ទីផ្សាររថយន្ត

តើមានកត្តាចម្បងអ្វីខ្លះធ្វើឱ្យទីផ្សាររថយន្តមួយទឹកនៅថៃ បន្តដាំក្បាលចុះកាន់តែខ្លាំង?


សមាគមរថយន្តមួយទឹករបស់ថៃ បានអះអាងថា ទីផ្សាររថយន្តមួយទឹក ឬរថយន្តជជុះនៅក្នុងប្រទេសថៃ នឹងបន្តធ្លាក់ចុះកាន់តែខ្លាំង ស្របពេលដែលទីផ្សាររថយន្តថ្មី ក៏កំពុងជួបបញ្ហាប្រឈមដូចគ្នា។ តើមានកត្តាចម្បងអ្វីខ្លះធ្វើឱ្យទីផ្សាររថយន្តមួយទឹកនៅប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទី២នៅអាស៊ានមួយនេះ បន្តដាំក្បាលចុះកាន់តែខ្លាំងបែបនេះ?
ទីផ្សាររថយន្ត
ដោយ

សមាគមរថយន្តមួយទឹករបស់ប្រទេសថៃ បានឱ្យដឹងថា ទីផ្សាររថយន្តមួយទឹក ឬ រថយន្តជជុះនៅក្នុងប្រទេសថៃ នឹងបន្តធ្លាក់ចុះការលក់ ខណៈដែលការស្នើសុំកម្ចីរបស់អតិថិជនភាគច្រើនត្រូវបានគ្រឹះស្ថានហិរញ្ញវត្ថុច្រានចោល ដោយសារតែមិនគ្រប់លក្ខខណ្ឌ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត បាងកក ប៉ុស្ដិ៍។

សមាគមរថយន្តមួយទឹករបស់ប្រទេសថៃ ធ្លាប់បានព្យាករថា ការលក់រថយន្តមួយទឹកនៅប្រទេសថៃ នឹងប្រសើរឡើងនៅឆមាសទី២ ឆ្នាំ២០២៤ ដោយសង្ឃឹមថា បណ្ដាគ្រឹះស្ថានផ្តល់សេវាហិរញ្ញវត្ថុនឹងបន្ធូរបន្ថយលក្ខខណ្ឌនៃការផ្តល់ប្រាក់កម្ចីដល់អតិថិជន។

ទោះជាយ៉ាងណា ក្រុមហ៊ុនហិរញ្ញវត្ថុ និងគ្រឹះស្ថានធនាគារជាច្រើននៅតែសម្រិតសម្រាំងខ្លាំង និកំណត់លក្ខណ្ឌតឹងរ៉ឹងចំពោះការអនុម័តលើពាក្យស្នើសុំកម្ចីដោយសារបំណុលគ្រួសារពលរដ្ឋថៃ នៅតែមានកម្រិតខ្ពស់គួរឱ្យបារម្ភ ខ្លាចអតិថិជនគ្មានលទ្ធភាពសងត្រលប់។ នេះបើយោងតាមការបញ្ជាក់ពីលោក វិឆ័យ ស៊ូវ៉ាណាស៊ីឡា (Vichai Suwanasilar) ប្រធានសមាគមរថយន្តមួយទឹករបស់ថៃ។

លោកបានគូសបញ្ជាក់ថា ទាំងទីផ្សាររថយន្តមួយទឹក និងទីផ្សាររថយន្តថ្មីកំពុងជួបបញ្ហាប្រឈមដូចគ្នា ដោយសារការច្រានចោលការស្នើសុំកម្ចី។ ការលំបាកក្នុងការទទួលបានកម្ចីទិញរថយន្តកំពុងធ្វើឱ្យការផ្គត់ផ្គង់រថយន្តមួយទឹកជោរជន់លើសតម្រូវការ ដែលបង្ខំឱ្យអ្នកចែកចាយរថយន្តមួយទឹកលក់រថយន្តបញ្ចុះតម្លៃ ដែលធ្វើឱ្យប៉ះពាល់ដល់ការរកស៊ីរបស់ពួកគេជាខ្លាំង។

