ឧកញ៉ា ហាក់ លាងហ៊ ប្រធានសមាគមភស្តុភារកម្មកម្ពុជា បានគូសបញ្ជាក់ថា ការហក់ឡើង នៃតម្លៃប្រេងសាំង និងម៉ាស៊ូតកំពុងបង្កផលប៉ះពាល់ដល់វិស័យដឹកជញ្ជូន ខណៈមកដល់ពេលនេះការដឹកជញ្ជូនត្រូវបានដំឡើងថ្លៃចន្លោះពី២៥ ទៅ៣០% រួចទៅហើយ។ ចំពោះការឡើងថ្លៃប្រេងម៉ាស៊ូតដល់៧,១០០រៀលក្នុង១លីត្រនាពេលនេះ ត្រូវបានអ្នកជំនាញរូបនេះ លើកឡើងថា កំពុងបង្កបញ្ហាប្រឈមកាន់តែខ្លាំងថែមទៀត ហើយអ្នកដឹកជញ្ជូនអាចនឹងពិចារណាក្នុងដំឡើងថ្លៃថែមមួយកម្រិតទៀត ដើម្បីទប់ទល់នឹងបរិបទដ៏លំបាកនេះ។ បើតាមការអះអាងរបស់ប្រធានសមាគមរូបនេះ មកដល់ពេលនេះមានរថយន្តដឹកជញ្ជូនមួយចំនួនបានបង្ខំចិត្តបញ្ឈរថយន្តទុកចោលដោយសារមិនអាចទប់ទល់នឹងការខាតបង់ ហើយប្រសិនបើតម្លៃប្រេងម៉ាស៊ូតនៅតែបន្តកើនឡើងនោះការបញ្ឈររថយន្តចោលអាចនឹងមានចំនួនកាន់តែច្រើនថែមទៀត។
ស្រដៀងគ្នានេះ ឧកញ៉ា ស៊ិន ចន្ធី អគ្គនាយកក្រុមហ៊ុនឡាញហល អេចប្រេស បានគូសបញ្ជាក់ថា វិស័យដឹកជញ្ជូនប្រមាណ៩០% បានប្រើប្រាស់ប្រេងម៉ាស៊ូត ខណៈមកដល់ពេលនេះ តម្លៃប្រេងម៉ាស៊ូតបានហក់ឡើងខ្ពស់ជាងប្រេងសាំង និងឧស្ម័នហ្គាស ដែលកំពុងបង្កផលប៉ះពាល់ដល់រថយន្តដឹកទំនិញចន្លោះពី៣០ទៅ៥០%។ កត្តានេះកំពុងជំរុញឱ្យអ្នកប្រកបរបរដឹកជញ្ជូនពិចារណាក្នុងការដំឡើងថ្លៃ តែកំពុងជួបឧបសគ្គជាមួយម្ចាស់ទំនិញ ព្រោះការឡើងថ្លៃនឹងធ្វើឱ្យទំនិញពិបាកលក់នៅលើទីផ្សារ។
ជុំវិញបញ្ហានេះដែរ ឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានគូសបញ្ជាក់ថា ទោះបីជាការហក់ឡើងតម្លៃប្រេងម៉ាស៊ូត បានធ្វើឱ្យថ្លៃដឹកជញ្ជូនមានការកើនឡើង ហើយបានជះឥទ្ធិពលដល់តម្លៃមុខទំនិញមួយចំនួននៅលើទីផ្សារក៏ដោយ ប៉ុន្តែសម្រាប់ខ្សែច្រវាក់ផលិតកម្មក្នុងស្រុកនៅមិនទាន់មានផលប៉ះពាល់ធ្ងន់ធ្ងរគួរឱ្យព្រួយបារម្ភនោះទេ។
គួរបញ្ជាក់ថា កម្តៅសង្គ្រាមនៅមជ្ឈិមបូព៌ា និងការបិទខ្ទប់នាវាដឹកជញ្ជូននៅច្រកសមុទ្រ Hormuz បានជំរុញឱ្យតម្លៃប្រេងឥន្ធនៈនៅលើទីផ្សារអន្តរជាតិ និងនៅកម្ពុជា ហក់ឡើងខ្ពស់គួរឱ្យព្រួយបារម្ភ។ ជាក់ស្តែងចាប់ពីថ្ងៃទី២៦-២៨ ខែមីនា តម្លៃប្រេងសាំងធម្មតានៅកម្ពុជា បានឡើងដល់៥,៤៥០រៀល ខណៈប្រេងម៉ាស៊ូតបានហក់ឡើងដល់៧,១០០ រៀលក្នុងមួយលីត្រ៕
អត្ថបទ៖ បូ ដូឡា