លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចបានចាត់ទុកការបើកការវាយប្រហាររបស់សហរដ្ឋអាម៉េរិកលើវេណេស៊ុយអេឡា បានសបញ្ជាក់ឱ្យឃើញថា សណ្តាប់ធ្នាប់ពិភពលោក និងច្បាប់អន្តរជាតិនានាលែងមានអ្នកគោរព និងមានប្រសិទ្ធភាពទៀតហើយ ខណៈដៃគូសម្ព័ន្ធមិត្តនានា ក៏មិនហ៊ានប្រថុយជួយគាំទ្រប្រទេសតូច ប្រឆាំងនឹងប្រទេសមហាអំណាចនោះដែរ។ តាមរយៈបទពិសោធន៍នេះអ្នកជំនាញរូបនេះយល់ឃើញថា ក្នុងនាមជាប្រទេសតូចដូចកម្ពុជាត្រូវត្រៀមខ្លួនបន្ថែមទៀត តាមរយៈការពង្រឹងសម្ថតភាពផ្ទៃក្នុង ការពង្រឹងចំណូលថវិកាជាតិ តាមរយៈការទាញយកធនធានរ៉ែ ដែលមានតម្លៃសម្រាប់អភិវឌ្ឍសេដ្ឋកិច្ច និងវិស័យការពារជាតិ ពង្រឹងសម្ព័ន្ធមិត្ត និងទំនាក់ទំនងពាណិជ្ជកម្មជាមួយបណ្តាប្រទេសមហាអំណាចនានា រួមទាំងការពង្រឹងលទ្ធិប្រជាធិបតេយ្យ ដើម្បីចៀសវាងការចោទប្រកាន់ពីប្រទេសមហាអំណាចណាមួយជាដើម។ បន្ថែមលើនេះ ការអនុវត្តគោលនយោបាយអព្យាក្រឹតភាពរបស់កម្ពុជា និងការចូលរួមគោរពអនុវត្តច្បាប់អន្តរជាតិ ក៏ជាកត្តាសំខាន់ដែរ ដើម្បីរក្សាសន្តិសុខជាតិរបស់ខ្លួននាពេលអនាគត។
ជាមួយគ្នានេះឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាមើលឃើញថាពិភពលោកហាក់កំពុងបាត់បង់សណ្តាប់ធ្នាប់ ដោយការបាត់សណ្តាប់ធ្នាប់នេះ គឺបណ្តាលមកពីមនុស្សមិនឱ្យតម្លៃទៅលើច្បាប់ អាត្មានិយម និងគិតតែពីផលប្រយោជន៍ ខណៈអ្នកដឹកនាំដែលមានឫសគល់ចេញពីច្បាប់រមែងគ្រប់គ្រងតាមគន្លងនៃច្បាប់។ បើតាមថ្នាក់ដឹកនាំរូបនេះ នៅសហរដ្ឋអាមេរិក វិស័យច្បាប់គឺជាមុខវិជ្ជាមួយ ដែលមិនងាយនឹងយកបានទេ ដូច្នេះការដឹកនាំនៅក្នុងសង្គមកាន់តែឃ្លាតឆ្ងាយពីគន្លងច្បាប់ បូកផ្សំ និងការមិនដាក់ទោសអ្នកដែលបំពានច្បាប់បានធ្វើឱ្យច្បាប់ប្រៀបបាននឹងក្រដាសមួយសន្លឹក។ ឯកឧត្តម កែវ រ៉េមី បានសង្កត់ធ្ងន់ថា នៅពេលដែលបាត់សណ្តាប់ធ្នាប់សង្គម នៅពេលនោះគឺពិភពលោកវិលទៅរកច្បាប់ធម្មជាតិដែលអ្នកដែលខ្លាំងទើបអាចរស់បាន។ ដូច្នេះហើយសម្រាប់ប្រទេសតូច ដូចកម្ពុជាគឺនៅតែប្រកាន់ខ្ជាប់ពឹងទៅលើច្បាប់ និងភាពស្របច្បាប់របស់ខ្លួនដើម្បីការពារ និងរកយុត្តិធម៌ ហើយប្រសិនបើបោះបង់ច្បាប់ គឺស្មើនឹងបើកដៃឱ្យអ្នកឈ្លានពាន ហើយកំពុងបំពានលើខ្លួនដោយស្របច្បាប់។
គួរជម្រាបថា កងទ័ពពិសេសរបស់អាម៉េរិកបានវាយឆ្មក់លើប្រទេសវេណេស៊ុយអេឡា ហើយចូលចាប់មេដឹកនាំវេណេស៊ុយអេឡាលោក នីកូឡាស ម៉ាឌូរ៉ូ និងភរិយាកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦។ នៅប៉ុន្មានម៉ោងក្រោយមកលោក ត្រាំ ប្រធានាធិបតីអាម៉េរិកបានប្រកាសថា លោកនឹងដាក់ប្រទេសវេណេស៊ុយអេឡាឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាម៉េរិក តែមជ្ឈដ្ឋានទូទៅលើកជាចម្ងល់ថា តើអាម៉េរិកគ្រប់គ្រងវេណេស៊ុយអេឡាដោយរបៀបណា៕