លោកបានថ្លែងថា ពលរដ្ឋមួយចំនួនធំចូលចិត្តទិញរថយន្តមួយទឹកដោយជឿថា ពួកគេនឹងមានលក្ខណសម្បត្តិគ្រប់គ្រាន់ដែលអាចស្នើកម្ចីបានងាយស្រួលជាងការទិញរថយន្តថ្មី តែទោះជាយ៉ាងណា កម្រិតបំណុលគ្រួសារខ្ពស់បានក្លាយជាឧបសគ្គរាំងស្ទះសម្រាប់ពួកគេ។

ទោះបីជាធនាគារកណ្តាលថៃ រាយការណ៍ថា បំណុលគ្រួសារកំពុងធ្លាក់ចុះ ខណៈដែលកំណើនសេដ្ឋកិច្ចកើនឡើងយ៉ាងណាក្ដី ក៏កម្រិតបំណុលនៅតែខ្ពស់ ដែលបណ្តាលឱ្យគ្រឹះស្ថានធនាគារ និងគ្រឹះស្ថានផ្តល់សេវាហិរញ្ញវត្ថុនានាបង្កើនការប្រុងប្រយ័ត្នចំពោះការផ្តល់កម្ចីសម្រាប់ទិញរថយន្តដោយសារបារម្ភខ្លាចឥណទានមិនដំណើរការ (NPL) ឬកម្ចីខូចកើនឡើង។

ធនាគារកណ្តាលថៃ បានរាយការណ៍ថា បំណុលគ្រួសារពលរដ្ឋថៃ មានចំនួនសរុប៤៨៣ពាន់លានដុល្លារអាម៉េរិក គិតត្រឹមត្រីមាសទី២ ឆ្នាំ២០២៤ ដែលស្មើនឹង៨៩,៨% នៃផលិតផលក្នុងស្រុកសរុប (GDP) ដោយធ្លាក់ចុះតែបន្តិចប៉ុណ្ណោះ បើធៀបនឹងបំណុលគ្រួសារសរុបដែលស្មើនឹង៩០,៨%នៃផលិតផលក្នុងស្រុកសរុបក្នុងត្រីមាសទី១។

ទោះជាយ៉ាងណា ចំនួនរថយន្តដែលត្រូវបានរឹបអូសយកមកលក់ឡាយឡុងដើម្បីកាត់កងបំណុលនៅតែបន្តកើនឡើង ដោយសារតែម្ចាស់រថយន្តគ្មានលទ្ធភាពសងប្រាក់កម្ចីរបស់ពួកគេ ខណៈដែលសេដ្ឋកិច្ចមិនទាន់ងើបឡើងវិញពេញលេញ ហើយវិធានការជំរុញសេដ្ឋកិច្ចរបស់រដ្ឋាភិបាលថៃ ក៏មិនទាន់ធ្វើឱ្យសេដ្ឋកិច្ចមានភាពប្រសើរឡើងជាដុំកំភួន៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


រថយន្ត Ford ដែលផលិតក្នុងស្រុកបានរួមចំណែកជាង៣០% នៃទីផ្សារលក់រថយន្តថ្មីនៅ៩ខែឆ្នាំនេះ

ថ្នាក់ដឹកនាំក្រុមហ៊ុន RMA Cambodia បានវាយតម្លៃថា ការប្រើប្រាស់រថយន្តថ្មីនៅកម្ពុជា បានបង្ហាញពីនិន្នាការកើនឡើងជាបន្តបន្ទាប់នៅមួយរយៈចុងក្រោយ…

ការធ្លាក់ចុះតម្លៃអង្ករនៅលើទីផ្សារអន្តរជាតិ បានជួយបន្ធូរសម្ពាធអតិផរណានៅតំបន់អាស៊ី និងអាហ្វ្រិក

តម្លៃអង្ករនៅលើទីផ្សារអន្តរជាតិ កំពុងធ្លាក់ចុះបន្ទាប់ពីឥណ្ឌា ដែលជាប្រទេសនាំចេញអង្ករឈានមុខគេរបស់ពិភពលោកបានបន្ធូរបន្ថយការរឹតបន្តឹងលើការនាំច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