លោក ដូណាល់ ត្រាំ បានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ក្នុងបទសម្ភាសមួយថា នៅពេលលោកឈ្នះការបោះឆ្នោត លោកនឹងផ្ដល់តំណែងដ៏សំខាន់មួយដល់លោក Elon Musk ប្រសិនបើកំពូលមហាសេដ្ឋីរូបនេះយល់ព្រមទទួលយក។
ប៉ុន្តែទន្ទឹមនេះ លោក ដូណាល់ ត្រាំ ដែលជាបេក្ខភាពប្រធានាធិបតីគណបក្សសាធារណរដ្ឋក៏បានលើកឡើងដែរថា លោកនឹងពិចារណាលុបចោលកម្មវិធីផ្ដល់ឥណទានពន្ធរថយន្តអគ្គិសនី ឬ EV Tax Credit ដែលមានទំហំទឹកប្រាក់៧.៥០០ដុល្លារ សម្រាប់ការទិញរថយន្តអគ្គិសនីថ្មីផងដែរ ដែលប្រការនេះអាចជះផលប៉ះពាល់ដល់អាជីវកម្មរបស់ក្រុមហ៊ុន Tesla ដែលលក់រថយន្តអគ្គិសនី។
ឥណទានពន្ធរថយន្តអគ្គិសនី ជាការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុដែលផ្តល់ដោយរដ្ឋាភិបាលដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋទិញ និងប្រើប្រាស់រថយន្តអគ្គិសនី។ ឥណទានពន្ធរថយន្តអគ្គិសនីមានគោលដៅកាត់បន្ថយថ្លៃដើម នៃរថយន្តអគ្គិសនីសម្រាប់អ្នកប្រើប្រាស់ និងដើម្បីគាំទ្រដល់ការផ្លាស់ប្តូរឆ្ពោះទៅរកមធ្យោបាយដឹកជញ្ជូនដែលមិនបង្កផលប៉ះពាល់ដល់បរិស្ថាន៕
ដោយ: តែម សុខុម