Advertisement
វៀតណាម-អឺរ៉ុបFTA

អ្នកជំនាញទាំងកម្ពុជា និងថៃ ព្រួយបារម្ភពីហានិភ័យ ក្រោយពីវៀតណាមទទួលបាន FTA ជាមួយអឺរ៉ុប


អ្នកជំនាញសេដ្ឋកិច្ចទាំងកម្ពុជា និងថៃ បានបង្ហាញពីក្ដីព្រួយបារម្ភចំពោះហានិភ័យ ដែលអាចកើតឡើងចំពោះការនាំចេញរបស់ប្រទេសទាំងពីរ ក្រោយពីប្រទេសវៀតណាម ដែលជាអ្នកជិតខាងនោះ ទើបតែទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយអឺរ៉ុបកាលពីដំណាច់ខែមិថុនាកន្លងទៅនេះ។ ហានិភ័យសម្រាប់កម្ពុជា និងថៃ ត្រង់ថា ទំនិញវៀតណាមនឹងកាន់តែមានភាពប្រកួតប្រជែងជាងមុន ក្នុងការនាំចេញទៅអឺរ៉ុបដោយមានការលើកលែងពន្ធគយ។
អ្នកជំនាញទាំងកម្ពុជា និងថៃ ព្រួយបារម្ភពីហានិភ័យ ក្រោយពីវៀតណាមទទួលបាន FTA ជាមួយអឺរ៉ុប
ដោយ
Advertisement

ក្រោយពី​តាមចរចា​និងធ្វើការងារ​យ៉ាងអំណត់​និងសកម្មជាមួយ​សហភាពអឺរ៉ុប អស់រយៈពេល​ជិត ១០ឆ្នាំ ប្រទេសវៀតណាម​បានសម្រេច​នូវ​មហិច្ឆតា​របស់ខ្លួនហើយ លើការចុះ​ហត្ថលេខា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី  និងកិច្ចព្រម​ព្រៀង​ការពារ​ការវិនិយោគ ជាមួយ​នឹងសហភាព​អឺរ៉ុប កាលពី​ថ្ងៃទី ៣០ ខែមិថុនា​កន្លងទៅថ្មីៗនេះ។ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាងវៀតណាម និងអឺរ៉ុបនេះ​ទៀតសោត ត្រូវបាន​គេមើលឃើញថា គឺជាកិច្ចព្រមព្រៀង​បើកចំហរ​ទីផ្សារគ្រប់ជ្រុយ​ជ្រោយ​ជាលើកដំបូង​មួយ​របស់អឺរ៉ុប ដែលធ្វើជាមួយ​នឹងប្រទេស​កំពុង​អភិវឌ្ឍន៍​នៅតំបន់អាស៊ី។

ការនាំចេញអង្ករ និងសម្លៀកបំពាក់​នាំទៅអឺរ៉ុប នឹងអាចប្រឈម​មុខ​ខ្លាំង​ជាងគេ?

ទាក់ទិននឹងកិច្ច​ព្រមព្រៀង​ពាណិជ្ចកម្ម​សេរី​រវាងវៀតណាម អឺរ៉ុបនេះដែរ អ្នកជំនាញ និងអ្នក​ជំនួញ​នៅប្រទេស​កម្ពុជា​ក៏បានបង្ហាញពី​ក្ដីបារម្ភខ្លាំង​ណាស់ដែរ ចំពោះ​ហានិភ័យ​ដែលអាច​នឹងកើតឡើង​ លើការនាំចេញ​របស់​កម្ពុជា។

លោកឧកញ៉ា សុង សារ៉ន អគ្គនាយក​ក្រុមហ៊ុន​នាំចេញអង្ករ Amru Rice បានលើក​ឡើងនូវក្ដីព្រួយ​បាម្ភ​ចំពោះហានិភ័យ​សម្រាប់​ការនាំចេញ​អង្កររបស់​កម្ពុជា ដែលអាចនឹង​កាន់តែ​លំបាកក្នុង​ការប្រជែង​ទីផ្សារអឺរ៉ុប​ជាមួយវៀតណាម ដ្បិតថាវៀតណាម ក៏មាននាំចេញ​អង្ករ​ប្រភេទអង្ករ ទៅអឺរ៉ុប​ដូចកម្ពុជាដែរ។ ហើយអង្ករ​វៀតណាម​ទាំងនោះ ក៏មានតម្លៃថោក​ជាងកម្ពុជា​យើង​ទៀតផង។

