ការបើកស្ថានីប្រេងឥន្ធនៈថ្មីទាំង៤នេះ កត់សម្គាល់ឱ្យឃើញពីការរីកចម្រើនរបស់ក្រុមហ៊ុន ក្នុងការពង្រីកអាជីវកម្មដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ព្រមគ្នាជាមួយការប្រារព្ធខួបលើកទី២៥របស់ខ្លួន ដែលមានវត្តមាននៅប្រទេសកម្ពុជា។
ស្ថានីយទាំងនេះមានទីតាំងយុទ្ធសាស្រ្តដ៏ទាក់ទាញ ស្ថិតនៅក្នុងតំបន់ជ្រោយចង្វារ ចម្ការដូង ទួលស្វាយព្រៃ និងបឹងត្របែក។ ស្ថានីយប្រេងឥន្ធនៈទាំងអស់ស្ថិតនៅលើផ្លូវធំៗ ដែលផ្តល់ភាពងាយស្រួលក្នុងការធ្វើ ដំណើរចូលស្ថានីយ។ ក្រៅពីស្ថានីយប្រេងឥន្ធនៈ តូតាល់ ក៏មានផ្តល់ជូននូវសេវាកម្មបន្ថែមជាច្រើនប្រភេទទៀត ដូចជា ហាងកាហ្វេ និងហាងទំនិញ Bonjour ទីតាំងប្តូរប្រេងម៉ាស៊ីនជាដើម។ល។
លោក Asif Iqbal នាយកគ្រប់គ្រងក្រុមហ៊ុន តូតាល់ កម្ពុជា បានមានប្រសាសន៍ថា «ដើម្បីអបអរប្រតិបត្តិការដ៏អស្ចារ្យរយៈពេល ២៥ឆ្នាំរបស់យើងខ្ញុំ នៅប្រទេសកម្ពុជា យើងប្រារព្ធពិធីបើកសម្ពោធស្ថានីយ ប្រេងឥន្ធនៈថ្មីចំនួន ៤កន្លែងដំណាលគ្នា ក្នុងមួយថ្ងៃពេញ។ ការបើកស្ថានីយទាំងនេះ ស្របទៅនឹងតម្រូវការអតិថិជនរបស់យើង ដែលតែងតែចង់ឱ្យមានស្ថានីយច្រើនកាន់តែខិតជិតទៅនឹងលំនៅដ្ឋាន និងកន្លែង ធ្វើការរបស់ពួកគេ។ ក្រុមហ៊ុនយើងកំពុងពន្លឿនកម្មវិធីអភិវឌ្ឍន៍ខ្លួន ហើយឆាប់ៗនេះ យើងនឹងអាចបម្រើអតិថិជនកាន់តែច្រើននៅតាមបណ្តាខេត្តក្រុងនានាផងដែរ។»
ក្រុមហ៊ុន តូតាល់ កម្ពុជា បានប្រតិបត្តិការជាផ្លូវការនៅកម្ពុជាតាំងពីឆ្នាំ១៩៩៣មកម្ល៉េះ បើទោះបីជាក្រុមហ៊ុនមានវត្តមាននៅកម្ពុជាអស់រយៈពេលជាង ៧០ឆ្នាំហើយក្តី។
នៅទូទាំងប្រទេស បច្ចុប្បន្ន តូតាល់ មានផលិតផលនិងសេវាកម្មជាច្រើនរួមមាន ស្ថានីយប្រេងឥន្ធនៈចំនួន ៧៥កន្លែង សម្រាប់ប្រេងឥន្ធនៈតាមដងវិថីនានា (ប្រេងសាំង និងម៉ាស៊ូត) និង ហាងទំនិញ ៣០កន្លែង (ហាងBonjour) ប្រេងឥន្ធនៈសម្រាប់វិស័យឧស្សាហកម្ម ប្រេងឥន្ធនៈអាកាសចរណ៍ និងប្រេងរំអិល៕