លំនៅដ្ឋាន​សម្រាប់​អ្នក​ចំណូល​មធ្យម​និង​ទាប

គម្រោង​លំនៅ​ដ្ឋាន​តម្លៃ​សមរម្យ​ ៣​ទីតាំង​ ប្រកាស​បើក​ការដ្ឋាន​នៅ​ឆ្នាំនេះ


ក្នុង​ឆ្នាំ​២០១៧​នេះ ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅដ្ឋាន​ឯកជន​ចំនួន​៣ ហើយ​​បាន​សហការ​ជា​មួយ​​រដ្ឋា​ភិបាល​ក្នុង​ការ​អភិវឌ្ឍ​លំនៅដ្ឋាន​តម្លៃ​សមរម្យ ជូន​ដល់​ប្រជាជន​កម្ពុជា។
ផ្ទះ​គំរូ​នៃ​លំនៅដ្ឋាន​សាធារណៈ​តម្លៃ​សមរម្យ​របស់​ក្រុមហ៊ុន WorldBridge Land។
ដោយ

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​រៀបចំ ដែនដី នៅថ្ងៃ​ទី៨ វិច្ឆិកា​ ក្រុមហ៊ុន Arakawa របស់​ជប៉ុន បោះទុន​វិនិយោគ ៧០​លាន​ដុល្លារ​​លើ​គម្រោង​លំនៅ​ដ្ឋាន​តម្លៃ​​សមរម្យ ​ចំនួន​១០​អគារ ដែល​មាន​បន្ទប់​សរុប​ចំនួន ២០០០​បន្ទប់​ ស្ថិត​​នៅ​ភូមិ​ផ្សារ​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​​សែនសុខ រាជ​ធានី​ភ្នំពេញ។

ឯកឧត្តម សេង ឡូត អ្នកនាំពាក្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ឲ្យ​​ដឹង​ថា នេះ​ជា​គម្រោង​ឯកជន​ទី៣​ហើយ ដែល​បាន​សហការ​ជួយ​​សម្រួល​ពី​ខាង​​រាជ​រដ្ឋាភិបាល​​ក្នុង​​ការ​​វិនិយោគ​សាងសង់​លំនៅដ្ឋាន​ដែល​មាន​តម្លៃ​សមរម្យ​​សម្រាប់​ប្រជាជន​​ដែល​មាន​​ចំណូល​​ទាប​និង​​មធ្យម។

ឯកឧត្តម​បញ្ជាក់​ថា នេះ​មិនមែន​ជា​លំនៅដ្ឋាន​សាធារណៈ​​របស់​រដ្ឋ​ទេ វា​ជា​ប្រភេទ​លំនៅដ្ឋាន​​ដែល​​សាងសង់​នៅ​លើ​ដី​កម្មសិទ្ធិ​ឯកជន ដែល​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន​ឯកជន តែ​តម្លៃ​នៃ​ការ​​លក់ដូរ​លំនៅដ្ឋាន​នេះ​គឺ​មាន​តម្លៃ​សមរម្យ ដោយសារ​គម្រោង​នេះ​មាន​ការ​អនុគ្រោះ និង​លើក​​ទឹកចិត្ត​ពី​ខាង​រាជ​រដ្ឋាភិបាល។

តាមរយៈ​គម្រោង​នេះ ឯកឧត្តម​ថា ប្រជាជន​មាន​ចំណូល​មធ្យម​និង​ទាប ឬ​ជន​ងាយ​រង​គ្រោះ នឹង​អាច​​មាន​លទ្ធភាព​ទទួល​បាន​​លំនៅដ្ឋាន​ស្នាក់​នៅ​សម​ស្រប។

សូម​ជម្រាប​ថា កាល​ពី​ថ្ងៃ​ទី៧ មករា ឆ្នាំ​២០១៧ ក្រុមហ៊ុន វើលប្រ៊ីដ លែន (WorldBridge Land) ដែល​ទទួល​​សិទ្ធិ​ពី​​រាជ​រដ្ឋា​ភិបាល​​ក្នុង​​ការ​​អភិវឌ្ឍ​គម្រោង​លំនៅដ្ឋាន​សាធារណៈ ជូន​ប្រជាជន ក្នុង​តម្លៃ​ទាប​និង​ មធ្យម ក៏​បាន​បើក​​សម្ពោធ​​​ការដ្ឋាន​​សាងសង់​​ដែរ។​

