បច្ចុប្បន្នលែងមានការផ្គត់ផ្គង់អ៊ិនធឺណិតផ្តាច់មុខនៅតាមបុរីទៀតហើយ

អាជ្ញាធរអះអាងថា បច្ចុប្បន្នលែងមានការផ្គត់ផ្គង់អ៊ិនធឺណិតផ្តាច់មុខនៅតាមបុរីទៀតហើយ តែបើមានសូមពលរដ្ឋរាយការណ៍មកក្រសួង


មន្ត្រីជាន់ខ្ពស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានគូសបញ្ជាក់ថា បច្ចុប្បន្នលែងមានការផ្គត់ផ្គង់សេវាទូរសព្ទ និងអ៊ិនធឺណិតផ្តាច់មុខនៅតាមបុរីទៀតហើយ បន្ទាប់ពីក្រសួងសម្រេចលុបបំបាត់សិទ្ធិផ្តាច់មុខក្នុងការផ្គត់ផ្គង់របស់ប្រតិបត្តិករ និងព្រមានចាត់វិធានការច្បាប់លើប្រតិបត្តិករណា ដែលបំពានសេចក្តីសម្រេចរបស់ក្រសួង។
បច្ចុប្បន្នលែងមានការផ្គត់ផ្គង់អ៊ិនធឺណិតផ្តាច់មុខនៅតាមបុរីទៀតហើយ
ដោយ

ប៉ុន្តែក្នុងករណីពលរដ្ឋឃើញបន្តមានការផ្គត់ផ្គង់ផ្តាច់មុខលើសេវាអ៊ិនធឺណិតនៅតាមបុរី ក្រសួងស្នើឲ្យប្រជាពលរាយការណ៍មកក្រសួង ដើម្បីចាត់វិធានតាមផ្លូវច្បាប់ និងបទដ្ឋានគតិយុត្តិ។ បើតាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់ក្រសួងប្រៃសណីយ៍ ការតបណ្តាញអ៊ិនធឺណិតចូលក្នុងបុរីបានជួបនូវបញ្ហាមួយចំនួន ដោយសារនៅតាមបុរីខ្លះមិនមានការរៀបចំហេដ្ឋារចនាសម្ព័ន្ធបម្រើឲ្យវិស័យទូរគមនាគមន៍ ដែលធ្វើឲ្យការតបណ្តាញអ៊ិនធឺណិតចូលក្នុងបុរីត្រូវចំណាយពេលយូរ។

ឯកឧត្តម លីវ សុផាណារិទ្ធិ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានអះអាងថា ក្រោយក្រសួងលុបសិទ្ធិផ្គត់ផ្គង់សេវាអ៊ិនធឺណិតផ្តាច់មុខនៅតាមបុរី និងចាត់ក្រុមការងារចុះត្រួតពិនិត្យកាលពីពេលកន្លងទៅ មកទល់ពេលនេះលែងមានការផ្គត់ផ្គង់សេវាអ៊ិនធឺណិតនៅតាមបុរីផ្តាច់មុខទៀតហើយ។ តែយ៉ាងណាឯកឧត្តមស្នើឲ្យពលរដ្ឋរាយការណ៍មកក្រសួង ក្នុងករណីពួកគេនៅតែបន្តជួបបញ្ហាការផ្គត់ផ្គង់សេវាអ៊ិនធឺណិតផ្តាច់មុខនៅតាមមូលដ្ឋានរបស់ខ្លួន ដើម្បីក្រសួងចាត់ចំណាត់ការផ្សេងៗ ឬឈានដល់វិធានការផ្លូវច្បាប់។

ការព្រមានចាត់ចំណាត់ការលើក្រុមហ៊ុនប្រតិបត្តិករផ្តល់សេវាអ៊ិនធឺណិតនេះ គឺដើម្បីធានាថា សេវាអ៊ិនធឺណិតនៅតាមបុរីមានគុណភាពល្អ ហើយប្រជាពលរដ្ឋមានជម្រើសសម្បូរបែបក្នុងការប្រើប្រាស់សេវាអ៊ិនធឺណិតជាមួយតម្លៃសមរម្យ ដ្បិតថា ក្រោយលុបមិនមានសិទ្ធិផ្តាច់មុខលើការផ្តគ់ផ្គង់សេវាអ៊ិនធឺណិត ក្រសួងប្រៃសណីយ៍តម្រូវឲ្យបុរីមួយមានក្រុមហ៊ុនប្រតិបត្តិករផ្តល់សេវាអ៊ិនធឺណិតយ៉ាងតិចចំនួន៣តខ្សែបណ្តាញចូល។

