វិស័យសេដ្ឋកិច្ច

សារព័ត៌មានអូស្ត្រាលីផ្សាយថា យុទ្ធសាស្ត្រទុច្ចរិតដាក់សម្ពាធសេដ្ឋកិច្ចរបស់ថៃ ដើម្បីសង្កត់កកម្ពុជា បានបរាជ័យយ៉ាងអាម៉ាស់


សារព័ត៌មាន New Mandala របស់អូស្ត្រាលី បានចុះផ្សាយថា ការប្រើប្រាស់ពាណិជ្ជកម្ម ថាមពល និងវិធានការរឹតបន្តឹងព្រំដែនរហូតឈានដល់ការបិទព្រំដែនជាឯកតោភាគីពីសំណាក់ភាគីថៃ ដើម្បីដាក់សម្ពាធលើកម្ពុជា អំឡុងជម្លោះព្រំដែនឆ្នាំ២០២៥ មិនបានសម្រេចគោលដៅដូចការរំពឹងទុកនោះឡើយ។
វិស័យសេដ្ឋកិច្ច
ដោយ

ផ្ទុយទៅវិញ កម្ពុជា បាន​បង្ហាញសមត្ថភាពសម្របខ្លួនយ៉ាងឆាប់រហ័ស តាមរយៈការពង្រីកដៃគូពាណិជ្ជកម្ម និង​ពង្រឹងទំនាក់ទំនងជាមួយប្រទេសដទៃទៀតនៅក្នុងតំបន់ ហើយកាត់បន្ថយការពឹងផ្អែកលើប្រទេសថៃ ដែលធ្វើឱ្យសម្ពាធសេដ្ឋកិច្ចរបស់ថៃ បាត់បង់ប្រសិទ្ធភាពជាបន្តបន្ទាប់ ពោលគឺមិនអាចធ្វើឱ្យកម្ពុជាចុះញ៉មឡើយ

យោងតាមការសិក្សារបស់លោក Richard Yarrow ដែលចុះផ្សាយនៅលើគេហទំព័រ New Mandala របស់​អូស្ត្រាលី បានបង្ហាញ​ថា ជម្លោះព្រំដែនកម្ពុជា-ថៃ បានបង្ហាញយ៉ាងច្បាស់ពីដែនកំណត់នៃការប្រើប្រាស់ឥទ្ធិពលសេដ្ឋកិច្ច ឬភូមិសាស្ត្រសេដ្ឋកិច្ច ជាឧបករណ៍សម្រាប់ដាក់សម្ពាធ​លើ​ប្រទេសដទៃនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ របាយការណ៍សិក្សានេះ​បាន​រំលេចថា អស់រយៈពេលជាច្រើនឆ្នាំ​មក​ហើយដែលកម្ពុជា ធ្លាប់​តែពឹងផ្អែកយ៉ាងខ្លាំងលើប្រទេសថៃ ក្នុងវិស័យសំខាន់ៗដូចជា ប្រេងឥន្ធនៈ អគ្គិសនី ពាណិជ្ជកម្ម ការវិនិយោគ និងទីផ្សារការងារ។ ជាពិសេស ពលករខ្មែររហូតដល់​ទៅ​ជាង១លាននាក់ បានធ្វើការនៅប្រទេសថៃ ខណៈក្រុមហ៊ុនថៃ ជាច្រើន មានវត្តមានចាក់ឫសយ៉ាងរឹងមាំនៅក្នុងសរសៃឈាម​សេដ្ឋកិច្ច​កម្ពុជា។

ប៉ុន្តែនៅពេលភាពតានតឹងព្រំដែនផ្ទុះឡើងអំឡុង​ឆ្នាំ២០២៥ ប្រទេសថៃ បានចាត់វិធានការ​​អមិត្តជាបន្តបន្ទាប់​មក​លើ​កម្ពុជា រួមមាន ការបិទច្រកព្រំដែនសំខាន់ៗ កាត់ផ្តាច់ការផ្គត់ផ្គង់អគ្គិសនី និងអ៊ីនធឺណិត រឹតបន្តឹងពាណិជ្ជកម្ម ព្រមទាំងដាក់កំហិតលើការដឹកជញ្ជូនប្រេងឥន្ធនៈ និងកម្លាំងពលកម្ម​ផងដែរ។ វិធានការទាំងនេះ បានធ្វើឱ្យសកម្មភាពពាណិជ្ជកម្មឆ្លងដែនធ្លាក់ចុះយ៉ាងគំហុក ស្ទើរតែឈានដល់ការជាប់គាំង។

