បើតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ ក្រុមហ៊ុនផលិតរថយន្ដដ៏ធំរបស់ពិភពលោកតូយ៉ូតា គឺត្រូវបានគេមើលឃើញថា គឺមានប្រៀបជាងគូប្រជែងរបស់ខ្លួនផ្សេងទៀតទាក់ទងនឹងការផលិតរថយន្ដ ដោយសារតែក្រុមហ៊ុននេះ មានបង្កើតឃ្លាំងស្តុកបន្ទះឈីបធំជាងគេមួយ ដែលស្ថិតក្រោមផែនការអាជីវកម្មរបស់ខ្លួន។ ប៉ុន្ដែ ដោយសារតែបញ្ហាឆ្លងរាតត្បាតកូវីដ-១៩កើនឡើងជាថ្មីនៅទូទាំងតំបន់អាស៊ី បានធ្វើឲ្យការផលិតឧបករណ៍គ្រឿងអេឡិចត្រូនិកមួយនេះ មានការធ្លាក់ចុះយ៉ាងខ្លាំង។
នាយកក្រុមហ៊ុនតូយ៉ូតា បាននិយាយថា គម្រោងកាត់បន្ថយការផលិតនៅខែកញ្ញា គឺមានរួមបញ្ចូលនូវរោងចក្រចំនួន១៥កន្លែងនៅក្នុងប្រទេសជប៉ុន និងប្រទេសផ្សេងៗទៀត ហើយការកាត់បន្ថយ ផលិតកម្មជាសកលនេះ គឺក្នុងមួយខែក្រុមហ៊ុននឹងបន្ថយការផលិតប្រមាណ ៣៦ម៉ឺនគ្រឿង។
ភាគហ៊ុនក្រុមហ៊ុនតូយ៉ូតា ក៏បានធ្លាក់ចុះ ៤,៤% ផងដែរក្រោយពីបង្ហាញពីផែនការកាត់បន្ថយផលិតកម្មសកលនេះ ដែលវាគឺជាការធ្លាក់ចុះប្រចាំថ្ងៃខ្លាំងជាងគេបំផុតគិតតាំងពីចុងឆ្នាំ២០១៨មក។
ក្រុមហ៊ុនតូយ៉ូតា បានបញ្ជាក់នៅក្នុងខែសីហានេះថា ខ្លួនកំពុងប្រឈមនឹងភាពមិនអាចព្យាករទុកមុនបានទាក់ទងនឹងបរិយាកាសអាជីវកម្ម ដោយសារតែកូវីដ-១៩នៅបន្ដរីករាលដាលឆ្លងថ្មីៗកាន់តែច្រើនឡើង នៅក្នុងប្រទេសកំពុងមានសេដ្ឋកិច្ចរីកចម្រើន គួបផ្សំនឹងបញ្ហាកង្វះបន្ទះឈីប និងតម្លៃវត្ថុធាតុដើមក៏ឡើងថ្លៃផងដែរ។
គួរបញ្ជាក់ថា នៅរយៈពេលកន្លងមកនេះ ក៏មានរោងចក្រមួយចំនួនរបស់តូយ៉ូតា ត្រូវបានបិទទ្វារផ្អាកដំណើរការ ដោយសារតែបញ្ហាកូវីដ១៩។ តួយ៉ាងនៅរយៈពេលជិត១ខែមកនេះ មានរោងចក្រតូយ៉ូតាខ្លះនៅជប៉ុនបានផ្អាកប្រតិបត្តិការ។ ក្រៅពីនេះ រោងចក្រតូយ៉ូតានៅប្រទេសចិននៅក្នុងខែសីហានេះ ក៏បានផ្អាកប្រតិបត្តិការដែរ ខណៈដែលកាលពីខែមុន រោងចក្ររបស់ក្រុមហ៊ុនយក្សជប៉ុនមួយនេះ ចំនួន៣កន្លែង ដែលមាននៅក្នុងប្រទេសថៃ ក៏ត្រូវបានបិទបណ្ដោះអាសន្នផងដែរ។ ការបិទទ្វាររោងចក្រទាំងនេះ គឺបណ្ដាលមកពីបញ្ហាខ្វះគ្រឿងបង្គុំសម្រាប់ការផលិត និងរងនូវវិធានការទប់ស្កាត់កូវីដ-១៩របស់អាជ្ញាធរ៕