ដំណាក់កាលដំបូងនៃវិបត្តិថាមពល

មេទីភ្នាក់ងារថាមពលអន្តរជាតិថា ពិភពលោកកំពុងស្ថិតក្នុងដំណាក់កាលដំបូងនៃវិបត្តិថាមពលហើយ


ប្រធានទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បាននិយាយនៅថ្ងៃអង្គារទី ២៥តុលានេះថា ការរឹតបន្តឹងទីផ្សារសម្រាប់ឧស្ម័នធម្មជាតិរាវ (LNG) នៅទូទាំងពិភពលោក និងអ្នកផលិតប្រេងសំខាន់ៗដែលកាត់បន្ថយការផ្គត់ផ្គង់នោះ បានធ្វើឱ្យពិភពលោកស្ថិតក្នុងពាក់កណ្តាលនៃ«វិបត្តិថាមពលពិភពលោកជាលើកដំបូងយ៉ាងពិតប្រាកដ»ហើយនាពេលនេះ។
មេទីភ្នាក់ងារថាមពលអន្តរជាតិថាពិភពលោកកំពុងស្ថិតក្នុងដំណាក់កាលដំបូងនៃវិបត្តិថាមពល

ការលើកឡើង​របស់​មេទីភ្នាក់ងារថាមពលអន្តរជាតិនេះ ធ្វើឡើង​នៅចំពេលដែល ​សហ​ភាព​អឺរ៉ុបឯណោះវិញ បាន​​ព្រមាន​ប្រឆាំង​នឹង​ការ​កំណត់​តម្លៃ​ឧស្ម័ន​សម្រាប់​ថាម​ពលអគ្គិសនី​។ នេះ​បើតាម​ការ​ចេញ​ផ្សាយ​របស់​ទី​ភ្នាក់​ងារ​រ៉យ​ទ័រ​។

ការកើនឡើងនៃការនាំចូលឧស្ម័ន​ LNG ទៅកាន់អឺរ៉ុប​នៅ​ចំពេលមានវិបត្តិអ៊ុយក្រែន និងការស្ទុះ​ងើប​ឡើង​វិញ​ជា​សក្តានុពលនៃ​តម្រូវការ​​ប្រេង​ឥន្ធនៈ​​​របស់ចិន​​នឹងធ្វើឱ្យទីផ្សារកាន់តែមានភាពតឹងរ៉ឹង ​ខណៈដែល​សមត្ថភាព​​ឧស្ម័ន​ LNG ​ថ្មី​ត្រឹមតែ ២០ ពាន់លានម៉ែត្រ​គូប​នឹង​មានលក់​នៅ​លើទីផ្សារ​ពិភពលោក​នៅ​ឆ្នាំក្រោយ​នេះ​។ នេះ​បើ​យោង​តាម​នាយកប្រតិបត្តិ​ទីភ្នាក់ងារថាមពលអន្តរជាតិ​ (IEA )​លោក​ ហ្វាទី ប៊ីរ៉ូល (Fatih Birol)​ បាននិយាយក្នុងកម្មវិធី​ថាមពលអន្តរជាតិប្រចាំសប្ដាហ៍​នៅ​សិង្ហបុរី​។

ទន្ទឹមនឹងនេះដែរ​ការសម្រេចចិត្តនាពេលថ្មីៗនេះ ​របស់អង្គការ​នៃបណ្ដា​ប្រទេសនាំចេញប្រេង​​ហៅ​ថា​ អូប៉ិច (OPEC) និងសម្ព័ន្ធមិត្តរបស់ខ្លួន​ដែលគេស្គាល់ថា OPEC+ ​ដែល​​បាន​កាត់បន្ថយទិន្នផលប្រេង ២ លានបារ៉ែលក្នុងមួយថ្ងៃ​នោះ ​គឺជាការសម្រេចចិត្ត​ទាំង​ប្រថុយប្រថាន​ ខណៈដែល​ទី​ភ្នាក់​ងារថាមពលអន្តរជាតិ មើលឃើញ​កំណើន​តម្រូវ​ការ​ប្រេងពិភពលោកដល់​​ជិត​ ២ លាន​បារ៉ែល​ក្នុង​មួយថ្ងៃ​នៅ​ឆ្នាំ​នេះ​។ នេះ​បើ​តាម​លោក ប៊ីរ៉ូល​។​

នាយក​ប្រតិ​បត្តិ​ទីភ្នាក់ងារថាមពលអន្តរជាតិ​រូប​នេះ​​បាននិយាយថា វាជាពិសេសគឺមានគ្រោះថ្នាក់ដោយសារសេដ្ឋកិច្ចប្រទេសជាច្រើននៅជុំវិញ​ពិភពលោកកំពុងស្ថិត​ក្នុងដំណាក់កាលនៃវិបត្តិសេដ្ឋកិច្ច ដូច្នេះ លោក​បានរកឃើញថាការសម្រេចចិត្តនេះពិតជាមិន​ល្អ​នោះ​ទេ​។

