ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍នៅថ្ងៃទី១២ ខែវិច្ឆិកា ថា ក្រុមរដ្ឋមន្ត្រីការបរទេស G7 បានចេញសេចក្តីថ្លែងការណ៍រួមកាលពីយប់ថ្ងៃទី១១ ខែវិច្ឆិកា ក្រោយកិច្ចប្រជុំនៅទីក្រុងប៉ារីស ដោយសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពរបស់ចិន នៅដែនទឹកភាគខាងកើតកោះតៃវ៉ាន់។ ចាប់តាំងពីខែមិថុនា មក ចិន បានបង្កើនការល្បាតតាមដែនសមុទ្រក្បែរកោះតៃវ៉ាន់ តាមរយៈកងកម្លាំងឆ្មាំសមុទ្រ។ មន្ត្រីជាន់ខ្ពស់កោះតៃវ៉ាន់យល់ថា សកម្មភាពទាំងនេះអាចជាផ្នែកមួយ នៃការហ្វឹកហាត់ ដើម្បីត្រៀមបិទខ្ទប់ផ្លូវសមុទ្ររបស់កោះនេះ ដោយប្រើប្រាស់កម្លាំងយោធា កម្លាំងពាក់កណ្តាលយោធា និងកម្លាំងស៊ីវិលរួមបញ្ចូលគ្នា។
នៅក្នុងសេចក្តីថ្លែងការណ៍រួមរបស់ខ្លួន G7 បានបញ្ជាក់ជាថ្មីនូវការប្រឆាំងចំពោះរាល់ការប៉ុនប៉ងផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្នដោយឯកតោភាគីរបស់ចិន ជាពិសេសតាមរយៈការប្រើប្រាស់កម្លាំង ការបង្ខិតបង្ខំ ឬការគំរាមកំហែងដោយកម្លាំងយោធា។ ជាមួយគ្នានេះ ការិយាល័យប្រធានាធិបតីតៃវ៉ាន់ បានស្វាគមន៍ចំពោះជំហររបស់ G7 និងបានបញ្ជាក់ថា កោះតៃវ៉ាន់នឹងបន្តពង្រឹងសមត្ថភាពការពារខ្លួន ព្រមទាំងពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិ ដើម្បីរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។
ទោះជាយ៉ាងណា ចំពោះជំហររបស់ G7 លោក ស៊ី ជីនពីង ប្រធានាធិបតីចិន បានបញ្ជាក់កាលពីថ្ងៃទី១២ ខែវិច្ឆិកា ថា ការបង្រួបបង្រួមកោះតៃវ៉ាន់ជាមួយចិនដីគោក គឺជានិន្នាការប្រវត្តិសាស្ត្រ ដែលមិនអាចរារាំងបាន។ លោក បានប្តេជ្ញាជំរុញការបង្រួបបង្រួមដោយសន្តិវិធី ប៉ុន្តែមិនបានបញ្ជាក់ពីការប្រើប្រាស់កម្លាំងយោធានោះទេ។ ការប្រកាសជំហរបែបនេះ កើតឡើងត្រឹមមួយសប្តាហ៍មុនកិច្ចប្រជុំកំពូល APEC នៅទីក្រុងសិនជិន ដែលលោក ស៊ី គ្រោងជួបជាមួយប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ ជាថ្មីម្តងទៀត។
ស្ថានការណ៍នេះបង្ហាញថា បញ្ហាកោះតៃវ៉ាន់ នៅតែជាចំណុចក្តៅ នៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរវាងចិន និងបណ្តាប្រទេសលោកខាងលិច ខណៈសហគមន៍អន្តរជាតិ កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះការវិវត្ត នៃភាពតានតឹងនេះ៕
អត្ថបទៈ សួន ឡង់ទី