
លោក Chen Henry នាយកប្រតិបត្តិក្រុមហ៊ុន ហ្រ្គេន ធ្វីន អ៊ិនធើណេសិនណល (GTI) បានឱ្យដឹងថា មកទល់ពេលនេះ ក្រុមហ៊ុនរបស់លោកដែលមានកម្មករបម្រើការងារជាង៥ពាន់នាក់ពុំទាន់រងផលប៉ះពាល់ដល់ខ្សែច្រវាក់ផលិតកម្មដោយសារសម្ពាធពន្ធបដិការរបស់សហរដ្ឋអាម៉េរិក នៅឡើយទេ ខណៈទំនិញរហូតដល់២៥%នៃផលិតផលសរុបរបស់ក្រុមហ៊ុននឹងត្រូវនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិករហូតដល់ឆ្នាំ២០២៦។
អ្នកជំនួញរូបនេះជឿជាក់ថា ការដាក់ពន្ធរបស់លោក ដូណាល់ ត្រាំ លើប្រទេសចិន ដែលជាប្រភពផលិតដ៏ធំ នឹងធ្វើឱ្យមានការរុះរើខ្សែច្រវាក់ផលិតកម្មមួយចំនួនមកកាន់តំបន់អាស៊ីអាគ្នេយ៍។ ការណ៍នេះធ្វើឱ្យលោករំពឹងថា នៅក្នុងរយៈពេល៤ឆ្នាំនៃរដ្ឋបាលរបស់លោក ត្រាំ ផលិតផលរបស់កម្ពុជានឹងទទួលបានការបញ្ជាទិញថែមទៀត ហើយវាក៏ជាឱកាសសម្រាប់កម្ពុជា ក្នុងការទាក់ទាញវិនិយោគិនចិន ឱ្យមកបោះទុនវិនិយោគនៅកម្ពុជា ផងដែរ។ អ្នកជំនួញរូបនេះជឿជាក់ផងដែរថា តាមរយៈការរឹតបន្តឹងលើវិធានកំណត់ប្រភពដើមទំនិញនឹងធ្វើឱ្យក្រុមហ៊ុនលោកទទួលបានឱកាសកាន់តែច្រើនថែមទៀត។
ពាក់ព័ន្ធការរឹតបន្តឹងលើវិធានកំណត់ប្រភពដើមទំនិញនេះដែរ ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ជឿជាក់ថា ការរឹតបន្តឹងនេះនឹងជំរុញឱ្យក្រុមហ៊ុននានា បង្កើនការផលិតក្នុងស្រុក ដែលនឹងរួមចំណែកជួយលើកកម្ពស់សេដ្ឋកិច្ច និងសហគ្រាសនៅកម្ពុជា។
ដោយឡែក អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការសមាគមឧកញ៉ាកម្ពុជា កត់សម្គាល់ឃើញថា ការធ្វើពាណិជ្ជកម្មទ្វេភាគីកម្ពុជា និងសហរដ្ឋអាម៉េរិក នៅមួយរយៈពេលចុងក្រោយនេះមិនទាន់មានការប្រែប្រួលគួរឱ្យកត់សម្គាល់នោះទេ។ ប៉ុន្តែការប្រែប្រួលអាចនឹងកើតមានឡើងនៅក្រោយការពន្យារអនុវត្តពន្ធបដិការ៩០ថ្ងៃរបស់លោក ត្រាំ ត្រូវបានបញ្ចប់។ យ៉ាងណាក៏ដោយ អ្នកជំនួញរូបនេះជឿជាក់ថា ការរឹតបន្តឹងលើវិធានកំណត់ប្រភពដើមទំនិញនាំចេញនឹងបង្ហាញពីភាពស្មោះត្រង់ក្នុងការធ្វើពាណិជ្ជកម្មរបស់កម្ពុជា ជាមួយសហរដ្ឋអាម៉េរិក។
ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជា បានត្រៀមលក្ខណៈជានិច្ច ដើម្បីការពារផលប្រយោជន៍សេដ្ឋកិច្ច ពាណិជ្ជកម្មរបស់កម្ពុជា ដែលពឹងផ្អែកលើការនាំចេញ។ បើតាមសម្ដេចធិបតី ការរឹតបន្តឹងវិធានការចេញវិញ្ញបនបត្របញ្ជាក់ប្រភពដើមទំនិញសម្រាប់នាំចេញទៅសហរដ្ឋអាម៉េរិក គឺដើម្បីធានាពីភាពត្រឹមត្រូវ ក៏ដូចជាទប់ស្កាត់ការក្លែងបន្លំ និងការធ្វើពាណិជ្ជកម្មត្រឹមត្រូវ។
បើតាមការអះអាងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត កម្ពុជា កំពុងរង់ចាំការឆ្លើយតបក្នុងការចរចាពន្ធបដិការជាមួយសហរដ្ឋអាម៉េរិក ខណៈឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នឹងដឹកនាំក្រុមការងារ ដើម្បីពិភាក្សាជាមួយមន្រ្តីសហរដ្ឋអាម៉េរិក នាពេលខាងមុខ។
សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៤ កន្លងទៅ ការធ្វើពាណិជ្ជកម្មរបស់កម្ពុជា ជាមួយសហរដ្ឋអាម៉េរិក សម្រេចបានទំហំជាង១០ពាន់លានដុល្លារ កើនឡើងប្រមាណ១១% បើធៀបនឹងឆ្នាំ២០២៣ ក្នុងនោះកម្ពុជា នាំចេញទៅអាម៉េរិក មានទំហំជាង៩ពាន់៩រយលានដុល្លារ ខណៈកម្ពុជានាំចូលពីអាម៉េរិក មានទំហំជាង២៦០លានដុល្លារ៕
អត្ថបទ៖ បូ ដូឡា,រូបភាព ប៉ុក វន្ថា