ឧកញ៉ា ស៊ិន ចន្ធី អគ្គនាយកក្រុមហ៊ុនឡាញហល អិចប្រេស បានវាយតម្លៃថា ការដឹកជញ្ជូនទំនិញតាមផ្លូវទឹករបស់កម្ពុជា នៅឆ្នាំ២០២៥ នៅតែរក្សាបានកំណើនវិជ្ជមាន ក្នុងនោះតម្លៃដឹកជញ្ជូនបានធ្លាក់ចុះបន្តិចបើធៀបនឹងឆ្នាំ២០២៤ ក្រោយតម្លៃប្រេង និងតម្លៃធានារ៉ាប់រងរបស់កប៉ាល់ ត្រូវបានដោះស្រាយបន្តិចម្តងៗ និងមានភាពធន់ទៅនឹងវិបត្តិនៅសមុទ្រក្រហម។ តែយ៉ាងណាអ្នកជំនាញរូបនេះបានវាយតម្លៃថា ការដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជា សម្រាប់ឆ្នាំ២០២៦ ទំនងអាចមានហានិភ័យមួយចំនួន ដែលត្រូវសម្របខ្លួន និងប្រុងប្រយត្ន័បន្ថែម ក្រោយសណ្ឋាប់ធ្នាប់ពិភពលោកស្ថិតក្នុងភាពមិនច្បាស់លាស់។ ម្យ៉ាងវិញទៀត ទោះបីបច្ចុប្បន្នអត្រាពន្ធ១៩% របស់សហរដ្ឋអាម៉េរិក ដាក់លើទំនិញកម្ពុជា មិនបានរាំងស្ទះដល់កំណើននាំចេញទំនិញរបស់កម្ពុជា ក៏ពិតមែន ប៉ុន្តែវាអាចជះឥទ្ធិពលមួយចំនួនដល់ថ្លៃដើមផលិត និងការប្រកួតប្រជែងនាពេលខាងមុខ។
មិនខុសគ្នានោះទេ លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា បានវាយតម្លៃថា នៅពេញមួយឆ្នាំ២០២៥ កន្លងទៅនេះ វិស័យដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជា នៅតែរក្សាបានភាពល្អប្រសើរទាំងសកម្មភាពដឹកជញ្ជូន និងតម្លៃដឹកជញ្ជូន បើទោះបីជាស្ថានភាពសេដ្ឋកិច្ចសកលស្ថិតក្នុងភាពមិនច្បាស់លាស់ រងការគំរាមកំហែងពីភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយសកល និងអត្រាពន្ធគយថ្មីរបស់សហរដ្ឋអាម៉េរិក យ៉ាងណាក្តី។ ការរក្សាបានកំណើនវិជ្ជមាននេះ ត្រូវបានជួយគាំទ្រដោយសារការរក្សាបាននូវភាពធន់នៃសេដ្ឋកិច្ចរបស់កម្ពុជា តាមរយៈការទទួលបានគម្រោងវិនិយោគថ្មីៗជាបន្តបន្ទាប់ ដែលជំរុញឱ្យការនាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិ មានការកើនឡើង។ តាមរយៈលទ្ធនេះ ប្រធានសមាគមរូបនេះ ជឿជាក់ថា វិស័យដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជានឹងនៅតែរក្សាបានកំណើនវិជ្ជមានបន្ថែមទៀតនៅក្នុងឆ្នាំ២០២៦។
គួរជម្រាបថា នៅក្នុងរយៈពេល១១ខែ ឆ្នាំ២០២៥ កំពង់ផែស្វយ័តក្រុងភ្នំពេញ ទទួលបានបរិមាណកុងតឺន័រឆ្លងកាត់សរុបជាង ៤៣ម៉ឺនTEUs កើនឡើងជាង២២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន និងរកចំណូលសរុបបានជាង៤៥លានដុល្លារ កើនឡើងជាង២០%៕