នៅក្នុងបទសម្ភាសជាមួយប្រព័ន្ធផ្សព្វផ្សាយ Fox News កាលពីពេលថ្មីៗ បេក្ខជននាំមុខគេសម្រាប់តំណែងប្រធានាធិបតីអាម៉េរិកមកពីគណបក្សសាធារណរដ្ឋគឺលោក ដូណាល់ ត្រាំ បាននិយាយថា លោកនឹងបង្កើនការយកពន្ធប្រហែលជា៦០%ទៅលើប្រទេសចិន។ ទីផ្សារភាគហ៊ុនស្ទើរតែគាំងទៅហើយនៅពេលដែលគេបានប្រកាសថា លោក ត្រាំ បានឈ្នះការបោះឆ្នោតបឋមនៅរដ្ឋអាយអូវ៉ា (Iowa) ដ៏គួរឱ្យភ្ញាក់ផ្អើល។ ហើយបន្ទាប់មកនៅពេលដែលលោកបានឈ្នះនៅរដ្ឋញូវហេមសៀ (New Hampshire) ទីផ្សារភាគហ៊ុនបានធ្លាក់ចុះយ៉ាងខ្លាំង។
ឆ្លើយនឹងសំណួររបស់អ្នកសារព័ត៌មានដែលសួរថា ប្រសិនបើលោកជាប់ឆ្នោតមែន តើលោកនឹងពិចារណាពីការយកពន្ធ៦០%ទៅលើទំនិញនាំចូលមកពីប្រទេសចិនមែនឬ? លោក ត្រាំ បានឆ្លើយថា លោកនឹងមិនធ្វើបែបនេះទេ ប៉ុន្តែលោកនឹងប្រហែលជាយកច្រើនជាងនេះទៅទៀត។
លោក ត្រាំ គឺជាអ្នកនាំមុខគេសម្រាប់បេក្ខជនប្រធានាធិបតីក្នុងគណបក្សរបស់លោក ដើម្បីប្រជែងនឹងប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យរបស់លោក ចូ បៃដិន ក្នុងការបោះឆ្នោតនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ។
លោក ត្រាំ បានដាក់ពន្ធលើទំនិញរបស់ចិន ដែលមានតម្លៃរាប់រយពាន់លានដុល្លារក្នុងឆ្នាំ២០១៨ និងឆ្នាំ២០១៩ ចំពេលមានសង្រ្គាមពាណិជ្ជកម្មដ៏ជូរចត់រវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរនេះ។
ហើយរដ្ឋបាលរបស់លោក បៃដិន បានបន្តការយកពន្ធគយនេះ និងបានបន្ថែមការរឹតបន្តឹងថ្មីទៀតដោយបានហាមឃាត់ការនាំចេញបន្ទះឈីបទំនើបៗ និងឧបករណ៍សម្រាប់ផលិតបន្ទះឈីប ដោយលើកឡើងពីការព្រួយបារម្ភពីសន្តិសុខជាតិរបស់អាមេរិក ប៉ុន្តែពេលនេះតំណាងពាណិជ្ជកម្មអាមេរិកកំពុងពិនិត្យមើលពន្ធគយនេះឡើងវិញ។
លោក ត្រាំ បានលើកឡើងថា វាមិនមែនជាសង្រ្គាមពាណិជ្ជកម្មទេ ព្រោះថាលោកបានធ្វើរឿងដ៏ល្អអស្ចារ្យជាមួយនឹងប្រទេសចិនរួចទៅហើយ។ ដូច្នេះហើយពេលនេះលោកចង់ឱ្យប្រទេសចិន ធ្វើរឿងដ៏អស្ចារ្យទាំងនោះសម្រាប់លោកវិញម្ដង។ លោក ត្រាំ បានបន្ថែមថា លោកចូលចិត្តប្រធានាធិបតីចិនលោក ស៊ី ជីនពីង ខ្លាំងណាស់ ព្រោះលោក ស៊ី គឺជាមិត្តដ៏ល្អរបស់លោកក្នុងពេលលោក ត្រាំ ឡើងកាន់អំណាច៕
អត្ថបទ៖ សុខ ជា