សភាអាម៉េរិកនឹងបោះឆ្នោតសម្រេចលើវិធានបង្ខំឱ្យក្រុមហ៊ុន ByteDance លក់ TikTok ឬអាចហាមឃាត់ការប្រើកម្មវិធីនេះនៅសហរដ្ឋអាម៉េរិក នៅថ្ងៃពុធ សប្តាហ៍នេះ ទោះបីជាអតីតប្រធានាធិបតី ដូណាល់ ត្រាំ កំពុងសម្តែងការប្រឆាំងទៅនឹងកិច្ចខិតខំប្រឹងប្រែងនេះក៏ដោយ។ ការគ្រោងបោះឆ្នោតសម្រេចនេះ ធ្វើឡើងក្រោយមានការស្នើសុំពីលោក ម៉ាយ ចនសុន (Mike Johnson) ប្រធានសភាជាន់ទាបអាម៉េរិក និងអ្នកផ្សេងមួយចំនួនទៀត។
លោក ចនសុន បានប្រកាសកាលពីសប្តាហ៍មុនថា ការសម្រេចចាត់វិធានការលើ TikTok វាជាវិធានការមួយ ដើម្បីចាត់ការលើប្រទេសចិន ដែលជាសត្រូវភូមិសាស្ត្រនយោបាយដ៏ធំបំផុតរបស់សហរដ្ឋអាម៉េរិក ដែលកំពុងតែធ្វើឱ្យខូចសេដ្ឋកិច្ច និងសន្តិសុខរបស់សហរដ្ឋអាម៉េរិក។ ជុំវិញបញ្ហានេះ លោក ត្រាំ បាននិយាយថា TikTok អាចបង្កហានិភ័យសន្តិសុខជាតិ ប៉ុន្តែមិនគាំទ្រវិធានការហាមឃាត់កម្មវិធីដ៏ពេញនិយមនេះទេ ពីព្រោះការធ្វើដូច្នេះនឹងផុ្តល់អំណាចដល់ ក្រុមហ៊ុន Meta ដែលកំពុងដំណើរការ Facebook ដែលលោកបានរិះគន់ និងចាត់ទុកជាបណ្តាញសង្គមមួយជាសត្រូវរបស់ប្រជាជន។
គួរបញ្ជាក់ថា គិតមកទល់ឆ្នាំ២០២៤ នេះ TikTok បានក្លាយជាកម្មវិធីដ៏ពេញនិយមមួយនៅអាម៉េរិកដោយមានអ្នកប្រើប្រាស់ប្រហែល១៧០លាននាក់ ក្នុងនោះភាគច្រើនជាយុវជន ដែលជាម្ចាស់ឆ្នោត ដែលគណបក្សនយោបាយនៅអាម៉េរិក កំពុងព្យាយាមទាក់ទាញសម្រាប់ការបោះឆ្នោតនៅខែវិច្ឆិកា ខាងមុខ។ លើសពីនេះ នៅក្នុងបណ្តាញសង្គមនេះ មានអ្នកប្រកពអាជីវកម្មខ្នាតតូចសរុបជាង៥លាននាក់ផងដែរ៕
ដោយៈ សរ សុជាតិ