សម្រាប់​គម្រោង​នេះ​ ជំហាន​ទី១ គឺ​បោះទុន​វិនិយោគ​ប្រមាណ ៦០​លាន​ដុល្លារ​អាមេរិក ​សាងសង់​​​នៅ​លើផ្ទៃដី ២៤ហិកតា មានចំនួន ២២៩៧ ផ្ទះ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ ២១ ក្នុង​ឃុំ​រកាខ្ពស់ ស្រុក​ស្អាង ខេត្ត​កណ្តាល ប្រមាណ ៨​គីឡូម៉ែត្រ ពី​ទីក្រុង​តាខ្មៅ។ គម្រោងនេះ​នឹង​បញ្ចប់​ជា​សា្ថពរ នៅ​ចុង​ឆ្នាំ​២០១៨។

កាល​ពី​ថ្ងៃ​ទី១ ខែ​ឧសភា ឆ្នាំ​២០១៧ ក្រុមហ៊ុន ប៊ុន ជេស្ឋ គ្រុប ក៏​បាន​ប្រកាស​បើក​ដំណើរ​ការ​​សាងសង់​លំនៅដ្ឋាន​តម្លៃ​សមរម្យ ដែល​មាន​លំនៅដ្ឋាន​ជាង ៥​ពាន់​ខ្នង ស្ថិត​នៅ​​តាម​​បណ្តោយ​​ផ្លូវ​ជាតិ​លេខ ៥ ក្នុង​ភូមិ​ស្លែង​ដីដុះ ឃុំ​ព្រែក​តាទែន ស្រុក​ពញាឮ ខេត្ត​​កណ្តាល ផង​ដែរ។

គម្រោង​សាងសង់​លំនៅដ្ឋាន​សាធារណៈ​នេះ គឺ​មិន​ត្រឹម​តែ​ផ្តល់​អាទិភាព​ខ្លាំង​​​ជូន​ដល់​​បុគ្គលិក មន្ត្រី​​រាជការ កង​កម្លាំង​ប្រដាប់​អាវុធ មន្ត្រី​ចូល​និវត្តន៍ និង​​ជន​ពិការ ដែល​មាន​ប្រាក់​​ចំណូល​​ទាប​និង​មធ្យម​ប៉ុណ្ណោះ​ទេ ប្រជាជន​ទូទៅ​ក៏​អាច​ទិញ​លំនៅដ្ឋាន​នេះ​បាន​ដែរ ឲ្យ​តែ​​ពួក​គាត់​​គោរព​តាម​លក្ខខណ្ឌ​សំខាន់​នៃ​ម្ចាស់​គម្រោង។

គម្រោង​អភិវឌ្ឍន៍​លំនៅដ្ឋាន​តម្លៃ​សមរម្យ​នេះ គឺ​​ស្រប​ទៅនឹ​ង​គោល​នយោបាយ​​អភិវឌ្ឍន៍​លំនៅដ្ឋាន ជូន​ប្រជាពលរដ្ឋ​ដែល​មាន​តម្លៃ​សមរម្យ របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ដែល​​បាន​គិត​និង​ដាក់​ចេញ​យូរ​មក​ហើយ។ 

រដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នឹង​​ចូលរួម​សហការ​និង​ជួយ​សម្រួល​តាមដាន​មើល​គម្រោង​ទាំង​អស់​នេះ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​បំផុត៕




អត្ថបទបន្ទាប់


UNDP បង្កើត​វេទិកា​វិនិយោគ​និង​ធុរកិច្ច​ដំឡូងមី​លើក​ដំបូង​ដើម្បី​ជួយ​ស្រោច​ស្រង់​ដំឡូង​មី​ខែ្មរ

ដើម្បី​ឲ្យ​ផលិត​ផល​ដំឡូងមី​កម្ពុជា​ក្លាយ​ជា​ផលិតផល​ដ៏​សំខាន់​ទី២ បន្ទាប់​ពី​ស្រូវ​អង្ករ​សម្រាប់​ការ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ក្រៅ​ប្រទេស…

ដូណាល់ ត្រាំ ប្រាប់​ជប៉ុន​ឲ្យ​បើក​រោងចក្រ​រថយន្ត​នៅ​អាមេរិក​ឲ្យ​បានច្រើន

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ផ្ដាំ​ប្រាប់​នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក ស្ហ៊ិនហ្សូ អាបេ (Shinzo Abe) ថា​ ប្រទេស​ជប៉ុន​គួរ​បើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