ធ្លាប់តែរីករាយនឹងសេដ្ឋកិច្ចមានកំណើនល្អ តម្លៃទំនិញ និងអតិផរណាទាប តែយុគ្គសម័យបែបនេះត្រូវបានបិទបញ្ចប់ត្រឹមពីចុងឆ្នាំ២០១៩ ជាពេលដែលជំងឺរាតត្បាតសកលកូវីដ១៩ចាប់ផ្តើមផ្ទុះឡើងនៅពាសពេញប្រទេសទូទាំងពិភពលោក។ ជាពេលវេលាដ៏លំបាកក្រៃលែង ដែលរដ្ឋាភិបាលត្រូវបង្ខំចិត្តបិទសព្វបិទគ្រប់ នូវអាជីវកម្ម សេវាកម្ម និងសកម្មភាពសេដ្ឋកិច្ចនានា ហើយត្រូវចំបាច់ឱ្យរដ្ឋបញ្ចេញលុយរាប់សិបពាន់លាន ជួយដល់សេដ្ឋកិច្ចនិយាយជារួម និងជួយដល់ពលរដ្ឋនិយាយដោយឡែក។
កញ្ចប់ជំនួយរបស់រដ្ឋ អាចសង្គ្រោះមនុស្សពីទុក្ខលំបាក ជួយអាជីវកម្មពីការទួលរលំខ្លះពិតមែន ប៉ុន្ដែសកម្មភាពបិទខ្ទប់អំឡុងពេលកូវីដ បានធ្វើឲ្យសកម្មភាពសេដ្ឋកិច្ចជាប់គាំង ខ្សែចង្វាក់ផ្គត់ផ្គាត់ត្រូវដាច់ខ្យល់ស្លាប់ ហើយតម្រូវការក៏ធ្លាក់ចុះទៅតាមនោះដែរ។
ទោះយ៉ាងណា នៅត្រឹមឆ្នាំ២០២១ ការបិទខ្ទប់ត្រូវបានដកចេញ ចរន្តសេដ្ឋកិច្ចចាប់ដំណើរការឡើងវិញក្នុងល្បឿនលឿនគួរសម មានន័យថា សកម្មភាពតម្រូវការ ក៏ចាប់ផ្តើមមានច្រើនឡើងវិញ។ ការណ៍នេះបង្កបញ្ហាដោយឡែកមួយទៀត គឺរោងចក្រដែលទើបតែចាប់ដំណើរការឡើងវិញ មិនបានបំពេញតាមតម្រូវការដ៏ច្រើនលើសលុបបាន។ ម៉្យាងដោយសារកង្វះខាតកម្លាំងពលកម្ម ការដឹកជញ្ជូនមិនទាន់ពេលវេលា និងបានធ្វើឱ្យតម្លៃថាមពល ពិសេសឥន្ធនៈឡើងថ្លៃ។
មិនទាន់សម្រួលស្ថានការណ៍បានស្រួលបួលផង ស្រាប់តែខែកុម្ភៈដើមឆ្នាំ២០២២ រុស្ស៊ីចាប់ទន្ទ្រានឈ្លានពានអ៊ុយក្រែន បង្កចលាចល រុញឱ្យលោកខាងលិចទម្លាក់ទណ្ឌកម្មលើរុស្ស៊ី ដែលជាអ្នកនាំចេញថាមពលដ៏ធំ ធ្វើឱ្យប្រេង និងឧស្ម័នហាក់ឡើងកាន់តែថ្លៃមួយរំពេចបន្ថែមទៀត។
ថាមពលកើនថ្លៃ អ្វីៗក៏ឡើងថ្លៃ អតិផរណាឡើងដល់២ខ្ទង់ បានធ្វើឱ្យវិសមភាពទូទាំងពិភពលោកកាន់តែធ្ងន់ធ្ងរ។ ខណៈពេលដែលអ្នកមានទ្រព្យសម្បត្តិច្រើន អាចសន្សំប្រាក់បានច្រើន អំឡុងពេលនៃការបិទខ្ទប់ អ្នកក្រខំរកមិនបានអ្វីសោះ កុំថាឡើយដល់សន្សំ។ ហេតុនេះនៅពេលទើបងើបចេញពីវិបត្តិមួយមិនបានប៉ុន្មាន គេត្រូវតស៊ូដើម្បីរកដំណោះស្រាយសម្រាប់វិបត្តិមួយទៀត ដើម្បីតែចំអែតក្រពះ។
