ក្រុមហ៊ុន Toyota កំពុងកំណត់ការបញ្ជាទិញរថយន្ត Lexus នៅក្នុងប្រទេសជប៉ុន ខណៈការខ្វះខាតគ្រឿងបង្គុំ ដែលរួមមានឈីបជាដើម ហើយបញ្ហានេះ ត្រូវបានគេរំពឹងថា នឹងបន្តកើតឡើងនៅពេញមួយឆ្នាំ២០២៣នេះតែម្ដង ។ យ៉ាងណាមិញ Toyota មិនបានបង្ហាញពីចំនួនផលិតកម្មរថយន្ត Lexus ថា មានប៉ុន្មានគ្រឿងនោះទេ។
ការកំណត់ចំនួនបញ្ជាទិញរថយន្តរបស់ Toyota នេះ នឹងនាំឱ្យបាត់ឱកាសនៃការលក់ ហើយវាក៏ជារឿងដ៏កម្រសម្រាប់ក្រុមហ៊ុនផលិតរថយន្តផងដែរ ក្នុងការផលិតដោយកំណត់ចំនួនបែបនេះ។
សូមបញ្ជាក់ថា ក្រុមហ៊ុន Toyota បានកំណត់ការកម្មង់ទិញនេះ សម្រាប់រថយន្ត Lexus ចំនួន៩ម៉ូឌែលនៅក្នុងទីផ្សារប្រទេសជប៉ុនប៉ុណ្ណោះ។ ការកំណត់ចំនួននេះ ត្រូវបានធ្វើឡើងខុសៗគ្នាទៅតាមហាងលក់នីមួយៗ ហើយនៅពេលមានហាងណាលក់អស់ គឺហាងនោះមិនអាចកុម្មង់ទិញបន្ដបានទៀតឡើយ។ ជាមួយគ្នានេះ Toyota ក៏នឹងបង្កើតនូវប្រព័ន្ធដើម្បីចែកចាយព័ត៌មានអំពីកាលបរិច្ឆេទនៃការបញ្ជូនរថយន្តជាមួយនឹងហាងលក់នីមួយៗផងដែរ។
គួរឱ្យដឹងថា ការបញ្ជូនរថយន្តត្រូវបានពន្យារពេលដោយសារកង្វះខាតគ្រឿងបង្គុំ ជាពិសេស រថយន្តប្រណីត ដូចជាម៉ូឌែល Lexus នេះជាដើម គឺត្រូវប្រើប្រាស់បន្ទះឈីបច្រើន។ ជាក់ស្តែង រថយន្ត Lexus គឺត្រូវប្រើប្រាស់ឈីបច្រើនជាងរថយន្ត Toyota ម៉ូឌែលធម្មតាដល់រាប់រយដងឯណោះ។
បន្ទះឈីបត្រូវបានប្រើប្រាស់ ដើម្បីឱ្យក្រុមហ៊ុនផលិត អាចបំពាក់បច្ចេកវិទ្យាក្នុងរថយន្តបានសម្រាប់បំពាក់ប្រព័ន្ធ និងមុខងារទំនើបចុងក្រោយផ្សេងៗ។ ទន្ទឹមនឹងនេះ វារឹតតែដើរតួនាទីដ៏សំខាន់បំផុត ក្នុងការបំពាក់លើរថយន្តអគ្គិសនី ពោលគឺមានបង្កក្តីបារម្ភសម្រាប់អនាគតនៃចំនួនផលិតកម្មរថយន្តអគ្គិសនីផងដែរ។
ការលក់រថយន្តរបស់ Toyota នៅក្នុងប្រទេសជប៉ុន គិតពីខែមករា ដល់ វិច្ឆិកា ២០២២ បានធ្លាក់ចុះ ១៣% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ ប៉ុន្តែការលក់នៅក្រៅប្រទេសកើនឡើង ២%។ នោះក៏ដោយសារតែជប៉ុន គឺជាទីផ្សារនៃរថយន្តដែលបំពាក់បច្ចេកវិទ្យាខ្ពស់ៗ ដែលតម្រូវឱ្យមានការប្រើប្រាស់ឈីបច្រើន។
គួររំលឹកថា កាលពីចុងខែធ្នូកន្លងទៅ ក្រុមហ៊ុនយក្សជប៉ុន Toyota បានប្រកាសឱ្យដឹងថា ខ្លួនបានលក់រថយន្តជាង ៩លាន ៥៦ម៉ឺនគ្រឿង នៅទូទាំងពិភពលោក គិតពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២២ ដែលជាចំនួនច្រើនជាងគេបង្អស់ ហើយក៏ជាការបន្តនាំមុខលើទីផ្សារសាកលក្នុងរយៈពេល ៣ឆ្នាំជាប់ៗគ្នាផងដែរ។
សូមជម្រាបថា កង្វះខាតឈីបបានធ្វើឱ្យឧស្សាហកម្មរថយន្តសាកលធ្លាក់ចុះ ២ឆ្នាំមកហើយ។ តែយ៉ាងណា អ្នកជំនាញមកពី AutoForecast Solution បានរំពឹងថា ការផ្គត់ផ្គង់ឈីបនឹងកាន់តែប្រសើរឡើងវិញនៅឆ្នាំ២០២៣នេះ៕
អត្ថបទ ៖ នៅ សំភី