លោក​ឧកញ៉ា សុង សារ៉ន អគ្គនាយក​ក្រុមហ៊ុន Amru Rice

«យើងក៏មានការព្រួយបារម្ភដែរ ព្រោះទំនិញនាំចេញ​ទៅកាន់ទីផ្សារអឺរ៉ុប ដូចជាប្រភេទ​អង្ករ​បាយទន់ អង្ករក្រអូប​របស់​វៀតណាម ក៏មាន​ការទទួល​ស្គាល់ដែរ។ យើងខ្លាច​គាត់​មានសក្ដានុពល ហើយតម្លៃគាត់ [អង្ករ] ថោក។ ដូច្នេះ អញ្ចឹងហើយ វាធ្វើឲ្យ​យើង​នឹងអាច​លំបាក​ចូលទៅកាន់​ទីផ្សារ​ខ្លះ​នៅអឺរ៉ុប។» នេះជា​ប្រសាសន៍​របស់​លោកឧកញ៉ា សុង សារ៉ន។

ទោះបីជា ក្រោយពីបានចុះ​កិច្ចព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរីជាមួយ​អឺរ៉ុប និងមានការ​កំណត់កូតា​នាំចេញអង្ករ​ទៅអឺរ៉ុប​ក៏ពិតមែន ប៉ុន្ដែ លោកឧកញ៉ា សុង សារ៉ន បញ្ជាក់ថា វៀតណាម គឺជាប្រទេស​មានការ​ស្រាវជ្រាវ និងអភិវឌ្ឍ​ខ្លួនលឿន​ណាស់ ដូច្នេះ មិនយូរទេ វៀតណាម​អាចនឹង​ដណ្ដើម​បានចំណែក​ទីផ្សារ​អង្ករទៅអឺរ៉ុប កាន់តែធំ ដែលវា​ជាក្ដីបារម្ភ​ធំមួយ​សម្រាប់​កម្ពុជា ទៅពេលខាងមុខ។

លោក ច័ន្ទ សុផល នាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយ និងជាអ្នកជំនាញសេដ្ឋកិច្ច

ជាមួយគ្នានេះដែរ លោក ច័ន្ទ សុផល នាយកមជ្ឈមណ្ឌល​សិក្សា​គោលនយោបាយ និងជាអ្នក​ជំនាញ​សេដ្ឋកិច្ច បានលើក​ឡើងថា ក្នុងកាលៈទេសៈ​ដែលវៀតណាម​ទទួល​បានពាណិជ្ជកម្ម​សេរីជាមួយ​អឺរ៉ុបនេះ សម្រាប់​កម្ពុជា គឺមានផលវិជ្ជមានផង និងអវិជ្ជមានផង។

លោក ច័ន្ទ សុផល មានប្រសាសន៍​យ៉ាងដូច្នេះ «ខ្ញុំមើលឃើញ​វាមាន​ទាំងចំណុច​វិជ្ជមាន និងអវិជ្ជមាន។ ចំណុចវិជ្ជមាន​នៅត្រង់ថា យើងអាច​នាំចេញ​ទំនិញមួយចំនួន​សម្រាប់វៀតណាម ដើម្បី​យកធ្វើជា​ធាតុចូល​សម្រាប់​ផលិត​ធ្វើជាទំនិញ​សម្រច​ នាំទៅ​អឺរ៉ុបហ្នឹង។ ចំពោះ​ផលអវិជ្ជមាន​វិញ គឺយើងមាន​ផលិតទំនិញ​ដូចគ្នា​នឹងប្រទេស​វៀតណាម ហើយនាំចេញ​ទៅអឺរ៉ុប​ដូចគ្នា។ បើសិនភាព​ប្រកួតប្រជែង​យើងកាន់តែ​លំបាក ហើយបើសិនបាត់​ភាពអនុគ្រោះពន្ធ EBA ទៀតនោះ វាកាន់តែ​លំបាក។ ឧទាហរណ៍ ផ្នែកសម្លៀក​បំពាក់ វៀតណាម​គេផលិតច្រើន​ជាងយើង​ហើយក៏នាំទៅអឺរ៉ុបដែរ អញ្ចឹង​បើវៀតណាម​រួចពន្ធ ដោយសារមាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរីទៅអឺរ៉ុប​ អញ្ចឹងទំនិញគេ​កាន់តែថោកជាង កាន់តែ​មានភាពប្រកួត​ប្រជែង​ជាងទំនិញយើង។»

