ធនាគារពិភពលោកបាននិយាយថា ទោះបីជាមិនមានវិបត្តិផ្សេងទៀតក៏ដោយ កំណើនសេដ្ឋកិច្ចសកលនៅឆ្នាំនេះ ត្រូវបានគេរំពឹងថានឹងធ្លាក់ចុះយ៉ាងខ្លាំង ដោយឆ្លុះបញ្ចាំងពីការរឹតបន្តឹងគោលនយោបាយហិរញ្ញវត្ថុដំណាលគ្នាក្នុងគោលបំណងទប់ទល់នឹងអតិផរណាខ្ពស់ ស្ថានភាពហិរញ្ញវត្ថុកាន់តែអាក្រក់ និងការរំខានបន្តមាន ពីការឈ្លានពានរបស់រុស្ស៊ីមកលើអ៊ុយក្រែន។
World Bank បន្តថា កិច្ចខិតខំប្រឹងប្រែងជាសកល និងតាមប្រទេសជាបន្ទាន់ គឺជារឿងចាំបាច់ ដើម្បីកាត់បន្ថយហានិភ័យនៃការធ្លាក់ចុះនេះ ក៏ដូចជាដោះស្រាយបញ្ហាបំណុលនៅក្នុងទីផ្សារប្រទេសកំពុងរីកចម្រើន និងសេដ្ឋកិច្ចប្រទេសកំពុងអភិវឌ្ឍន៍ ដែលកំណើនវិនិយោគត្រូវបានគេរំពឹងថានឹងនៅតែទាបជាងមធ្យមភាគនៃរយៈពេលពីរទសវត្សរ៍កន្លងមកនេះ។
ការទទូចរបស់ធនាគារពិភពលោក ធ្វើឡើងក្រោយធនាគារកណ្តាលមកពីជុំវិញពិភពលោកបានដាក់ចេញគោលនយោបាយស្រដៀងៗគ្នា ដោយពួកគេដំឡើងអត្រាការប្រាក់គោលយ៉ាងចាស់ ដៃតែម្តងដើម្បីបន្ធូរបន្ថយសម្ពាធតម្លៃទំនិញ ខណៈដែលរដ្ឋាភិបាលផ្តលើប្រាក់គាំទ្រអាជីវកម្ម និងគ្រួសារ និងដើម្បីការរក្សាតម្លៃថាមពល។
សូមជម្រាបថា World Bank មិនមែនជាស្ថាប័នអន្តរជាតិតែមួយ ដែលបានព្រមានសេដ្ឋកិច្ចសកលឆ្នាំ២០២៣នេះឡើយ។ នាយិកាមូលនិធិរូបិយវត្ថុអន្តរជាតិ IMF លោកស្រី Kristalina Georgieva បានព្រមានកាលពីពេលថ្មីៗនេះថា ពិភពលោកនឹងប្រឈមមុខនឹងពេលវេលាដ៏លំបាកក្នុងឆ្នាំ២០២៣នេះ ហើយតឹងតែងជាងឆ្នាំកន្លងទៅមុនៗទៀត។ មួយភាគបីនៃសេដ្ឋកិច្ចពិភពលោកនឹងធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ច ដោយសារតែសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងចិនកំពុងធ្លាក់ចុះក្នុងពេលដំណាលគ្នា៕