ប៉ុន្ដែ ការលំបាកទាំងនេះ នឹងមិនទាន់បញ្ចប់ត្រឹមនេះឡើយ ពោលគឺវាអាចនឹងអាក្រក់ជាងនេះទៅទៀត។ មនុស្សជាតិអាចប្រទះស្ថានការណ៍កាន់តែអាក្រក់ ជាមួយនឹងរដូវរងាកំពុងចូលមកដល់នៅ អឌ្ឍគោលខាងជើងនៃផែនដី ការចំណាយលើការរស់នៅនឹងរឹតត្បិតជាងមុនទៀត ខណៈដែលថ្លៃសាំង និងឧស្ម័នហ្គាសកើនឡើង។ កម្មករចេញធ្វើកូដកម្ម ក្នុងវិស័យនានា ចាប់ពីផ្នែកថែទាំសុខភាពរហូតដល់វិស័យអាកាសចរណ៍ ដើម្បីទាមទារឱ្យតម្លើងប្រាក់ឈ្នួលសមស្របទៅតាម អតិផរណា។ ជាក់ស្ដែង ការធ្វើកូដកម្មនេះ គេឃើញមានកើតឡើងនៅតាមប្រទេសជឿនលឿនជាច្រើនរាប់តាំងពីអង់គ្លេស អាល្លឺម៉ង់ បារាំង និងកូរ៉េខាងត្បូងជាដើម។
សម្រាប់ប្រទេសមានសេដ្ឋកិច្ចជឿនលឿន ដូចអាមេរិក បារាំង និងអាល្លឺម៉ង់ បានបញ្ចេញសាច់ប្រាក់រាប់ពាន់លាន សម្រាប់ជួយដល់ពលរដ្ឋ ខណៈអាមេរិកព្យាយាមតម្លើងអត្រាការប្រាក់គោលដើម្បីទប់អតិផរណា។ តែយ៉ាងណាអ្នករងគ្រោះគឺប្រទេសក្រីក្រ ដែលពឹងលើការនាំចូល ខណៈដែលបច្ចុប្បន្នស្បៀងអាហារកំពុងឡើងថ្លៃជាបន្ដបន្ទាប់។
សូមជម្រាបថា កម្មវិធីស្បៀងអាហារពិភពលោកប៉ាន់ប្រមាណថា មនុស្ស៧០លាននាក់បន្ថែមទៀតនៅទូទាំងពិភពលោកកំពុងខិតទៅរក ភាពអត់ឃ្លានចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមនៅអ៊ុយក្រែនមក ជាអ្វីដែលគេបានចាត់ទុកថា ជារលកយក្សស៊ូណាមិនៃភាពអត់ឃ្លាន។
ធនាគារកណ្តាលនៅជុំវិញញពិភពលោកបានចាប់ផ្តើមការដំឡើងអត្រាការប្រាក់យ៉ាងគំហុក ដើម្បីកាត់បន្ថយអតិផរណា។ នៅឆ្នាំក្រោយ មូលនិធិរូបិយវត្ថុអន្តរជាតិរំពឹងថា អតិផរណាពិភពលោកនឹងធ្លាក់ចុះមកត្រឹម ៤,៧% ពោលគឺតិចជាងពាក់កណ្តាលនៃកម្រិតបច្ចុប្បន្ន៕