បើតាម​ការបញ្ជាក់​ពី អ្នកជំនាញសេដ្ឋកិច្ច​រូបនេះ បានឲ្យដឹងការ​នាំចេញ​អង្ករទៅអឺរ៉ុប និងវិស័យ​កាត់ដេរ​អាច​ប្រឈម​នឹង​ហានភ័យ​ខ្លាំងជាងគេ។ ប៉ុន្ដែ លោកបានគូសបញ្ជាក់ថា សម្រាប់​វិស័យកសិកម្ម​កម្ពុជា អាចនឹង​ទទួលបាន​ប្រយោជន៍ទៅវិញ ដោយសារតែ​​អាចនឹង​ទទួលបាន​ការបញ្ជាទិញ​ពីវៀតណាម​ច្រើនជាងមុន។ 

Advertisement

សំណួរសួរថា បើសិនជា​វៀតណាម មានភាពប្រកួត​ប្រជែង​ប្រសើរ​ជាងកម្ពុជា និងថៃ​ក្នុងការនាំចេញទៅ​អឺរ៉ុបមែន តើអាចនឹង​មានរោងចក្រ​មួយចំនួន នឹងត្រូវរើ​ពីកម្ពុជា​ទៅវៀតណាម​ដែរទេ?

បើតាមអ្នក​ជំនាញសេដ្ឋកិច្ច លោក ច័ន្ទ សុផល បានគូស​បញ្ជាក់ថា វាពិតជាអាច ប៉ុន្ដែ វានឹងមាន​ក្នុងចំនួន​ប៉ុន្មាននោះ គឺគេនៅមិនទាន់​ដឹងនៅ​ឡើយទេ។ ទោះយ៉ាងណា លោកថា ក្នុងកាលៈទេសៈ​នេះដែរ តម្លៃពលកម្ម​នៅវៀតណាម នឹងអាចហក់កើន​ឡើងខ្ពស់​ជាងមុន ដូច្នេះ មិនប្រាកដថា រោងចក្រ​ច្រើននឹង​ត្រូវរើទៅ​វៀតណាម​នោះទេ។

បើតាមអ្នកជំនាញ​រូបនេះ ក្នុងស្ថានភាព​នាពេលនេះ រដ្ឋាភិបាលគួរតែ​បន្តអនុវត្ត​គោលនយោបាយ​គាំទ្រ​ដល់វិស័យ​ឯកជន​ដែលបាន​និងកំពុងធ្វើ​ ឬត្រៀមនឹងធ្វើ ឲ្យកាន់តែ​ប្រាកដប្រជា​ថែមទៀត ដូចជា​ការកាត់បន្ថយ​ថ្លៃដើម​ផលិត តាមរយៈ​ការបញ្ចុះថ្លៃ​ថាមពលអគ្គិសនី ការដឹកជញ្ជូន និងការសម្រួល​ដល់ការ​ធ្វើពាណិជ្ជកម្ម និងការវិនិយោគ​ជាដើម។

តើប្រទេសថៃ​ត្រូវ​ប្រឈម​នឹងបញ្ហាអ្វីខ្លះ?

មិនមែនតែ​កម្ពុជាទេ ដែលកំពុង​ស្ថិតក្នុង​ហានិភ័យ ដោយសារតែ​វៀតណាម​ទទួលបាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​អឺរ៉ុបនេះ បើយើង​ក្រឡេកទៅ​មើលប្រទេសថៃ​ឯណោះវិញ ក៏កំពុងតែដេក​មិនលក់បក់​មិនល្ហើយដែរ។ ដោយសារតែថៃ គ្មានកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មសេរី​ជាមួយនឹង​អឺរ៉ុបដូច​វៀតណាម ហើយថៃ ក៏ត្រូវបានអឺរ៉ុប​ដកចេញ​ពីប្រព័ន្ធ​អនុគ្រោះពន្ធ​ទូទៅ GSP កាលពី​ឆ្នាំ​២០១៥ទៀត ដូច្នេះហើយ​ទំនិញថៃ ទាំងអស់នាំ​ទៅអឺរ៉ុប គឺសុទ្ធតែត្រូវ​បង់ពន្ធគយ។

