គណៈរដ្ឋមន្ត្រី

ព្រះចៅស៊ុលតង់ប្រ៊ុយណេប្រកាសរុះរើគណៈរដ្ឋមន្ត្រីដ៏កម្រ ដោយតែងតាំងព្រះរាជបុត្រពីរព្រះអង្គឱ្យដឹកនាំក្រសួងសំខាន់ៗពីរ


ប្រ៊ុយណេ ដែលជារាជាណាចក្រដ៏តូចមួយនៅតំបន់អាស៊ីអាគ្នេយ៍ គ្រប់គ្រងដោយព្រះចៅស៊ុលតង់ បានប្រកាសរុះរើគណៈរដ្ឋមន្ត្រីដ៏កម្រមួយ។ នៅក្នុងការរុះរើគណៈរដ្ឋមន្ត្រីនេះ ព្រះអង្គបានតែងតាំង និងបញ្ចូលព្រះរាជបុត្រពីរព្រះអង្គទៅក្នុងជួររដ្ឋាភិបាលថ្មី ដោយក្នុងនោះព្រះអង្គម្ចាស់ អាប់ឌុល ម៉ាទីន (Abdul Mateen) ដែលជាបុរសរូបសង្ហា និងមានប្រជាប្រិយភាពខ្លាំងលើបណ្តាញសង្គមត្រូវបានតែងតាំងជារដ្ឋមន្ត្រីការបរទេស។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ។
គណៈរដ្ឋមន្ត្រី
ដោយ

ព្រះចៅស៊ុលតង់ប្រ៊ុយណេ បានបញ្ចូលព្រះរាជបុត្រពីរព្រះអង្គរបស់ទ្រង់ក្នុងជួររដ្ឋាភិបាលនៅក្នុងការរុះរើគណៈរដ្ឋមន្ត្រីដ៏កម្រមួយកាលពីថ្ងៃទី៤ ខែមិថុនា ដែលជាសញ្ញាបង្ហាញពីផែនការរៀបចំអ្នកស្នងតំណែងដ៏មានសក្តានុពលនៅក្នុងអាណាចក្រដ៏សម្បូរដោយធនធានប្រេងមួយនេះ។ នេះជាការរុះរើគណៈរដ្ឋមន្ត្រីលើកដំបូងរបស់ប្រ៊ុយណេ ចាប់តាំងពីឆ្នាំ២០២២ មក ហើយកើតឡើងចំពេល ដែលប្រទេសនៅលើកោះប័រណេអូ (Borneo) មួយនេះ កំពុងប្រឈមមុខនឹងសម្ពាធពីវិបត្តិថាមពលសកល ដែលបង្កឡើងដោយជម្លោះរវាងអាម៉េរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់។

ព្រះចៅស៊ុលតង់ ដែលបានកាន់តួនាទីជាច្រើនក្នុងរដ្ឋាភិបាល បានបង្ហាញខ្លួនជាសាធារណៈតិចតួចប៉ុណ្ណោះនៅក្នុងឆ្នាំនេះ បន្ទាប់ពីបានទទួលការវះកាត់ប្តូរជង្គង់កាលពីខែមករា កន្លងទៅ។ យោងតាមការផ្សាយរបស់ទូរទស្សន៍រដ្ឋប៊្រុយណេ ព្រះចៅស៊ុលតង់ បានមានបន្ទូលថា ព្រះអង្គនឹងបន្តកាន់តំណែងសំខាន់ៗដដែល រួមមាននាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិ និងរដ្ឋមន្ត្រីហិរញ្ញវត្ថុ។ ចំណែកឯព្រះរាជបុត្រទីពីរ គឺព្រះអង្គម្ចាស់ អាបឌុល ម៉ាលិក (Abdul Malik) នឹងត្រូវតែងតាំងជារដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី ដែលជាតំណែងដំបូងបង្អស់របស់ព្រះអង្គក្នុងជួររដ្ឋាភិបាល។

ដោយឡែក ព្រះអង្គម្ចាស់ អាបឌុល ម៉ាទីន (Abdul Mateen) ដែលជាបុរសរូបសង្ហា មានប្រជាប្រិយភាពខ្លាំងនៅលើបណ្តាញសង្គម និងតែងតែដង្ហែព្រះចៅស៊ុលតង់ ចូលរួមកិច្ចប្រជុំកំពូលអាស៊ានជាបន្តបន្ទាប់នោះ ត្រូវបានតែងតាំងជារដ្ឋមន្ត្រីការបរទេស ដែលជាតំណែងធ្លាប់កាន់កាប់ដោយព្រះចៅស៊ុលតង់ផ្ទាល់ពីមុនមក។

ក្រៅពីនេះព្រះអង្គម្ចាស់ អាល់ មូហ្វតាដេ ប៊ីឡាហ្វ (Al-Muhtadee Billah) ដែលជាព្រះរជ្ជទាយាទ និងជាបុត្រច្បងនៅតែរក្សាតំណែងជារដ្ឋមន្ត្រីជាន់ខ្ពស់នៅការិយាល័យនាយករដ្ឋមន្ត្រីដដែល។

បន្ថែមលើការតែងតាំងព្រះរាជបុត្រ ព្រះចៅស៊ុលតង់ ក៏បានសម្រេចបង្កើតក្រសួងថ្មីចំនួន៣ ដើម្បីពង្រឹងការសម្របសម្រួលគោលនយោបាយនៅទូទាំងរដ្ឋាភិបាល។ ព្រះអង្គបានបញ្ជាក់ថា កិច្ចការងាររបស់ក្រសួងធនធានបឋម និងទេសចរណ៍ពីមុន នឹងត្រូវរៀបចំឡើងវិញ ដោយបំបែកចេញជាក្រសួងសេដ្ឋកិច្ច ក្រសួងពាណិជ្ជកម្ម និងក្រសួងឧស្សាហកម្ម ដើម្បីជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច គាំទ្រកំណើនប្រកបដោយចីរភាព និងបង្កើតឱកាសការងារបន្ថែមសម្រាប់ប្រជាជនប្រ៊ុយណេ៕




អត្ថបទបន្ទាប់


កម្ពុជា បើកសន្លឹកបៀរ UNCLOS! ភាគីថៃ ស្កាត់ជួបអ្នកច្បាប់អន្តរជាតិ នៅប៉ារីស បើកផែនការការពារខ្លួន

ទោះបីជាចង់ ឬមិនចង់ បើកចំហ ឬលាក់កំបាំង ប៉ុន្តែនៅពេលនេះភាគីថៃ បានចាប់ផ្តើមរៀបចំខែលច្បាប់ និងយុទ្ធសាស្ត្រទប់ទល់យ៉ាងស្ងាត់កំបាំង ដើម្បីត្…

លោក ថាក់ស៊ីន ឈប់ប្រឡូកក្នុងឆាកនយោបាយហើយ ក្រោយទទួលបានការលើកលែងទោស

មន្ត្រីជាន់ខ្ពស់គណបក្សភឿថៃ ពីររូប បានអះអាងថា អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា (Thaksin Shinawatra) បានលាងដៃឈប់ប្រឡូកក្ន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