ទោះជាយ៉ាងណាកម្ពុជា បានឆ្លើយតបលឿនជាងការរំពឹងទុក។ រាជរដ្ឋាភិបាលកម្ពុជា និងវិស័យ​ឯកជនបានបង្កើនការនាំចូល និងពង្រីកពាណិជ្ជកម្មជាមួយប្រទេសវៀតណាម ចិន សិង្ហបុរី និងម៉ាឡេស៊ី ព្រមទាំងពង្រឹងសមត្ថភាពផលិតថាមពលក្នុងស្រុក ដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រទេសជិតខាង។

របាយការណ៍​ខាងលើ​នេះ​បានបញ្ជាក់ទៀតថា ការនាំចូលប្រេងឥន្ធនៈពីសិង្ហបុរីរបស់កម្ពុជាបានកើនឡើងជាងទ្វេដង បន្ទាប់ពីវិបត្តិព្រំដែនបានផ្ទុះឡើង ដែលជួយឱ្យកម្ពុជា ចៀសផុតពីវិបត្តិកង្វះថាមពល និងរក្សាស្ថិរភាពសេដ្ឋកិច្ចបានយ៉ាងមានប្រសិទ្ធភាព។ បើតាមការវិភាគខាងលើបង្ហាញ​ថា កម្ពុជា នៅតែអាចរក្សាកំណើនសេដ្ឋកិច្ចប្រមាណ៥% និងគ្រប់គ្រងអតិផរណាក្នុងកម្រិតមធ្យម ទោះបីជាមានផលប៉ះពាល់ខ្លះៗទៅ​លើ​បណ្ដាខេត្តជាប់ព្រំដែន ពលករចំណាកស្រុក និងអាជីវកម្មមួយចំនួនក៏ដោយ។

ជាចុងក្រោយអត្ថបទវិភាគនេះ​បានសន្និដ្ឋានថា ការកើនឡើងនៃទំនាក់ទំនងសេដ្ឋកិច្ចពហុភាគីនៅអាស៊ីអាគ្នេយ៍ បានធ្វើឱ្យប្រទេសមួយ​​កាន់​តែពិបាកប្រើសម្ពាធសេដ្ឋកិច្ច ដើម្បីសង្កត់កបង្ខំប្រទេសមួយទៀតដូចអតីតកាលណាស់។ របាយការណ៍​នេះ​​បានគូសបញ្ជាក់ថា ឥទ្ធិពលពិតប្រាកដនៅក្នុងតំបន់នាពេលអនាគត នឹងអាស្រ័យលើការកសាងភាពជាដៃគូផ្នែកពាណិជ្ជកម្ម ហេដ្ឋារចនាសម្ព័ន្ធ និងហិរញ្ញវត្ថុ ជាជាងការប្រើប្រាស់វិធានការដាក់សម្ពាធ ឬការរឹតត្បិតសេដ្ឋកិច្ច៕

ដោយ: ​តែម សុខុម




អត្ថបទបន្ទាប់


ប្រធានធនាគារកណ្ដាលអាល្លឺម៉ង់ ព្រមានថា តម្លៃទំនិញអាចនៅតែថ្លៃ ទោះបីជាជម្លោះនៅមជ្ឈិមបូព៌ាបញ្ចប់ក៏ដោយ

លោក ចូអាឃីម នេហ្គល (Joachim Nagel) ប្រធានធនាគារកណ្ដាលអាល្លឺម៉ង់ និងជាសមាជិកក្រុមប្រឹក្សាភិបាល នៃធនាគារកណ្តាលអឺរ៉ុប (ECB) បានបញ្ជាក់នៅ…

ការប្រណាំងប្រជែងអភិវឌ្ឍន៍ AI របស់ក្រុមហ៊ុនយក្សៗកំពុងបង្កឱ្យមានការបារម្ភពីជោគវាសនាការងាររបស់មនុស្ស១,៤ពាន់លាននាក់

ស្របពេលដែលប្រទេសធំៗនៅលើពិភពលោកបានចំណាយថវិការាប់លានដុល្លារយ៉ាង ដើម្បីរុញច្រានការអភិវឌ្ឍ និងធ្វើទំនើបកម្មនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (A…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