ការវិលត្រឡប់របស់លោក ដូណាល់ ត្រាំ មកគ្រប់គ្រងសេតវិមានអាម៉េរិកជាថ្មីនៅឆ្នាំ២០២៥ បានធ្វើឲ្យពិភពលោកជួបព្យុះភ្លៀង និងរងភាពរង្គោះរង្គើក្នុងទីផ្សារហិរញ្ញវត្ថុយ៉ាងខ្លាំង ទម្រាំតែស្ងប់ស្ងាត់ទៅវិញនៅចុងឆ្នាំនេះ ប៉ុន្តែរលកនៃការភ័យខ្លាចនៅតែមានសម្រាប់ឆ្នាំ២០២៦ បើទោះបីជាប្រទេសមួយចំនួនសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិកយ៉ាងណាក៏ដោយ។
តាមរយៈសម្ពាធពន្ធបដិការនេះ រដ្ឋបាលលោក ត្រាំ អាចរកប្រាក់ចំណូលបានប្រមាណ ២០០ពាន់លានដុល្លារចាក់បញ្ចូលទៅក្នុងសេដ្ឋកិច្ចអាម៉េរិក ក្រោយពីបានចុះកិច្ចព្រមព្រៀងជាមួយដៃគូពាណិជ្ជកម្មសំខាន់ៗជាច្រើនរួមមាន សហភាពអឺរ៉ុប ចក្រភពអង់គ្លេស ស្វីស ជប៉ុន កូរ៉េខាងត្បូង វៀតណាម និងប្រទេសដទៃទៀត។ ប៉ុន្តែការចរចាកិច្ចព្រមព្រៀងរវាងអាម៉េរិក និងចិននៅតែមិនទាន់អាចបញ្ចប់ ទោះបីជាមានការចរចាជាច្រើនជុំ និងកិច្ចប្រជុំផ្ទាល់រវាងលោកដូណាល់ត្រាំ និងមេដឹកនាំចិនលោក ស៊ី ជីនពីង យ៉ាងណាក៏ដោយចុះ។
អតិរេកពាណិជ្ជកម្មរបស់ចិន ជាមួយដៃគូពាណិជ្ជកម្មនានានៅតែខ្ពស់រហូតដល់លើស១ទ្រីលានដុល្លារ ទោះបីជាលោក ត្រាំ ធ្វើសង្រ្គាមពន្ធដ៏ក្តៅគគុកជាមួយចិន ក៏ដោយ។ ប៉ុន្តែលោក ត្រាំ ហាក់ទទួលបានជោគជ័យលើការធ្វើពិពិធកម្មទីផ្សារ ហើយកំពុងកេងយកអានុភាពនៃជញ្ជីងពាណិជ្ជកម្មចេញពីរ៉ែកម្រ។ សម្រាប់ឆ្នាំ២០២៦ ពិភពលោកបារម្ភថា លោក ត្រាំ អាចនឹងបន្តប្រើប្រាស់វិធានការពន្ធគយបង្កបញ្ហាអុកឡុកជាមួយចិន កាណាដា និង ម៉ិកស៊ិក ថែមទៀត។ ការកំណត់ពន្ធរវាងប្រទេសទាំង៣នៅមិនទាន់ច្បាស់លាស់នៅឡើយទេ ហើយលទ្ធផលសាលក្រមរបស់តុលាការកំពូលពាក់ព័ន្ធពន្ធបដិការរបស់លោក ត្រាំ ក៏មិនទាន់មានភាពច្បាស់លាស់នោះដែរ៕
ដោយៈ សរ សុជាតិ