លោក ដូណាល់ ត្រាំ

អាម៉េរិក ប្តេជ្ញានឹងបន្តធ្វើជាដៃគូដ៏រឹងមាំសម្រាប់អាស៊ានជាច្រើនជំនាន់ទៅមុខទៀត


នៅចំពោះមុខមេដឹកនាំបណ្តាប្រទេសក្នុងតំបន់អាស៊ាន ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការបន្តធ្វើជាដៃគូដ៏រឹងមាំជាមួយអាស៊ានទៅថ្ងៃអនាគត។ លោក ត្រាំ បានប្រាប់ក្រុមមេដឹកនាំអាស៊ានថា សហរដ្ឋអាម៉េរិកនឹងនៅតែជាដៃគូដ៏រឹងមាំសម្រាប់អាស៊ានតទៅមុខជាច្រើនជំនាន់ទៀត។ ការបញ្ជាក់បែបនេះធ្វើឡើងក្នុងអំឡុងពេល លោក ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំពាក់ព័ន្ធនៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។
លោក ដូណាល់ ត្រាំ
ដោយ

នាពិធីបើកកិច្ចប្រជុំកំពូលអាស៊ាន-អាម៉េរិក ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រាប់ក្រុមមេដឹកនាំអាស៊ានថា សហរដ្ឋអាម៉េរិក ជាដៃគូដ៏ល្អ និងរឹងមាំសម្រាប់អាស៊ាន និងប្តេជ្ញាជួយកសាងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ឱ្យមានលក្ខណៈសេរី បើកចំហ និងរីកចម្រើន។ មេដឹកនាំប្រទេសមហាអំណាចផុតលេខរូបនេះបានអះអាងថា អាម៉េរិកនឹងបន្តឈរ និងគាំទ្រអាស៊ាន១០០% និងចង់ក្លាយជាដៃគូ និងមិត្តដ៏រឹងមាំសម្រាប់ប្លុកនេះជាច្រើនជំនាន់ទៅមុខទៀត។ លោក ត្រាំ បានសង្កត់ធ្ងន់ថា ការចាប់ដៃគ្នារវាងអាម៉េរិក និងអាស៊ានមិនត្រឹមតែជួយពង្រឹងវិបុលភាពសម្រាប់អាម៉េរិក និងអាស៊ាននោះទេ តែវាសម្រាប់ប្រជាជាតិនានានៅសងខាងនៃមហាសមុទ្រប៉ាស៊ីហ្វិក។

ការលើកឡើងបែបនេះរបស់លោក ដូណាល់ ត្រាំ ធ្វើឡើងចំពេលមានការប្រជែងអំណាចគ្នាកាន់តែខ្លាំងឡើងរវាងសហរដ្ឋអាម៉េរិក និងប្រទេសចិននៅក្នុងតំបន់នេះ ដោយមហាអំណាចទាំងពីរកំពុងស្វែងរកការពង្រឹងទំនាក់ទំនងជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ខណៈដែលសកម្មភាពដ៏ម៉ឺងម៉ាត់របស់ចិននៅសមុទ្រចិនខាងត្បូង នៅតែជាក្តីបារម្ភចំពោះបញ្ហាសន្តិសុខនៅក្នុងតំបន់នេះ។

តែយ៉ាងណាសម្រាប់អាស៊ាន បញ្ហាពាណិជ្ជកម្ម គឺជាបញ្ហាបន្ទាន់បំផុតមួយក្នុងទំនាក់ទំនងរបស់ខ្លួនជាមួយសហរដ្ឋអាម៉េរិក ដែលជាគោលដៅនាំចេញដ៏ធំបំផុតរបស់ប្លុកនេះ។ ចាប់តាំងពីខែសីហា មក រដ្ឋបាលលោក ត្រាំ បានដាក់ពន្ធបដិការចាប់ពី១០% ដល់៤០% ក្នុងចំណោមរដ្ឋអាស៊ាន ដែលបានជះឥទ្ធិពលដល់ទស្សនវិស័យសេដ្ឋកិច្ចរបស់តំបន់នេះ។

ទោះជាយ៉ាងណា សុន្ទរកថាបើកកិច្ចប្រជុំកំពូលរបស់ថ្នាក់មេដឹកនាំអាស៊ានមិនបាននិយាយស៊ីជម្រៅលើបញ្ហាពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិកនោះទេ ផ្ទុយទៅវិញបានបង្ហាញអំពីឆន្ទៈរបស់ពួកគេចំពោះកិច្ចសហប្រតិបត្តិការជាមួយអាម៉េរិកកាន់តែស៊ីជម្រៅទៅវិញ។ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក អាន់វ៉ា អ៊ីប្រាហ៊ីម បាននិយាយក្នុងកិច្ចប្រជុំអាស៊ានថា សេដ្ឋកិច្ចដ៏រស់រវើករបស់សហរដ្ឋអាម៉េរិក និងអាស៊ីអាគ្នេយ៍មានសក្តានុពលក្នុងការបង្កើតយុគសម័យមាសសម្រាប់ប្រជាជាតិទាំងពីរ៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


សមាជិក UN ជាង៦០ បានចុះហត្ថលេខាលើសន្ធិសញ្ញាប្រឆាំងឧក្រិដ្ឋកម្មអនឡាញ ទោះបីមានការជំទាស់ពីក្រុមសិទ្ធិមនុស្ស

ប្រទេសជាង៦០ បានចុះហត្ថលេខាលើសន្ធិសញ្ញារបស់អង្គការសហប្រជាជាតិ ដែលផ្តោតលើកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតក្នុងរដ្ឋ…

លោក ត្រាំ បានចាត់ទុកកិច្ចព្រមសន្តិភាពរវាងកម្ពុជា និងថៃ ជាសមិទ្ធផលប្រវត្តិសាស្ត្រ និងអនុញ្ញាតឱ្យក្រុមហ៊ុនអាម៉េរិក អាចលក់អាវុធដល់កម្ពុជា ឡើងវិញ

ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានបង្ហាញមោកភាពយ៉ាងខ្លាំងនៅចំពោះមុខក្រុមមេដឹកនាំអាស៊ាន ដែលខ្លួនបានជួយសម្របសម្រួលឱ្យកម្ពុជា …

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