ដូច្នេះហើយ ទើបរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងធ្វើយ៉ាងណាពង្រីកបន្ថែមវិស័យនេះឲ្យកាន់តែមានភាពប្រទាក់ក្រឡា និងបង្កលក្ខណៈងាយស្រួលថែមទៀត។
តួយ៉ាង ក្រៅពីផ្លូវថ្នល់ ស្ពាន និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនផ្សេងទៀត ដែលជាសមិទ្ធផលរបស់រាជរដ្ឋាភិបាលកម្ពុជា ប្រព័ន្ធដឹកជញ្ជូនរបស់កម្ពុជាត្រូវបានរំពឹងថា នឹងកាន់តែវិវឌ្ឍទៅរកភាពល្អប្រសើរឡើង នៅពេលដ៏ខ្លីខាងមុខ ខណៈដែលគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗសំខាន់ៗចំនួន៣ សម្រាប់ការដឹកជញ្ជូនទំនិញជិតសាងសង់រួចរាល់ជាស្ថាពរ។ នេះបើតាមការអះអាងពីឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
កាលពីពេលថ្មីៗនេះ ឯកឧត្តមរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានលើកឡើងថា មិនយូរប៉ុន្មាននោះទេ ប្រព័ន្ធដឹកជញ្ជូនទំនិញរបស់កម្ពុជា នឹងវិវឌ្ឍទៅរកភាពល្អប្រសើរខ្លាំងជាងនេះទៀត មានភាពប្រទាក់ក្រឡា និងចំណាយថ្លៃសេវាកាន់តែតិចជាងមុន ក្រោយពីគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗចំនួន ៣ នឹងត្រូវបានសាងសង់រួចរាល់នាពេលខាងមុខនេះ ដែលគម្រោងទាំង ៣នោះ រួមមាន៖
គម្រោងផ្លូវដែកភ្នំពេញ-បាត់ដំបង
បន្ទាប់ពីគម្រោងផ្លូវដែកដែលតភ្ជាប់ពីភ្នំពេញ ទៅខេត្តព្រះសីហនុ ត្រូវបានដាក់ឲ្យដំណើរការរួចរាល់ មកទល់ពេលនេះ គម្រោងផ្លូវដែកពីភ្នំពេញ-បាត់ដំបង ក៏កៀកនឹងសាងសង់រួចរាល់ផងដែរ ពោលគឺគ្រោងនឹងបញ្ចប់រួចរាល់នៅចុងឆ្នាំនេះ។
ក្រោយពីមានវត្តមានរបស់ផ្លូវរថភ្លើងមួយនេះ គេរំពឹងថា ថ្លៃសេវាដឹកជញ្ជូននឹងចុះថោកជាងមុន ពិសេស ការដឹកជញ្ជូនស្រូវអង្ករតែម្ដង ដោយអ្នករកស៊ីក្នុងវិស័យនេះ លើកឡើងថា អាចនឹងចំណេញលើការដឹកជញ្ជូននេះ ប្រមាណ ១០ដុល្លារក្នុង១តោន បើធៀបនឹងការដឹកជញ្ជូនតាមឡាន។
លើសពីនេះ បើតាមគម្រោងរបស់រាជរដ្ឋាភិបាល គម្រោងផ្លូវដែកនេះ ក៏អាចនឹងតភ្ជាប់ពីកម្ពុជារហូតដល់ប្រទេសថៃផងដែរ ដែលវានឹងសម្រួលដល់ការដោះដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរកាន់តែប្រសើរឡើង។
កំពង់ផែសមុទ្រទឹកជ្រៅនៅខេត្តព្រះសីហនុ
បន្ទាប់ពីទទួលបានជំនួយថវិកា និងបច្ចេកទេសពី JICA គិតមកទល់ពេលនេះ គម្រោងផែទឹកជ្រៅនេះ បាននិងកំពុងស្ថិតក្នុងការសាងសង់នៅឡើយ ដែលគេរំពឹងថា អាចនឹងបញ្ចប់នៅមុនឆ្នាំ២០២២ ខាងមុខនេះ។
កំពង់ផែសមុទ្រថ្មីនេះ ក៏នឹងជួយដល់ការដឹកជញ្ជូនទំនិញធុនធ្ងន់បានកាន់តែច្រើនជាងមុន ខណៈដែលវាមានជម្រៅរហូតដល់ ១៤,៥ម៉ែត្រ ពោលគឺអាចឲ្យកប៉ាល់ខ្នាតយក្សៗ អាចចូលចតដឹកទំនិញកាន់តែងាយស្រួល និងរហ័សជាងមុន។
កំពង់ផែទឹកសាបនិងកំពង់ផែភ្នំពេញ
រាជរដ្ឋាភិបាលកំពុងសិក្សានិងគ្រោងពង្រីកបន្ថែមកំពង់ផែនៅតាមដងទន្លេមេគង្គ និងទន្លេសាប ដើម្បីសម្រួលដល់ការដឹកជញ្ជូនតាមផ្លូវទឹកឲ្យកាន់តែងាយស្រួល និងការពង្រីកសមត្ថភាពរបស់កំពង់ផែភ្នំពេញបន្ថែមទៀតលើការដឹកជញ្ជូនទំនិញចេញចូល ដោយច្រកជាបាវធំៗ ជំនួសដោយការដឹកទំនិញតាមកុងតឺនឺធំៗ។
តែយ៉ាងណា ឯកឧត្តម វង្សី វិស្សុត មិនបានបញ្ជាក់ថា គម្រោងសាងសង់កំពង់ផែទឹកសាប និងពង្រីកសមត្ថភាពកំពង់ផែភ្នំពេញនេះ នឹងត្រូវអភិវឌ្ឍរួចរាល់នៅពេលណានៅឡើយ។ ប៉ុន្ដែ នៅពេលដែលកំពង់ផែទឹកសាបតាមដងទន្លេនេះ ត្រូវបានសាងសង់រួចរាល់ គេជឿជាក់ថា វានឹងជួយដល់ចរន្ដនៃការដឹកជញ្ជូនទំនិញរបស់កម្ពុជាកាន់តែបើកចំហធំទូលាយ និងថ្លៃសេវានឹងថយចុះផងដែរ។
គួររំលេចដែរថា កន្លងមក ផលិតផល ឬទំនិញរបស់កម្ពុជា ពិសេស កសិផល ភាគច្រើនតែងប្រឈមនឹងការដឹកជញ្ជូនយឺតយ៉ាវ និងមានតម្លៃខ្ពស់។
ដូច្នេះហើយ ទើបធ្វើឲ្យទំនិញ ក៏ដូចជាកសិផលរបស់កម្ពុជា ហាក់លំបាកក្នុងការប្រកួតប្រជែងជាមួយបណ្ដាប្រទេសជិតខាង ដែលមានមធ្យោបាយដឹកជញ្ជូនសម្បូរបែប និងតម្លៃថោក។ យ៉ាងណាក៏ដោយចុះ ក្រោយពីគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗទាំង៣ខាងលើនេះ ត្រូវបានសាងសង់រួចរាល់ នោះកម្ពុជានឹងកាន់តែមានសក្ដានុពលក្នុងការប្រកួតប្រជែងលើទីផ្សារ ពិសេស នៅក្នុងតំបន់៕