ប្រទេសម៉ាឡេស៊ី បានចាប់ផ្តើមបិទខ្ទប់ប្រទេសកាលរពីថ្ងៃអង្គារទី១មិថុនាសប្តាហ៍នេះតទៅហើយ រហូតដល់ថ្ងៃទី១៤ខែមិថុនា ក្រោយពីរលកឆ្លងកូវីដ១៩នៅក្នុងប្រទេសមួយនេះ មិនបានបង្ហាញពីសញ្ញាថមថយសោះឡើយ។ ក្នុងនោះ បើនិយាយជារួម រោងចក្រសហគ្រាសផលិតយានយន្ត និងផលិតដែកថែប នឹងអនុញ្ញាតឲ្យបើកដំណើរការជាមួយនឹងកម្មករប្រមាណ ១០%ប៉ុណ្ណោះ នៃកម្មករសរុប ស្របពេលដែលរោងចក្រផលិតឧបករណ៍អេឡិចត្រូនិច និងថ្នាំពេទ្យអាចឲ្យកម្មករ ៦០%មកធ្វើការបាន។
ទន្ទឹមនឹងនេះ ក្រុមហ៊ុនជប៉ុន Toyota ក៏នឹងត្រូវផ្អាកផលិតកម្មព្រមទាំងដំណើរការលក់របស់ខ្លួនទាំងស្រុងតែម្តង ចាប់ពីថ្ងៃអង្គារទី១មិថុនា សប្តាហ៍នេះតទៅ។ ចំណែកឯ ក្រុមហ៊ុន Honda វិញក៏បាន ផ្អាកគម្រោងធំៗរបស់ខ្លួនចំនួនពីរ អំឡុងពេលបិទខ្ទប់នេះផងដែរ។
ទាក់ទងនឹងបញ្ហានេះ ខ្សែសង្វាក់ផ្គត់ផ្គង់ជុំវិញពិភពលោករបស់ Honda និង Toyota កំពុងរងការគម្រាមកំហែងខ្លាំងមែនទែន ដោយហេតុថា ម៉ាឡេស៊ីជាទីតាំងផលិតដ៏សំខាន់មួយសម្រាប់ទីផ្សារពិភពលោក និងជាពិសេសទីផ្សារក្នុងតំបន់អាស៊ី។
រោងចក្ររបស់ Honda នៅម៉ាឡេស៊ីអាចផលិតបានយានយន្តប្រមាណ ៥ម៉ឺនគ្រឿងក្នុងមួយឆ្នាំ ខណៈដែល Toyota អាចផលិតទោចក្រយានយន្តបានប្រមាណ ៣០ម៉ឺនគ្រឿង និងរថយន្តបានជាង ១០ម៉ឺនគ្រឿងក្នុងមួយឆ្នាំៗ។
សូមបញ្ជាក់ថា ករណីឆ្លងកូវីដ-១៩ ប្រចាំថ្ងៃនៅម៉ាឡេស៊ីបានកើនឡើងទ្វេដងបើធៀបនឹងប៉ុន្មានសប្តាហ៍កន្លងទៅ ពោលបើគិតជាមធ្យមម៉ាឡេស៊ីមានអ្នកឆ្លងថ្មីជាង ៧ពាន់៧រយនាក់ក្នុងមួយថ្ងៃ។ បច្ចុប្បន្ន ករណីវិជ្ជមានសរុបនៅម៉ាឡេស៊ីបានកើនដល់ជាង ៥៧ម៉ឺននាក់ហើយ ខណៈអ្នកស្លាប់មានជិត ២ពាន់៨រយនាក់៕