បើតាមការិយាល័យ​យុទ្ធសាស្ត្រ និងគោល​នយោបាយ ពាណិជ្ជកម្ម ថៃ បានបញ្ជាក់ នៅក្នុងសារព័ត៌មាន​បាងកក​ប៉ុស្ដិ៍ថា ផលិតផល​នាំចេញ​របស់ថៃ ដូចជា រថយន្ដ កុំព្យូទ័រ និងគ្រឿង​អេឡិចត្រូនិក សុទ្ធតែស្ថិត​ក្នុងស្ថានភាព​ប្រឈម​នឹងហានិភ័យ ក្រោយពី​វៀតណាមបាន​ចុះកិច្ចព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី និងកិច្ចព្រម​ព្រៀងការពារ​ការវិនិយោគ​ជាមួយនឹងអឺរ៉ុប។

Advertisement

អ្នកជំនាញសេដ្ឋកិច្ចថៃ អះអាងថា តាមរយៈកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ប្រទេស​វៀតណាម និងអឺរ៉ុប នឹងអាច​នាំចេញ​ទំនិញទៅវិញ​ទៅមក ដោយមាន​លុបបំបាត់​ពន្ធគយ​រហូតដល់ ៩៩% ឯណោះ។ រីឯកិច្ចព្រមព្រៀង​ការពារ​ការវិនិយោគ​វិញ អឺរ៉ុប នឹងជួយ​វៀតណាម​ទាក់ទាញ​បានលំហូវិនិយោគ​កាន់តែច្រើន​ឡើងថែមទៀតផង។

តាមអ្នកជំនាញ​សេដ្ឋកិច្ចថៃ បញ្ជាក់ទៀតថា មានរោងចក្រ​ផលិតរថយន្ដ​ជាច្រើនអាច​នឹងផ្លាស់ប្តូរ​ទីតាំងរោងចក្រ​ពីថៃ ទៅវៀតណាម ដោយសារតែ​វៀតណាម​មានភាព​អំណោយផល​ជាង។ ណាមួយទៀតនោះ រដ្ឋាភិបាល​វៀតណាម ក៏បាន​និងកំពុង​អនុវត្តអនុក្រឹត្យ​លេខ ១១៦ ជាឧបសគ្គ​មិនមែន​ពន្ធគយ ចំពោះ​ផលិតផល​រថយន្ដ​របស់​ថៃផងដែរ។

ដោយឡែក រោងចក្រ ផលិតកុំព្យូទ័រ គ្រឿងបង្គុំ និងអេឡិចត្រូនិក ក៏អាចប្រឈម​នឹងការរើពីថៃ ទៅវៀតណាមដែរ ព្រោះវៀតណាម​បច្ចុប្បន្ន មានភាពប្រកួត​ប្រជែង​គ្រប់គ្រាន់​ដើម្បីអភិវឌ្ឍ​វិស័យ​អេឡិចត្រូនិក​របស់ខ្លួន។

វិស័យដែល​អាចរងប៉ះពាល់​ផ្សេងទៀត​របស់ថៃ មានដូចជា វិស័យកាត់ដេរ​សម្លៀកបំពាក់ គ្រឿអលង្កា និងគ្រឿង​លម្អផ្សេងៗ ផលិតផលអង្ករ និងអាហារ​សមុទ្រជាដើម ខណៈដែលវៀតណាម ក៏មានប្រាក់​ឈ្នួលថោក​ជាង​ប្រទេសថៃទៀតផង។

យោបល់ពីអ្នកសេដ្ឋកិច្ច​បានឲ្យដឹងថា ប្រទេសថៃ ត្រូវការ​អភិវឌ្ឍ​សមត្ថភាព​កម្មករជំនាញ​របស់ខ្លួន ​និងការទទួល​យកបច្ចេកវិទ្យា និងភាពច្នៃប្រឌិត ដើម្បីបង្កើន​តម្លៃបន្ថែម​នៅក្នុង​ផលិតផល និងការ​រក្សាបាន​នូវភាព​ប្រកួតប្រជែង​របស់ខ្លួន។

