ទីភ្នាក់ងារព័ត៌មាន រ៉យទ័រ ដែលបានទទួលសេចក្ដីថ្លែងការណ៍ដែលចុះហត្ថលេខាដោយមេទ័ពកំពូលៗរបស់ប្រទេសចំនួន ១២ មកពីជុំវិញពិភពលោក ក្នុងនោះរួមទាំងប្រទេសក្នុងតំបន់អាស៊ី និងអឺរ៉ុបផងនោះ បានផ្សាយថា ការថ្កោលទោសនេះកើតឡើងបន្ទាប់ពីមានសេចក្ដីរាយការណ៍ព័ត៌មានដែលនិយាយថា កងកម្លាំងប្រដាប់អាវុធភូមា (មីយ៉ាន់ម៉ា) បានសម្លាប់ប្រជាជនជាង ១១០នាក់ កាលពីថ្ងៃសៅរ៍ ចុងសប្ដាហ៍នេះ នៅចំថ្ងៃទិវាកងទ័ពរបស់ភូមា ។
សេចក្ដីថ្លែងការណ៍សរសេរថា «ក្នុងនាមជាមេទ័ពកំពូល យើងថ្កោលទោសការប្រើប្រាស់កម្លាំងផ្ដាច់ផ្ដិលជីវិតទៅលើប្រជាជនស៊ីវិលដែលគ្មានអាវុធ ពីសំណាក់កងកម្លាំងប្រដាប់អាវុធមីយ៉ាន់ម៉ា និងកម្លាំងសន្តិសុខពាក់ព័ន្ធដទៃទៀត ។ យោធាដែលមានវិជ្ជាជីវៈ ត្រូវគោរពក្រមប្រតិបត្តិអន្តរជាតិ និងទទួលខុសត្រូវការពារប្រជាជនដែលខ្លួនបម្រើ មិនមែនធ្វើទុក្ខទោសដល់ប្រជាជននោះទេ ។»
សេចក្ដីថ្លែងការណ៍បន្តទៀតថា «យើងទាមទារឲ្យកងកម្លាំងប្រដាប់អាវុធមីយ៉ាន់ម៉ា បញ្ឈប់នូវអំពើហិង្សា និងធ្វើការងារដើម្បីស្ដារការគោរពនិងការជឿទុកចិត្តជាមួយប្រជាជនមីយ៉ាន់ម៉ាឡើងវិញ ។»
សេចក្ដីថ្លែងការណ៍ថ្កោលទោសខាងលើនេះ ចុះហត្ថលេខាដោយមេទ័ពកំពូលៗ មកពីសហរដ្ឋអាមេរិក, អូស្ត្រាលី, កាណាដា, ដាណឺម៉ាក, អាល្លឺម៉ង់, ក្រិច, អ៊ីតាលី, ជប៉ុន, ហុល្លង់, ញូវហ្ស៊ីលែន, កូរ៉េខាងត្បូង, និងចក្រភពអង់គ្លេស ៕