
នៅថ្ងៃទី២ ខែមិថុនា ហាងឆេងមាសនៅលើទីផ្សារអន្តរជាតិ បានហក់ឡើង០,៥% ឈានដល់ប្រមាណ៣,៣០៦ដុល្លារអាម៉េរិក ក្នុងមួយអោន ឬជាង៤,០៣១ដុល្លារអាម៉េរិក ក្នុងមួយតម្លឹង ហើយទន្ទឹមនេះ ហាងឆេងមាសនៅទីផ្សារសហរដ្ឋអាម៉េរិក បានហក់ឡើង០,៤% ឈានដល់ប្រមាណ៣,៣៣០ដុល្លារអាម៉េរិក ក្នុងមួយអោន ឬ៤,០៦១ដុល្លារអាម៉េរិក ក្នុងមួយតម្លឹង។
លោក ធីម វ៉តធ័ររើ (Tim Waterer) ប្រធានក្រុមអ្នកវិភាគនៅក្រុមហ៊ុនផ្ដល់សេវាហិរញ្ញវត្ថុអន្តរជាតិ KCM Trade បានលើកឡើងថា ភាពតានតឹងផ្នែកពាណិជ្ជកម្ម និងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយកំពុងជំរុញឱ្យហាងឆេងមាសហក់ឡើងថ្លៃនៅដើមសប្តាហ៍នេះ។ អ្នកវិភាគរូបនេះ បានបន្ថែមថា បណ្ដាវិនិយោគិនពេលនេះ កំពុងជៀសវាងការវិនិយោគលើទ្រព្យសកម្មដែលមានហានិភ័យនានា ហើយការធ្លាក់ថ្លៃប្រាក់ដុល្លារអាម៉េរិក ក៏ជាកត្តារួមចំណែកជួយរក្សាស្ថិរភាពតម្លៃមាសផងដែរ។ ប្រាក់ដុល្លារអាម៉េរិក នៅថ្ងៃទី២ ខែមិថុនា នេះបានធ្លាក់ថ្លៃ០,៣% ឈានដល់១៤៣,៥៧យ៉េន ក្នុងមួយដុល្លារអាម៉េរិក ក្រោយពីឡើងថ្លៃជាង១% កាលពីសប្ដាហ៍មុន។
ទន្ទឹមនេះ ប្រាក់អឺរ៉ូ បានហក់ឡើងថ្លៃ០,២% ឈានដល់ជិត១,១៤ដុល្លារអាម៉េរិក ក្នុងមួយអឺរ៉ូ ហើយលុយផោនរបស់អង់គ្លេស បានហក់ឡើងថ្លៃ០,៣% ឈានដល់ជិត១,៣៥ដុល្លារអាម៉េរិក ក្នុងមួយផោន ចំណែកឯប្រាក់ដុល្លារអូស្ត្រាលី បានហក់ឡើងថ្លៃ០,៣% ឈានដល់ជាង០,៦៤ដុល្លារអាម៉េរិក ក្នុងមួយដុល្លារអូស្ត្រាលី។
សន្ទស្សន៍តម្លៃប្រាក់ដុល្លារអាម៉េរិក បើនឹងរូបិយប័ណ្ណសំខាន់ៗទាំង៦ រួមមាន ប្រាក់អឺរ៉ូ ប្រាក់យ៉េន របស់ជប៉ុន លុយផោន របស់អង់គ្លេស លុយដុល្លារកាណាដា លុយក្រូណា (Krona) របស់ស៊ុយអែត និងលុយហ្វ្រង់ របស់ស្វីស បានធ្លាក់ចុះ០,២%។ ហើយក្តីបារម្ភនាពេលថ្មីៗនេះអំពីហិរញ្ញវត្ថុរបស់រដ្ឋាភិបាលអាម៉េរិក ក៏បានបន្ថែមសម្ពាធលើប្រាក់ដុល្លារអាម៉េរិកដែរ ដោយធ្វើឱ្យបណ្ដាវិនិយោគិនសម្រុកលក់ចេញទ្រព្យសកម្មអាម៉េរិក ដូចជាភាគហ៊ុន និងបណ្ណរតនាគារជាដើម៕
ដោយ: តែម សុខុម