ប៉ុន្តែលោក ប៊ីរ៉ូល ​ក៏បាននិយាយដែរថា វិបត្តិថាមពលបច្ចុប្បន្ន​អាចជាចំណុចរបត់មួយ​នៅក្នុងប្រវត្តិសាស្ត្រវិស័យថាមពល សម្រាប់ការពន្លឿនប្រភពថាមពលស្អាត និងសម្រាប់ការបង្កើតប្រព័ន្ធថាមពល​ប្រកប​ដោយនិរន្តរភាព និងសុវត្ថិភាព។

លោក ប៊ីរ៉ូល ​បាននិយាយថា សន្តិសុខថាមពលគឺជាកត្តាជំរុញលេខមួយនៃការផ្លាស់ប្តូរថាមពល ខណៈ​ដែលប្រទេសនានាមើលឃើញថា បច្ចេកវិទ្យាថាមពលនិងថាម​ពល​កកើតឡើងវិញជាដំណោះស្រាយសំខាន់មួយសម្រាប់បញ្ហា​។

ចំពេលពិភពលោក​កំពុង​ប្រឈមមុខនឹងវិបត្តិថាមពលនេះ​ដែរ​ គណៈកម្មការអឺរ៉ុបបានព្រមាន​ប្រទេសនានាថា ការកំណត់តម្លៃឧស្ម័ននៅ​ទូទាំងសហភាពអឺរ៉ុប ​ដែល​ប្រើសម្រាប់ផលិតអគ្គិសនី​អាចបណ្តាលឱ្យមានការកើនឡើង​​​នៃការប្រើប្រាស់ឧស្ម័ន​ និងការនាំចេញអគ្គិសនី ដែលមានការឧបត្ថម្ភធនដោយសហភាពអឺរ៉ុប​។​ នេះបើយោងតាមឯកសារដែល​ចេញ​ផ្សាយ​ដោយ​ទី​ភ្នាក់​ងារ​ Reuters ។

គណៈ​រដ្ឋមន្ត្រីថាមពលនៃ​បណ្តាប្រទេសនៅ​សហភាពអឺរ៉ុប​បាន​ជួបប្រជុំគ្នានៅថ្ងៃអង្គារទី២៥តុលានេះ ​ដើម្បីពិភា​ក្សា​ពីជម្រើសក្នុងការកំណត់តម្លៃឧស្ម័នរបស់សហភាពអឺរ៉ុប ដោយប្រទេសនានានៅតែខ្វែង​គំនិត​​គ្នាថា ​តើត្រូវធ្វើដូចម្តេចចំពោះ​បញ្ហា​នេះ​បន្ទាប់ពីពិភាក្សាគ្នា​​អស់ជាច្រើនសប្តាហ៍​មក​នេះ​។

ការកំណត់តម្លៃឧស្ម័ន​របស់សហភាពអឺរ៉ុប ក៏មានប្រទេសខ្លះសារទរ និងខ្លះមិនពេញចិត្តដែរ ជាក់ស្ដែង អាល្លឺម៉ង់ និងហូឡង់បានព្រមានថា ការកំណត់តម្លៃដើម្បីធ្វើឱ្យឧស្ម័ន​កាន់​តែមាន​តម្លៃ​​ថោក​នេះ ​អាច​ធ្វើ​ឱ្យកើនឡើងនៃការប្រើប្រាស់ឧស្ម័ន​ នៅពេលប្រទេសនានា​កំពុងប្រណាំងប្រជែងគ្នា​ដើម្បីសន្សំសំចៃ​ប្រេង និង​ជំនួសការផ្គត់ផ្គង់ឧស្ម័ន​ពីរុស្ស៊ី។ តួយ៉ាង នៅមុន​សង្គ្រាមនៅអ៊ុយក្រែនផ្ទុះឡើង ទីក្រុងម៉ូស្គូបាន​​ផ្គត់ផ្គង់​ឧស្ម័ន ១៥៥ ពាន់​លាន​ម៉ែត្រ​គូប​​ទៅ​ឱ្យ​​សហភាព​អឺរ៉ុប៕

អត្ថបទ៖ សុខ​ ជា




អត្ថបទបន្ទាប់


តើលោក Rishi Sunak នឹងអាចដោះស្រាយវិបត្តិនៅអង់គ្លេសបានដែរ ឬយ៉ាងណា?

លោក Rishi Sunak នឹងក្លាយជានាយករដ្ឋមន្ត្រីអង់គ្លេសវ័យក្មេងដំបូងគេក្នុងប្រវត្តិសាស្ត្រ២០០ឆ្នាំចុងក្រោយរបស់អង់គ្លេស។ ជាងនេះទៀត លោកក៏នឹងជានាយក…

កត្តាអ្វីជំរុញឲ្យរដ្ឋថៃហ៊ានខ្ចីបុលជាង ២៣ពាន់លានដុល្លារបន្ថែមទៀត ដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅឆ្នាំ២០២៣-២០២៧?

ការិយាល័យគ្រប់គ្រងបំណុលសាធារណៈនៃប្រទេសថៃ (PDMO) គ្រោងខ្ចីបំណុលប្រមាណជាង ២៣ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ចាប់ពីឆ្នាំ២…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