បើតាមក្រសួងការបរទេស បានបញ្ជាក់បន្ថែមថា កងកម្លាំងថៃ បានធ្វើសកម្មភាពរំលោភបំពានលើដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ដូចជា បានសាងសង់ប៉ុស្ដិ៍យាមសង្កេតការ សាងសង់ផ្លូវ សង់លេណដ្ឋាន និងបន្ដសកម្មភាពឈូសឆាយដីនៅទីតាំងមួយចំនួនទៀតផងដែរ។
កម្ពុជាចាត់ទុកសកម្មភាពរបស់កងកម្លាំងរបស់ថៃទាំងនេះ ជាការរំលោភលើការប្តេជ្ញាចិត្តរបស់ប្រទេសថៃផ្ទាល់ ក្រោមធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ជាពិសេសគោលការណ៍នៃការដោះស្រាយវិវាទ ដោយសន្ដិវិធី ការគោរពអធិបតេយ្យភាព និងការមិនប្រើប្រាស់កម្លាំងប្រឆាំងនឹងរដ្ឋមួយផ្សេងទៀត។
កម្ពុជាបដិសេធចំពោះការប៉ុនប៉ងណាមួយក្នុងការប្រើប្រាស់សកម្មភាពទាំងនេះថា ជាការការពារខ្លួន និងស្របតាមប្រការនានា ដែលមានចែងនៅក្នុងសេចក្ដីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥។
លើសពីនេះ រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់សារជាថ្មីថា កម្ពុជាមិនទទួលយកខ្សែបន្ទាត់ព្រំដែន ឬការទាមទារដីណាមួយ ដែលអះអាងឯកតោភាគីដោយប្រទេសថៃជាដាច់ខាត។ កម្ពុជាបានអំពាវនាវឱ្យប្រទេសថៃបញ្ឈប់រាល់សកម្មភាពឯកតោភាគី ដើម្បីបន្ថយភាពតានតឹង ពង្រឹងជំនឿជាក់ និងទំនុកចិត្តគ្នាទៅវិញទៅមក ព្រមទាំងរក្សាសន្ដិភាព ស្ថិរភាព និងភាពជាអ្នកជិតខាងល្អតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ៕