
ការកើនឡើងនេះបានចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសក៏ដូចជាបង្កើតការងារដល់ប្រជាជនកម្ពុជាជាច្រើនផងដែរ។
សម្រាប់១ឆ្នាំពេញ២០១៦ កម្ពុជាទទួលទឹកប្រាក់ពីការវិនិយោគផ្ទាល់ពីបរទេស (FDI) សរុបជាង២ពាន់លានដុល្លារអាមេរិក។ ក្នុងនោះ ប្រទេសចិនវិនិយោគនៅកម្ពុជា វ៉ាដាច់គេ ដែលមានទឹកប្រាក់ចំនួនប្រមាណ ៥១១លានដុល្លារ ហុងកុងឈរនៅលំដាប់ថ្នាក់ទី២ ដែលមានទឹកប្រាក់វិនិយោគចំនួន ២៣៧លានដុល្លារ និងប្រទេសវៀតណាមជិតខាងកម្ពុជា ស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ៣ ដែលមានទឹកប្រាក់វិនិយោគ ១៩២លានដុល្លារ។ នេះបើយោងតាមរបាយការណ៍ការពីធនាគារជាតិនៃកម្ពុជាដែលទើបតែចេញផ្សាយថ្មីៗនេះ។
ការប៉ាន់ស្មានអំពីវិនិយោគផ្ទាល់ពីក្រៅប្រទេសដែលធនាគារជាតិបានបង្ហាញនៅក្នុងរបាយការណ៍ប្រចាំឆ្នាំ២០១៦ និងទិសដៅឆ្នាំ២០១៧ លំហូរទុនវិនិយោគផ្ទាល់ពីបរទេសភាគច្រើន បំផុតគឺជាការវិនិយោគទៅលើវិស័យហិរញ្ញវត្ថុ មាន ២៥ ភាគរយ ដែលមានទឹកប្រាក់ ៥៣៩លានដុល្លារ វិស័យកម្មន្តសាល ១៨ភាគរយ ជាមួយទឹកប្រាក់ ៤០០លានដុល្លារ វិស័យអចលនទ្រព្យ ១៣ភាគរយ មានទឹកប្រាក់ ៣៧០លានដុល្លារ និងវិស័យកសិកម្ម ១១ភាគរយ ដែលមានទឹកប្រាក់ ២៣២លានដុល្លារ។

ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិកម្ពុជា បានមានប្រសាសន៍ថា វិស័យធនាគារនិងហិរញ្ញវត្ថុ នៅកម្ពុជាបន្តរីកចម្រើនប្រកបដោយភាពរឹងមាំ កាលពីនៅក្នុងឆ្នាំ២០១៦ ប្រាក់បញ្ញើនៅក្នុងវិស័យនេះបានកើនដល់ ៦៤ភាគរយ នៃ ផសស (ផលិតផលក្នុងស្រុកសរុប) ខណៈឥណទានទៅកាន់វិស័យឯកជនបានកើនដល់ ៧១ភាគរយ។
សូមជម្រាបថា ការវិនិយោគផ្ទាល់ពីបរទេសនៅក្នុងវិស័យហិរញ្ញវត្ថុមានទំហំធំជាងគេបង្អស់ ពិសេសវិស័យធនាគារបានកើនឡើងជិត៥ភាគរយ ដោយសារការបង្កើនទុនរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ខណៈការវិនិយោគនៅក្នុងវិស័យកម្មន្តសាលដែលជាប្រភពលំហូរវិនិយោគធំទី២ បានថយចុះ ជាង១៣ ភាគរយ។
លំហូរវិនិយោគផ្ទាល់ពីបរទេសភាគច្រើនទទួលបានពីប្រទេសក្នុងតំបន់អាស៊ី ដែលមានរហូតដល់៨២ភាគរយ។ ឱនភាពគណនីចរន្ត ត្រូវបានផាត់ទាត់ទាំងស្រុងដោយលំហូរចូលសមតុល្យគណនីដើមទុន និងហិរញ្ញវត្ថុ ដែលមានសមាមាត្រ ១៣ភាគរយ នៃផលទុនសរុបក្នុងស្រុក ដោយទ្រទ្រង់ជាចំបងដោយវិនិយោគផ្ទាល់ពីបរទេសមានជាង១០ភាគរយ៕