ការបង្កើតកម្មវិធីនេះក៏ដើម្បីឆ្លើយតបនឹងកំណើនទេសចរជាតិនិងអន្តរជាតិ ដែលកំពុងបន្តកើនឡើងនៅក្នុងប្រទេសកម្ពុជាផងដែរ។
នេះជាលើកទី១ហើយដែលក្រសួងទេសចរណ៍បានរៀបចំកម្មវិធីនេះដែលជាផ្នែកមួយដើម្បីជំរុញឲ្យមានការចូលរួមក្នុងចលនាប្រឡងប្រណាំង«ទីក្រុងស្អាត» លើកទី០២ និងចលនា ប្រឡង ប្រណាំងទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី០១ ព្រមទាំងជំរុញការអនុវត្តស្តង់ដារ«បង្គន់សាធារណៈកម្ពុជា» និងស្តង់ដារ«បង្គន់សាធារណៈអាស៊ាន»។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ ចំពោះលក្ខខណ្ឌនៃការចូលរួមប្រឡងស្នាដៃស្ថាបត្យកម្មនេះគឺសម្រាប់តែនិស្សិតដែលកំពុងសិក្សានៅឆ្នាំទី៣និងទី៤ តាមសាកលវិទ្យាល័យនិងវិទ្យាស្ថានដែលមានជំនាញស្ថាបត្យកម្មឬជំនាញប្រហាក់ប្រហែលតែប៉ុណ្ណោះ ហើយការចុះឈ្មោះមានលក្ខណ:ជាក្រុមដែលមានសមាជិកពី២ទៅ៣នាក់។
ចាប់ទទួលពាក្យចាប់ពីថ្ងៃទី៣ ខែឧសភារហូតដល់ថ្ងៃទី២ខែមិថុនា ឆ្នាំ២០១៧នេះ។ ដាក់ពាក្យសុំប្រកួតប្រជែងស្នាដៃនៅគណ:កម្មាធិការជាតិវាយតម្លៃទីក្រុងស្អាតនៃក្រសួងទេសចរណ៍។
បើតាមក្រសួងទេសចរណ៍ គោលការណ៍បច្ចេកទេសនៃគម្រោងស្ថាបត្យកម្មបង្គន់សាធារណ: កម្ពុជានៅតាមទីក្រុង ទីប្រជុំជនត្រូវអនុវត្តតាមគោលការណ៍បច្ចេកទេសសោភ័ណភាពល្អ ព្រមទាំងបង្ហាញពីស្ថាបត្យកម្មបែបខ្មែរ ឬស្ថាបត្យកម្មបែបទំនើបឬស្ថាបត្យកម្មបែបសហស្សវត្ស និងគោរពនូវបទដ្ឋាននិងក្បួនខ្នាតច្បាស់លាស់។
ត្រូវយកចិត្តទុកដាក់អំពីការអភិវឌ្ឍបៃតង និងលក្ខណ:នៃបែបបទទូទៅនៃស្ថាបត្យកម្មទាក់ទងនឹងទីតាំងភូមិសាស្ត្រនៃតំបន់ទីក្រុង ឬទីប្រជុំជនដែលមិនប៉ះពាល់សោភ័ណភាពនៃតំបន់ភាពស៊ីសង្វាក់ជាមួយទិដ្ឋភាព បរិស្ថាននិងវប្បធម៌សង្គមជុំវិញ ព្រមទាំងប្រើនូវសម្ភារៈដែលគិតគូរខ្ពស់ពីបរិស្ថានទីក្រុងឬទីប្រជុំជន។
ចំពោះចំណាត់ថ្នាក់លេខ១ ទទួលបាន១លាន២សែនរៀល លេខ ១លានរៀល និងលេខ ៣ចំនួន ៨សែនរៀល៕