រដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA) របស់សហរដ្ឋអាម៉េរិក បានអះអាងថា ក្រុមហ៊ុនអាកាសចរណ៍អាម៉េរិក បានលុបចោលជើងហោះហើរចំនួន១,៤៦០ជើង កាលពីថ្ងៃសៅរ៍ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលជាថ្ងៃទីពីរនៃការកាត់បន្ថយជើងហោះហើរតាមការកំណត់របស់រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ នៅទូទាំងសហរដ្ឋអាម៉េរិក ខណៈជើងហោះហើរចំនួន៦ពាន់ជើងទៀតត្រូវបានពន្យារពេលហោះហើរ ដែលធ្វើឱ្យការធ្វើដំណើរតាមផ្លូវអាកាសជួបបញ្ហាកាន់តែខ្លាំង។ ការលុបចោល និងពន្យារពេលជើងហោះហើរនេះ គឺដោយសារខ្វះអ្នកត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាស ក្រោយការបិទរដ្ឋាភិបាលសហព័ន្ធបានអូសបន្លាយពេលជាងមួយខែកន្លងមកនេះ។
រដ្ឋបាល FAA បានរាយការណ៍ថា ការកាត់បន្ថយបុគ្គលិកត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាសបានប៉ះពាល់ដល់ប៉មអាកាសយានដ្ឋានចំនួន៣៧ និងមជ្ឈមណ្ឌលផ្សេងទៀត និងបានពន្យារពេលជើងហោះហើរនៅក្នុងទីក្រុងធំៗយ៉ាងតិចចំនួន១២នៅទូទាំងសហរដ្ឋអាម៉េរិករួមទាំងទីក្រុងអាត្លង់តា, នេវ៉ក, សាន់ហ្វ្រាន់ស៊ីស្កូ, ឈីកាហ្គោ និងញូវយ៉កផងដែរ។ ជើងហោះហើរចំនួន៦ពាន់ដែលត្រូវបានពន្យារពេលកាលពីថ្ងៃសៅរ៍ មានចំនួនតិចជាងកាលពីថ្ងៃសុក្រ ដែលមានជើងហោះហើររហូតដល់៧ពាន់ជើងត្រូវបានពន្យារពេល។
សូមរំលឹកថា អាជ្ញាធរ FAA បានណែនាំដល់ក្រុមហ៊ុនអាកាសចរណ៍ឱ្យកាត់បន្ថយជើងហោះហើរប្រចាំថ្ងៃ៤% ចាប់ពីថ្ងៃសុក្រ សប្ដាហ៍មុន នៅអាកាសយានដ្ឋានសំខាន់ៗចំនួន៤០ នៅទូទាំងសហរដ្ឋអាម៉េរិក ដោយសារតែក្តីបារម្ភអំពីសុវត្ថិភាពនៃការគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស ចំពេលមានការកាត់បន្ថយបុគ្គលិកត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាសដោយសារតែរដ្ឋាភិបាលមិនបានបើកប្រាក់ឈ្នួលដល់ពួកគេជាច្រើនសប្ដាហ៍កន្លងមកនេះ បន្ទាប់ពីមានការបិទរដ្ឋាភិបាលសហព័ន្ធរយៈពេល៤០ថ្ងៃកន្លងមកនេះ៕
ដោយ៖ សុខ មង្គល