យោងតាមក្រសួងអប់រំ និងបណ្តុះបណ្តាលវៀតណាម បានឱ្យដឹងថា លក្ខខណ្ឌតម្រូវថ្មីនេះនឹងចូលជាធរមាននៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៦ ក្រោមកម្មវិធីជំរុញការប្រើប្រាស់ភាសាអង់គ្លេស នៅតាមគ្រឹះស្ថានអប់រំទូទាំងប្រទេស។ ក្រសួងអប់រំវៀតណាម បានកំណត់កម្រិតវាយតម្លៃចំនួន៣ សម្រាប់ស្ថាប័នអប់រំរាប់ចាប់ពីសាលាមត្តេយ្យរហូតដល់សាកលវិទ្យាល័យ។
ដើម្បីទទួលបានកម្រិតទី១ ឬកម្រិតទី២ សាលារៀនត្រូវមាននាយក ឬនាយករងយ៉ាងហោចណាស់ម្នាក់ ដែលមានសមត្ថភាពអាចទំនាក់ទំនងជាភាសាអង់គ្លេស ដោយផ្ទាល់ជាមួយជនបរទេស។ ចំណែកកម្រិតខ្ពស់បំផុត គឺកម្រិតទី៣ តម្រូវឱ្យមានថ្នាក់ដឹកនាំសាលាយ៉ាងហោចណាស់ពីរនាក់ដែលមានសមត្ថភាពនិយាយភាសាអង់គ្លេសស្ទាត់ជំនាញ។
ក្រៅពីនេះ សាលារៀនក៏នឹងត្រូវវាយតម្លៃលើចំណុចសំខាន់ៗចំនួន៦ផងដែរ រួមមាន បរិយាកាសប្រើប្រាស់ភាសាអង់គ្លេស ផែនការបង្រៀន សម្ភារសិក្សា ការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI និងបច្ចេកវិទ្យាឌីជីថល ព្រមទាំងសមត្ថភាពភាសាអង់គ្លេសរបស់គ្រូបង្រៀន និងសិស្ស។
សូមបញ្ជាក់ថា រដ្ឋាភិបាលវៀតណាម បានអនុម័តកម្មវិធីនេះ កាលពីអំឡុងខែតុលា ឆ្នាំ២០២៥ ក្នុងគោលបំណងលើកកម្ពស់គុណភាពអប់រំភាសា និងត្រៀមសិស្សឱ្យមានសមត្ថភាពប្រកួតប្រជែង និងធ្វើសមាហរណកម្មជាមួយអន្តរជាតិ។ ក្រោមកម្មវិធីនេះ ភាសាអង់គ្លេសនឹងក្លាយជាមុខវិជ្ជាចាំបាច់ចាប់ពីថ្នាក់ទី១នៅតាមសាលារៀនទូទៅទាំងអស់ ដោយមានគោលដៅធ្វើឱ្យសិស្សទូទាំងប្រទេសវៀតណាម ប្រើប្រាស់ភាសាអង់គ្លេសជាភាសាទី២ ត្រឹមឆ្នាំ២០៣៥៕
ដោយ: តែម សុខុម