កាសែត The Nation បានរាយការណ៍កាលពីថ្ងៃទី១១ ខែវិច្ឆិកា ថា លទ្ធផលស្ទង់មតិ ដែលធ្វើឡើងចន្លោះពីថ្ងៃទី២១ ខែតុលា ដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយសារព័ត៌មានសេដ្ឋកិច្ចដ៏ល្បីឈ្មោះមួយរបស់ថៃ បានបង្ហាញពីការធ្លាក់ចុះទំនុកចិត្តរបស់មេដឹកនាំធុរកិច្ចចំពោះទិសដៅសេដ្ឋកិច្ចរបស់រដ្ឋាភិបាល ដែលដឹកនាំដោយនាយករដ្ឋមន្ត្រី អានុទីន ឆានវីរៈគុល។ ជាក់ស្តែងអ្នកចូលរួមក្នុងការស្ទង់មតិបានផ្តល់ពិន្ទុជាមធ្យមត្រឹមតែ៤លើ១០ប៉ុណ្ណោះចំពោះសមិទ្ធផលសេដ្ឋកិច្ចរបស់រដ្ឋាភិបាលថៃក្នុងរយៈពេល១២ខែចុងក្រោយនេះ។ តួលេខនេះឆ្លុះបញ្ចាំងពីការមិនទាន់មានទំនុកចិត្តខ្ពស់របស់វិស័យធុរកិច្ចចំពោះសមត្ថភាពរបស់រដ្ឋាភិបាលក្នុងការជំរុញកំណើនសេដ្ឋកិច្ច។
លទ្ធផលស្ទង់មតិដដែល ក៏បានបង្ហាញពីក្តីបារម្ភចំពោះអន្ទាក់ចំណូលមធ្យម ដែលជាបញ្ហារ៉ាំរ៉ៃរបស់ប្រទេសថៃអស់រយៈពេលជាយូរមកហើយ។ បញ្ហានេះនឹងកាន់តែស្មុគស្មាញ ខណៈតម្រូវការក្នុងស្រុកបន្តចុះខ្សោយ បទប្បញ្ញត្តិ និងច្បាប់មួយចំនួនហួសសម័យ ព្រមទាំងកង្វះខាតកម្លាំងពលកម្ម កំពុងក្លាយជាកត្តារារាំងដល់សមត្ថភាពប្រកួតប្រជែង និងការពង្រីកសេដ្ឋកិច្ចរបស់ថៃ។ ចំពោះទស្សនវិស័យកំណើនសេដ្ឋកិច្ចឆ្នាំ២០២៧ អ្នកធុរកិច្ចចំនួនជាង៤២%រំពឹងថា ផលិតផលក្នុងស្រុកសរុបរបស់ថៃនឹងកើនឡើងក្នុងរង្វង់១,១% ដល់២% ខណៈជាង១២% រំពឹងថា កំណើននឹងមានចន្លោះពី០%ដល់១% ខណៈអ្នកឆ្លើយសំណួរចំនួន ១០% ព្យាករថា សេដ្ឋកិច្ចថៃអាចធ្លាក់ចុះនៅឆ្នាំក្រោយ។
ក្នុងចំណោមហានិភ័យសេដ្ឋកិច្ចដែលត្រូវបានលើកឡើង បញ្ហាបំណុលគ្រួសារ និងការធ្លាក់ចុះអំណាចទិញក្នុងស្រុក គឺជាក្តីបារម្ភធំបំផុត ដោយមានអ្នកចូលរួមរហូតដល់ជិត៨៤% បានចាត់ទុកកត្តាទាំងនេះជាហានិភ័យសំខាន់ចំពោះសេដ្ឋកិច្ច។ ក្រៅពីនេះ ភាពមិនច្បាស់លាស់នៃស្ថានការណ៍នយោបាយ និងអស្ថិរភាព នៃគោលនយោបាយរដ្ឋាភិបាល ក៏ជាបញ្ហាដែលធ្វើឱ្យវិស័យធុរកិច្ចព្រួយបារម្ភផងដែរ ដោយមានអ្នកឆ្លើយសំណួរចំនួន៤៥% បានលើកឡើងពីកត្តានេះ។ ជាមួយគ្នានេះការកើនឡើងថ្លៃថាមពល និងអគ្គិសនី ភាពតានតឹងភូមិសាស្ត្រនយោបាយ និងការហូរចូលនៃទំនិញតម្លៃទាបពីប្រទេសចិន ក៏ជាក្តីបារម្ភសម្រាប់អ្នកធុរកិច្ចផងដែរ។
អ្វីដែលកាន់តែគួរឱ្យកត់សម្គាល់ គឺទំនុកចិត្តរបស់មេដឹកនាំធុរកិច្ចចំពោះទស្សនវិស័យសេដ្ឋកិច្ចថៃក្នុងរយៈពេល៣ឆ្នាំខាងមុខទទួលបានពិន្ទុជាមធ្យមត្រឹមតែ៤លើ១០ប៉ុណ្ណោះ។ ការស្ទង់មតិនេះមិនត្រឹមតែបង្ហាញពីការព្រួយបារម្ភចំពោះកំណើនសេដ្ឋកិច្ចក្នុងរយៈពេលខ្លីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីមន្ទិលសង្ស័យរបស់អ្នកធុរកិច្ចចំពោះទិសដៅ និងយុទ្ធសាស្ត្រសេដ្ឋកិច្ចរយៈពេលវែងរបស់រដ្ឋាភិបាល ដែលដឹកនាំដោយលោក អានុទីន ឆានវីរៈគុល ផងដែរ៕
អត្ថបទៈ សួន ឡង់ទី