ក្រុមប្រឹក្សាវិនិយោគថៃបានចេញការព្រមានទៅកាន់បណ្តាអាជីវកម្មនានាឱ្យត្រៀមខ្លួនទប់ទល់នឹងសណ្តាប់ធ្នាប់ពិភពលោកថ្មី ស្របពេលសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាកំពុងជំរុញឱ្យតម្លៃថាមពល ការដឹកជញ្ជូន និងភស្តុភារកើនឡើង ដែលកំពុងគំរាមកំហែងដល់ខ្សែច្រវាក់ផ្គត់ផ្គង់នៅក្នុងប្រទេសថៃ។ លោក ណារិត ថេដធីរ៉ាស៊ូឌី (Narit Therdsteerasukdi) អគ្គលេខាធិការក្រុមប្រឹក្សាវិនិយោគថៃបានបញ្ជាក់ថា បញ្ហាភូមិសាស្ត្រនយោបាយក្នុងតំបន់ដែលបានកើតឡើងជាបន្តបន្ទាប់ កំពុងបង្កផលប៉ះពាល់មិនអាចជៀសរួចសម្រាប់សេដ្ឋកិច្ច និងស្ថិរភាពខ្សែច្រវាក់ផ្គត់ផ្គង់សកល។
លោកបានសង្កត់ថា ផលប៉ះពាល់ដែលអាចមើលឃើញយ៉ាងច្បាស់នាពេលបច្ចុប្បន្នរួមមានថ្លៃដើមអាជីវកម្មកើនឡើងខ្ពស់ ដែលបណ្តាលមកពីការកើនឡើងថ្លៃថាមពល ថ្លៃដឹកជញ្ជូន និងភស្តុភារ និងការកើនឡើងថ្លៃ និងកង្វះខាតវត្ថុធាតុដើមដោយសារតែការរអាក់រអួលការដឹកជញ្ជូន។ អ្នកជំនាញរូបនេះបានចាត់ទុកបញ្ហាជម្លោះ និងសង្រ្គាមដែលពិភពលោកកំពុងជួបប្រទះមិនមែនជាព្រឹត្តិការណ៍បណ្តោះអាសន្ននោះទេ តែវាសណ្តាប់ធ្នាប់ពិភពលោកថ្មី ហើយវាក៏អាចបង្កើតប្រព័ន្ធសេដ្ឋកិច្ច ពាណិជ្ជកម្ម ហិរញ្ញវត្ថុ និងការវិនិយោគថ្មីផងដែរ។
បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia វិស័យទេសចរណ៍ថៃ ដែលជាដង្ហើមសេដ្ឋកិច្ចជាតិ ក៏កំពុងទទួលរងរបួសធ្ងន់ធ្ងរផងដែរ។ កាលពីឆ្នាំ២០២៥ ចំនួនភ្ញៀវទេសចរបរទេសបានធ្លាក់ចុះ ៧% មកនៅត្រឹមជាង៣២លាននាក់។ ទោះបីជាថៃមានគោលដៅស្រូបទាញភ្ញៀវឱ្យបាន៣៦លាននាក់នៅឆ្នាំ២០២៦ នេះក៏ដោយ ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងនេះកំពុងជួបឧបសគ្គដោយសារសង្រ្គាមនៅមជ្ឈិមបូព៌ា។
សង្រ្គាមបានបង្ខំឱ្យក្រុមហ៊ុនអាកាសចរណ៍ជាច្រើនប្តូរទិសដៅហោះហើរ ដែលនាំឱ្យតម្លៃសំបុត្រយន្តហោះកើនឡើង និងមានការលុបចោលជើងហោះហើរជាបន្តបន្ទាប់។ កត្តានេះបានជះឥទ្ធិពលអវិជ្ជមានដោយផ្ទាល់ដល់អ្នកធ្វើដំណើរមកពីតំបន់អឺរ៉ុប ដែលត្រូវឆ្លងកាត់តំបន់មជ្ឈិមបូព៌ាមកកាន់ប្រទេសថៃ៕
ដោយៈ សរ សុជាតិ