យ៉ាងណាក៏ដោយបើតាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់រូបនេះ ការតបណ្តាញអ៊ិនធឺណិតចូលទៅក្នុងបុរី ក្រុមហ៊ុនប្រតិបត្តិករបានជួបបញ្ហាមួយចំនួន ដោយសារបុរីខ្លះពុំមានការរៀបចំទុយោមេសម្រាប់អូសខ្សែ ឬបម្រើឲ្យហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ ដែលធ្វើឲ្យការតបណ្តាញចូលក្នុងបុរីត្រូវការពេលវេលាច្រើន។ ហើយការតបណ្តាញអ៊ិនធឺណិតចូលក្នុងបុរីទៀតសោត ក្រសួងតម្រូវឲ្យក្រុមហ៊ុនប្រតិបត្តិករត្រូវមានអាជ្ញាបណ្ណត្រឹមត្រូវ ហើយក្នុងករណីក្រុមហ៊ុនពុំមានអាជ្ញាបណ្ណអាចសហការជាមួយក្រុមហ៊ុន ដែលគេមានអាជ្ញាបណ្ណ និងបានរៀបចំប្រព័ន្ធបម្រើឲ្យការអូសខ្សែបណ្តាញអ៊ិនធឺណិតរួចរាល់។

គួររំលឹកថា ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានបញ្ជាក់កាលពីពេលកន្លងមកថា ក្រុមហ៊ុន ឬប្រតិបត្តិករមានពេលចំនួន១០ខែ ក្នុងការកែលម្អ និងពង្រឹងគុណភាពសេវាទូរសព្ទ និងអ៊ិនធឺណិតរបស់ខ្លួនឲ្យស្របតាមស្តង់ដារតម្រូវរបស់ក្រសួង សម្រាប់ផ្គត់ផ្គង់ការប្រើប្រាស់របស់ប្រជាពលរដ្ឋ។ ប៉ុន្តែក្នុងករណីក្រសួងរកឃើញក្រុមហ៊ុនទាំងនោះបន្តផ្តល់សេវាមិនត្រឹមត្រូវក្រោយពេលកំណត់ នោះពួកគេអាចនឹងរងការពិន័យ។

បើតាមទិន្នន័យរបស់ក្រសួងប្រៃសណីយ៍ បច្ចុប្បន្នកម្ពុជាមានប្រតិបត្តិករទូរគមនាគមន៍ចំនួន៦៩ ក្នុងនោះមាន៥ជាប្រតិបត្តិករទូរសព្ទចល័ត, ៣៨ ជាប្រតិបត្តិករផ្តល់សេវាអ៊ិនធឺណិត និង៥ជាប្រតិបត្តិករហេដ្ឋារចនាសម្ព័ន្ធខ្សែកាបអុកទិកលើគោក និងក្រោមបាតសមុទ្រ។ កម្ពុជាមានអ្នកប្រើប្រាស់សេវាទូរសព្ទចល័តជាង១៣លាននាក់, អ្នកប្រើសេវាអ៊ីនធឺណិតចល័តជាង១៧លាននាក់, សេវាទូរសព្ទអចល័តជិត៤ម៉ឺននាក់ និងសេវាអ៊ិនធឺណិតអចល័តជាង៣១ម៉ឺននាក់៕




អត្ថបទបន្ទាប់


អ្នកជំនាញ៖ រដ្ឋគួរបន្ធូរការរឹតត្បិតការថតរូបនៅអង្គរវត្ត ដើម្បីបង្កើនការផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរ

ការរឹតត្បិតសកម្មភាពថតរូបមួយចំនួននៅតំបន់ប្រាសាទអង្គរវត្ត ខេត្តសៀមរាប កំពុងក្លាយជាចម្ងល់របស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ដ្បិតបច្ចុប្បន្នភ្ញៀវទេស…

ក្រុមហ៊ុនវៀតណាមយ៉ាងតិច៥០០ នៅតែមានដំណើរការល្អ និងទទួលបានប្រាក់ចំណេញ ទោះសេដ្ឋកិច្ចអាប់អួល

ទោះបីជាស្ថានភាពសេដ្ឋកិច្ចអាប់អួដោយសារតែចរន្តសេដ្ឋកិច្ចសាកល ហើយមានក្រុមហ៊ុនជាច្រើនរងគ្រោះ ប៉ុន្តែទន្ទឹមនឹងក្រុមហ៊ុនដែលកំពុងមានបញ្ហា ក៏មានក្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