ក្រុមអ្នកវិភាគបាននិយាយថា ទិន្នន័យឥណទានដែលធ្លាក់ចុះទាបជាងការរំពឹងទុក អាចបង្ហាញឱ្យកាន់តែច្បាស់ថា អ្នកបង្កើតគោលនយោបាយនឹងដាក់ចេញនូវវិធានការគាំទ្របន្ថែមទៀត នៅពេលដែលមានហានិភ័យបរិត្តផរណាឥណទាន ឬហៅថាការធ្លាក់ថ្លៃប្រាក់កម្ចី និងមានការកើនឡើងនៃបំណុលរបស់រដ្ឋាភិបាលមូលដ្ឋានជាដើម។
ទិន្នន័យពីធនាគារកណ្ដាលរបស់ចិន (PBOC) បានបង្ហាញកាលពីថ្ងៃអង្គារ ទី១៣ ខែមិថុនាថា ការផ្តល់ប្រាក់កម្ចីថ្មីនៅតាមធនាគារនៅប្រទេសចិន បានកើនឡើងដល់ជាង ១៩០ ពាន់លានដុល្លារនៅក្នុងខែឧសភា បើធៀបទៅនឹងខែមេសា។ ប៉ុន្តែ ចំនួននេះមិនបានឈានដល់កម្រិតនៃការប៉ាន់ស្មានរបស់អ្នកវិភាគនោះទេ។ ក្រុមអ្នកសេដ្ឋកិច្ច ដែលត្រូវបានស្ទង់មតិដោយសារព័ត៌មានរ៉យទ័រ បានរំពឹងថា ប្រាក់កម្ចីថ្មីនឹងកើនឡើងដល់ជាង ២២៣ ពាន់លានដុល្លារនៅក្នុងខែឧសភា បើធៀបនឹងខែមេសាដែលមានចំនួនជាង ១០០ ពាន់លានដុល្លារ។
អ្នកវិភាគផ្នែកសេដ្ឋកិច្ចមូលធន បាននិយាយថា ការធ្លាក់ចុះយ៉ាងខ្លាំងនៃកំណើនឥណទានគឺរឿងគួរឱ្យបារម្ភជាពិសេស។ ពួកគេបាននិយាយនៅក្នុងកំណត់ត្រាមួយថា "រឿងនេះគឺគួរឱ្យព្រួយចិត្តណាស់ ដោយសារតែកំណើនឥណទានជាសូចនាករដ៏សំខាន់ជាងគេដ៏គួរឱ្យទុកចិត្តបំផុតមួយក្នុងវដ្តសេដ្ឋកិច្ចរបស់ប្រទេសចិន»។ ពួកគេបានបន្តថា ប្រទេសចិនប្រថុយនឹងការធ្វើឱ្យដំណើរការស្ដារសេដ្ឋកិច្ចឡើងវិញធ្លាក់ចេញពីគន្លង លើកលែងតែការផ្តល់ប្រាក់កម្ចីធ្វើឡើងឱ្យបានទាន់ពេលវេលានិងសមស្របតាមតម្រូវការក្នុងពេលឆាប់ៗ។
លោក ជីវ៉េ ចាង (Zhiwei Zhang) ប្រធានសេដ្ឋវិទូនៅក្រុមហ៊ុន Pinpoint Asset Management បាននិយាយនៅក្នុងកំណត់ត្រាមួយថា កំណើនឥណទានមានភាពទន់ខ្សោយគ្មានអ្វីគួរឱ្យភ្ញាក់ផ្អើលឡើយ ពីព្រោះសូចនាករសេដ្ឋកិច្ចផ្សេងៗទៀត ដូចជាសន្ទស្សន៍អ្នកគ្រប់គ្រងការទិញ (PMI) និងការនាំចេញជាដើម ក៏បានបង្ហាញពីការចុះខ្សោយដែរ។
លោក ចាង បានបន្ថែមថា នេះហើយគឺជាមូលហេតុដែលធនាគារកណ្ដាលរបស់ចិនបានកាត់បន្ថយអត្រាការប្រាក់កម្ចីរយៈពេលខ្លី ហើយនេះគឺជាជំហានតូចមួយក្នុងទិសដៅត្រឹមត្រូវ។ លោក ចាង បានរំពឹងថានឹងមានសកម្មភាពផ្នែកគោលនយោបាយបន្ថែមទៀតនៅក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ។
ប្រទេសចិន ដែលមានសេដ្ឋកិច្ចធំបំផុតទី២ក្នុងពិភពលោក បានឃើញកំណើនលឿនជាងការរំពឹងទុកនៅក្នុងត្រីមាសទីមួយឆ្នាំនេះ ដោយបានស្ទុះងើបឡើងវិញក្រោយពីមានការរឹតបន្តឹងវិធានការប្រឆាំងជំងឺកូវីដរយៈពេល៣ឆ្នាំ។ ប៉ុន្តែការស្ដារសេដ្ឋកិច្ចឡើងវិញនេះហាក់មានភាពយឺតយ៉ាវ ដោយសារកំណើនមិនស្មើគ្នា ជាក់ស្ដែងវិស័យសេវាកម្មមានដំណើរការល្អប្រសើរជាងវិស័យឧស្សាហកម្មនិងការនាំចេញ៕