHD”) ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេក្នុងប្រទេសជប៉ុនដែលមានបទពិសោធន៍ជាង ១២៣ឆ្នាំ។
ចាប់តាំងពីបង្កើតក្រុមហ៊ុន DLHD ក្នុងឆ្នាំ១៩០២មក ដាយ អុិឈិ ឡាយហ្វ៍ បានប្តេជ្ញាចិត្តសហការជាមួយដៃគូពាក់ព័ន្ធទាំងអស់ ដើម្បីកសាងអនាគតកាន់តែប្រសើរសម្រាប់គ្រប់គ្នា។ ក្រុមហ៊ុនក៏បាននាំយកការប្តេជ្ញាចិត្តដូចគ្នាមកកាន់ប្រទេសកម្ពុជា ដោយនាំមកនូវដំណោះស្រាយហិរញ្ញវត្ថុដែលសមស្របតាមតម្រូវការលោកអ្នក។ ដាយ អុិឈិ ឡាយហ្វ៍ គឺជាដៃគូដែលគាំទ្រដល់សុខមាលភាពហិរញ្ញវត្ថុរបស់លោកអ្នកជានិច្ច។
នៅ ដាយ អុិឈិ ឡាយហ្វ៍ «យើងគិតគូរ យើងធ្វើអ្វីដែលត្រូវ យើងច្នៃប្រឌិតថ្មី» គឺជាតម្លៃស្នូល ដែលណែនាំគ្រប់ការសម្រេចចិត្តទាំងអស់របស់ក្រុមហ៊ុន។
*ដាយ អុិឈិ ឡាយហ្វ៍ ហូលឌីង អុីង មានគ្រឹះមូលធនដ៏រឹងមាំ ជាមួយនឹងទ្រព្យសម្បត្តិសរុបចំនួន ៤៦៣.៨ ពាន់លានដុល្លារ និងបុព្វលាភធានារ៉ាប់រងជាង ៤៣.៤ពាន់លានដុល្លារ។ (គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០២៦) ៕