
១) ជ្រើសរើសយកការងារដែលអ្នកមានឱកាសអភិវឌ្ឍសមត្ថភាព និងផ្តល់បទពិសោធន៍ល្អៗជាជាងជ្រើសរើសយកការងារដែលមានលំនឹងឬការងារដែលមានកុងត្រារយៈពេលវែង (Capacity development versus Job Security)។
ពោលគឺផ្តោតលើការងារណាដែលអាចជួយឲ្យអ្នកមានសមត្ថភាពពេញលេញ អាចក្លាយខ្លួនជាអ្នកធ្វើជំនួញឬជាអ្នកវិនិយោគបាននាពេលអនាគត។ អ្នកមិនគួរផ្តោតលើការងារដែលមានលំនឹងហើយគ្មានឱកាសរៀនសូត្រ ឬមានឱកាសរៀនសូត្រតិចតួចនោះទេ ព្រោះអ្វីដែលអ្នកត្រូវការគឺសមត្ថភាព ហើយមុន និងក្រោយ អ្នកនឹងប្រែក្លាយខ្លួនជាម្ចាស់ជំនួញឬអ្នកវិនិយោគ ដូច្នេះកុំខ្លាចបាត់បង់ការងារឬអត់ការងារធ្វើ។

២) ជ្រើសរើសការងារដែលផ្តល់ប្រាក់ខែខ្ពស់ជាជាងការងារដែលផ្តល់កញ្ចប់ផលប្រយោជន៍ច្រើន (High salary versus Good compensation package)។
អ្នកធ្វើការងារបណ្តើរឆ្លៀតធ្វើជំនួញ ឬវិនិយោគបណ្តើរដើម្បីទទួលបានបទពិសោធន៍ ដូច្នេះ អ្នកគួរផ្តោតយកការងារណាដែលមិនត្រឹមតែផ្តល់ឱកាសឲ្យអ្នកបានររៀនបទពិសោធន៍ល្អៗនោះទេ អ្នកក៏គួរផ្តោតលើការងារណាដែលទទួលបានប្រាក់ខែច្រើន ព្រោះបើទទួលបានប្រាក់ខែច្រើន អ្នកក៏អាចខ្ចីប្រាក់ពីធនាគារយកមកធ្វើជាដើមទុនបានច្រើនដែរ។
ពេលវាយតម្លៃកម្ចី ធនាគារគេមើលតែលិខិតបញ្ជាក់ប្រាក់ខែប៉ុណ្ណោះ គេមិនខ្វល់ថា ក្រុមហ៊ុនឬស្ថាប័នដែលអ្នកធ្វើការផ្តល់ធានារ៉ាប់រងសុខភាព សាហ៊ុយធ្វើដំណើរ ឬចំណាយបេសកកម្ម របបសាំង ឬឯកសណ្ឋានប៉ុន្មានកុំប្លេក្នុង១ឆ្នាំនោះទេ។ ម្យ៉ាង បើអ្នកចង់ច្នៃខ្លួនឲ្យក្លាយជាអ្នកធ្វើជំនួញឬជាអ្នកវិនិយោគ អ្នកមិនគួរគ្រាន់តែសម្លៀកបំពាក់ (ឯកសណ្ឋាន) និងផលប្រយោជន៍ទាំងនេះ ក៏ត្រូវការក្រុមហ៊ុនឬស្ថាប័នចាត់ចែងឲ្យដែរនោះទេ៕