បច្ចុប្បន្នការធ្វើតេស្តបើកបរលើផ្លូវដែកទាំងពីរខ្សែនេះទទួលបានជោគជ័យតាមបទដ្ឋានដែលបានកំណត់ ហើយនឹងគ្រោងដាក់ឱ្យដំណើរការឆាប់ៗនេះផងដែរ។ តើមានកត្តាអ្វីធ្វើឱ្យផ្លូវរថភ្លើងទាំងពីរខ្សែនេះ មានល្បឿនរត់ខុសគ្នាដល់ទៅជិត២ដងយ៉ាងដូច្នេះ?
ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ថា នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤នេះ រថភ្លើង៤គ្រឿងក្នុងចំណោម១១គ្រឿង ដែលក្រុមហ៊ុន Royal Railway Cambodia បានទិញពីជប៉ុនបានបើកបរតេស្តសាកល្បងជាថ្មីនៅលើផ្លូវដែកភាគខាងជើងភ្នំពេញ-ខេត្តកំពង់ឆ្នាំងចម្ងាយជាង៥៥គីឡូម៉ែត្រប្រកបដោយជោគជ័យ បន្ទាប់ពីការបើកបរតេស្តលើកទី១ លើផ្លូវដែកភាគខាងត្បូងខេត្តព្រះសីហនុ-ភ្នំពេញ កាលពីថ្ងៃទី៨ ខែមិថុនា ទទួលបានជោគជ័យ។ បើតាមមន្រ្តីជាន់ខ្ពស់រូបនេះ ក្រុមការងារបច្ចេកទេសនាយកដ្ឋានផ្លូវដែក នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានយកចិត្តទុកដាក់ចុះពិនិត្យតាមដានដំណើរការបើកតេស្តសាកល្បងនេះ គឺបន្ទាប់ពីកែសម្រួលប្រព័ន្ធហ្វ្រាំង និងទទឹងកង់ពីស្តង់ដារផ្លូវដែកជប៉ុនមកជាស្តង់ដាផ្លូវដែកកម្ពុជាបានរួចរាល់ចំនួន៤គ្រឿង។
យ៉ាងណាមិញ នៅពេលដាក់ឱ្យដំណើរការជាផ្លូវការ ឯកឧត្តម ផន រឹម អះអាងថា ក្រុមហ៊ុននឹងបែងចែកការបើកបរសម្រាប់អ្នកដំណើរជាពីរ ដោយក្នុងនោះផ្លូវរថភ្លើងភាគខាងត្បូងភ្នំពេញ-ព្រះសីហនុ តម្រូវឱ្យរត់៨០គីឡូម៉ែត្រក្នុងមួយម៉ោង និងសម្រាប់ផ្លូវរថភ្លើងភាគខាងជើងភ្នំពេញ-ប៉ោយប៉ែត តម្រូវឱ្យរត់ចន្លោះពី៣០-៥០ គីឡូម៉ែត្រក្នុងមួយម៉ោង។
ជុំវិញល្បឿនផ្លូវរថភ្លើងនេះដែរមានសាធារណជនមួយចំនួនបានចោទជាសំណួរថា ហេតុអ្វីផ្លូវរថភ្លើងទាំងពីរខ្សែនេះមានល្បឿនរត់ខុសគ្នាដល់ទៅជិត២ដងយ៉ាងដូច្នេះ? ឆ្លើយតបនឹងសំណួរនេះ កញ្ញា មុនី លិតា មន្ត្រីផ្នែកផ្សព្វផ្សាយនៃក្រុមហ៊ុន Royal Railway Cambodia បានឱ្យដឹងថា កត្តាដែលធ្វើឱ្យផ្លូវរថភ្លើងភាគខាងជើងភ្នំពេញ-ប៉ោយប៉ែត អាចរត់បានក្នុងល្បឿនចន្លោះពី៣០-៥០ គីឡូម៉ែត្រក្នុង១ម៉ោងនោះ គឺដើម្បីរក្សាសុវត្ថិភាព ដោយសារផ្លូវនៅភាគខាងជើងនេះមានឧបសគ្គច្រើន និងត្រូវឆ្លងកាត់ទីប្រជុំជនច្រើនជាដើម។
គួរជម្រាបថា ក្រុមការងារបច្ចេកទេសនាយកដ្ឋានផ្លូវដែកនៃក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន Royal Railway Cambodia បានពិនិត្យ និងសិក្សារួមគ្នាលើដំណើរការកង់ ប្រព័ន្ធហ្វ្រាំង ម៉ាស៊ីនត្រជាក់ ច្រកទ្វារសម្រាប់អ្នកដំណើរ ច្រកទ្វារសុវត្ថិភាព សម្ភារបរិក្ខារ និងការងារផ្សេងៗទៀត ដើម្បីប្រាកដថា មានសុវត្ថិភាពខ្ពស់សម្រាប់ដឹកជញ្ជូនអ្នកដំណើរ មុននឹងសម្រេចដាក់ឱ្យដំណើរការជាផ្លូវការនាពេលឆាប់ៗដ៏ខ្លីខាងមុខនេះ៕