បើនិយាយពី​​ប្រទេសថៃ​វិញ សហភាពអឺរ៉ុប ត្រូវបានគេដឹងថា គឺជា​ដៃគូពាណិជ្ជកម្មធំទី​៣ របស់ប្រទេសថៃ។ ទំហំពាណិជ្ជកម្ម​រវាង​ថៃ និងសហភាពអឺរ៉ុប កាលពីឆ្នាំ ២០១៨ សម្រេចបាន​កំណើន​ជាង ៦ភាគរយ ជាមួយនឹង​ទំហំទឹក​ប្រាក់ ជាង ៤៧ ពាន់លាន​ដុល្លារអាមេរិក ស្មើនឹង​ជាង ៩% នៃទំហំ​ពាណិជ្ជកម្មសរុប​របស់ថៃ។ ក្នុងនោះ ថៃបាននាំចេញ​ទៅអឺរ៉ុប មាន ២៥ពាន់លានដុល្លារអាមេរិក​ កើន ជាង ៥% ធៀបនឹងឆ្នាំមុន ខណៈនាំចូល​ពីអឺរ៉ុបមកវិញ មាន​ជាង ២២ពាន់លានដុល្លារ កើនប្រមាណ ៨%។

គួរបញ្ជាក់ថា សហភាពអឺរ៉ុប គឺជាទីផ្សារ​នាំចេញ​ទំនិញ​របស់វៀតណាម​ធំបំផុតទី២ បន្ទាប់ពី​អាមេរិក ដែលមាន​ទំនិញនាំចេញ​សំខាន់​ដូចជា សម្លៀកបំពាក់ និងអាហារ។ កាលពីឆ្នាំមុន វៀតណាម​នាំចេញ​ទំនិញ ទៅអឺរ៉ុប​សម្រេច​បានជិត ៤២ ពាន់លាន​ដុល្លារ​អាមេរិក កើន​ឡើងជាង ៩% ធៀបនឹងឆ្នាំ២០១៧ ខណៈដែលការនាំចូលពីអឺរ៉ុបមកវិញមានជិត ១៤ពាន់លានដុល្លារ កើនឡើងជិត១៤%។

ដោយឡែក សម្រាប់កម្ពុជាវិញ បើតាម​របាយការណ៍ ពីគណៈកម្មការអឺរ៉ុប បានឲ្យដឹងដែរថា ​ពីទំហំ​ពាណិជ្ជកម្ម​រវាង​​កម្ពុជា និងអឺរ៉ុបវិញ មាន​ប្រមាណ ៧ពាន់លាន​ដុល្លារអាមេរិក​ នៅឆ្នាំ ២០១៨។ ក្នុងនោះ មានជាង ៦​ពាន់​លានដុល្លារអាមេរិក​ទៅហើយ ដែល​កម្ពុជា​បាននាំចេញ​ទៅកាន់អឺរ៉ុប។ ហើយសហភាពអឺរ៉ុបនេះ ត្រូវបាន​ដឹងថា គឺជា​ដៃគូពាណិជ្ជកម្ម​ធំបំផុត​ទី២ របស់កម្ពុជា បន្ទាប់ពីចិន ដែលមាន​ចំណែក​ពាណិជ្ជកម្មសរុប​ជាង ១៧% ខណៈចិន មាន​ជិត​២៤%៕

Advertisement
© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


គណៈកម្មការមូលបត្រកម្ពុជាសម្រេចផ្តល់អាជ្ញាបណ្ណ ក្រុមហ៊ុនគ្រប់គ្រងមូលនិធិ ទី១នៅកម្ពុជា

ព័ត៌មាន
គណៈកម្មការមូលត្រកម្ពុជា (គ.ម.ក)កាលពីពេលថ្មីៗនេះ បានសម្រេចផ្ដល់អាជ្ញាបណ្ណផ្លូវការ ដល់ក្រុមហ៊ុន Cambodian Investors Capital Partners P...

ក្រុមហ៊ុន Smart Axiata ធ្វើ​តេស្ត​សាកល្បង​បច្ចេកវិទ្យា 5G មុន​គេ​បង្អស់នៅ​កម្ពុជា

ព័ត៌មាន
ក្រុមហ៊ុន Smart Axiata បាន​ធ្វើ​តេស្ត​សាកល្បង​បច្ចេកវិទ្យា 5G មុនគេ​បង្អស់​នៅ​ក្នុង​ប្រទេស​កម្ពុជា កាល​ពី​ថ្ងៃ​ចន្ទ ទី៨ ខែ​កក្កដា ដោយ​ស...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